ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចា​ទិញ​មិន​លក់​…​មាន​តែ​ព័ទ្ធ​របង​យក​ដោយ​​កម្លាំងប្រដាប់​អាវុធ

4 ឆ្នាំ មុន

ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​ចំនួន​៥​គ្រួសារ ក្នុងចំណោម​ ១០​គ្រួសារ ជួប​សម្ភាសន៍ «​កោះសន្តិភាព​»​បាន​ចោទប្រកាន់​ទៅ​លើ ក្រុមហ៊ុន​លោកឧកញ៉ា ឃុន…

ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​ចំនួន​៥​គ្រួសារ ក្នុងចំណោម​ ១០​គ្រួសារ ជួប​សម្ភាសន៍ «​កោះសន្តិភាព​»​បាន​ចោទប្រកាន់​ទៅ​លើ ក្រុមហ៊ុន​លោកឧកញ៉ា ឃុន សៀ ធ្វើ​របង​ដែក​ស័ង្កសី​ព័ទ្ធ​យក​ដីចម្ការ​តាម​មាត់ទន្លេ​ជា​កម្មសិទ្ធិ​របស់ ពួក​គាត់ ខណៈ​មិន​ទាន់​ទទួល​បានការ​ដោះស្រាយ​ត្រឹមត្រូវ​នៅឡើយ ព្រមទាំង​ឃើញ​មាន​កម្លាំងប្រដាប់អាវុធ​ដេក​ការពារ​របង​នេះ​ទៀត ។

បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​ទាំង​៥​គ្រួសារ​នោះ​ថា ដី​ដែល​ក្រុមហ៊ុន​លោក​ឧកញ៉ា ឃុន សៀ ធ្វើ​របង​ព័ទ្ធ​យក​នេះ​ក្នុង​មួយ​ក្បាលដី​មាន​ទំហំ​ស្មើគ្នា​ទាំងអស់ គឺ​ក្បាលដី​១១​ម៉ែត្រ បណ្តោយ​ជិត​៣០០​ម៉ែត្រ ដល់​ច្រាំង​មាត់ទន្លេ​មេគង្គ ដែល​ជា​ក្តី​សង្ឃឹម​សម្រាប់​ក្រុមគ្រួសារ​របស់​ពួក​គាត់​ទៅ​លើ​ការ​ដាំ​ដុះ​បង្កបង្កើន​ផល ដំណាំ​ដូច​ជា ចេក ល្ហុង បន្លែ​គ្រប់មុខ និង​ស្លឹកគ្រៃ ។​ល​។ មាន​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ ។

អ្នកស្រុក​ថា​ដី​នេះ ​បានជួយ​ផ្គត់ផ្គង់​ឱ្យ​កូនចៅ​បាន​រៀនសូត្រ​ផង​ដែរ​តាម​រយៈ​ការ​ដាំ​ដុះ ប៉ុន្តែ​ស្រប​ពេលដី​មានហាង ឆេង ក៏​មាន​ឈ្មួញកណ្តាល​២​ទៅ​៣​នាក់ បាន​មក​សួរ​ចែក​ទិញ​ដី​របស់​ពួក​គាត់ ។ ដោយ​ដំបូង​ឡើយ​មិន​ទាន់​ឈួ​ស​ឆាយ គឺ​ក្រុម​អ្នកស៊ីឈ្នួល​ឱ្យ​ឈ្មួញកណ្តាល​មក​ទិញ​ពួក​គាត់​ក្នុង​តម្លៃ​៣​មុ​ឺ​ន​ដុល្លារ តែ​ពួក​គាត់​មិន​លក់ ព្រោះ​គាត់​ដាំ​ដុះ​២០​ឆ្នាំ​មក​ហើយ ។ ក្រោយមក​ទៀត​ឱ្យ​៥០.០០០​ដុល្លារ ពួក​គាត់​ក៏​មិន ព្រម​​លក់​ព្រោះ​បាន​ថោក​ពេក ។

ម្ចាស់​ដី​និយាយ​ថា បន្ទាប់​មក​ក្រុមហ៊ុន​លោក​ឧកញ៉ា ឃុន សៀ បាន​ប្រើប្រាស់​គ្រឿងចក្រ​ទៅ​ឈួ​ស​ឆាយ​បំផ្លិចបំផ្លាញ​ផលដំណាំ រួច​ហើយ​ទើប​ហៅ​ពួក​គាត់​ទៅ​ចរចា​ឱ្យ​តម្លៃ​មួយ​ឡូត៍​ត្រឹមតែ​២៥.០០០​ដុល្លារ​វិញ ។ ដោយសារ​ពួក​គាត់​មិន​ព្រម​លក់ បែរជា​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ឃុន សៀ​នេះ ប្រើ​កម្មករ​ធ្វើ​របង​ដែក​ស័ង្កសីព័ទ្ធ​យក​ដី​ពួក​គាត់​ឆៅ​តែ​ម្តង និង​ថែម​ទាំង​ដាក់​កងកម្លាំងប្រដាប់អាវុធ​មាន​ប៉ូលិស ប៉េ​អឹ​ម​ជា​ច្រើន​នាក់ ឈរ​រារាំង​គំរាម​ចាប់ចង​មិន​ឱ្យ​ពួក​គាត់​ជា​ម្ចាស់​ដី​ចូល​ទៅ​មើល​ផលដំណាំ​បាន​ឡើយ ។

បន្ទាប់​ទៀត​តំណាង​ក្រុមហ៊ុន​ក៏​បាន​ហៅ​ពួក​គាត់​មក​សាលាឃុំ​ចរចា​ឱ្យ​ពួក​គាត់​មួយ​ឡូត៍​តម្លៃ​៣២.០០០​ដុល្លារ​ទាំង​បង្ខំ តែ​ពួក​គាត់​ក៏​នៅ​តែ​មិន​ទទួលយក​ទៀត ព្រោះ​ថោក​ពេក ដោយ​គំរាម​គ្រប់​បែប​យ៉ាង ។ ម្ចាស់​ដី​បន្ត​ទៀត​ថា ដី​របស់​ពួក​គាត់​នេះ​គឺសុទ្ធតែ​ដី​ស្អាតស្អំ កម្មសិទ្ធិ​ពិតប្រាកដ ហេតុ​អី​បានជា​លោក​មេឃុំ​ប្រាប់​អ្នកកាសែតថា​«​អត់​ដឹង​» ដូច​អត់​ដឹង​ខ្យល់​បក់​ពី​ទិស​ណា​សោះ ។ ឱ លោក​មេឃុំ​អ្នកបម្រើ​រាស្ត្រ​អើយ​…​។

អ្នកស្រុក​ម្ចាស់​ដី​រៀបរាប់​ទៀត​ថា ឧកញ៉ា ឃុន សៀ ទិញ​បាន​តែ​ដី​ពី​ឈ្មោះ​បុគ្គល​ខ្លះ​ដែល​ជួល​ដី​គេ​មក​ដាំ​ដំណាំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ដោយ​ទិញ​បាន​ក្នុង​តម្លៃ​មួយ​ក្បាលដី ២០.០០០​ដុល្លារ​ខ្លះ​៣០.០០០​ដុល្លារ​ចេះ​តែ​លក់​ទៅ ព្រោះ​មិនមែន​ជា​ដី​របស់​គាត់ ។ តាម​ពិត​ភាគច្រើន​ម្ចាស់​ដី​គេ​ពិតប្រាកដ ខ្លះ​នៅ​ភ្នំពេញ​និង​ខ្លះ​ទៀត​នៅ​ខាងក្រៅ​ប្រទេស​មិន​បានដឹង​នោះ​ទេ គឺ​អ្នក​ជួល​ដី​គេ​បាន​លួច​យក​ដី​គេ​លក់​ប្រៀប​ដូច​អ្នកទិញ​កំពុង «​ទទួលផល​ចោរកម្ម​» ។ ព្រោះ​ដី​នេះ​គឺ​សុទ្ធតែ​ជា​ដី ត​ពី​ដី​លំនៅ​ឋាន​គេ មករ​ហូត​ទល់​និង​មាត់ទន្លេ​មេគង្គ ។

ម្ចាស់​ដី​បញ្ជាក់​បន្ថែម​ថា បើ​តាម​ពួក​គាត់​ដឹង​មាន​ម្ចាស់​ដី​ពិតប្រាកដ​ចំនួន​១៥​គ្រួសារ នៅ​ភូមិ​អរិយ​ក្សត្រ​១០​គ្រួសារ និង​នៅ​ភូមិ​ខ្សាច់​នេះ​៥​គ្រួសារ​ទៀត បានដាក់​ពាក្យបណ្តឹង​ក្រុមហ៊ុន លោក​ឧកញ៉ា ឃុន សៀ​នេះ ទៅ​ដល់​សាលា​ខេត្តកណ្តាលហើយ ។ ដូច្នេះ​ពួក​គាត់​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​ពួក​គាត់​ផង បើសិនជា​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​តំបន់​នេះ​មិន​អាច​ខក
ខាន​បាន​មែន​នោះ ក៏​គួរតែ​ឱ្យ​តម្លៃ​ពួក​គាត់​ទៅ​តាម​ទីផ្សារ​ហាងឆេង​ដី​បច្ចុប្បន្ន​កំពុង​តែ​មាន​សន្ទុះ​នេះ​ផង ។ តែបើ​តាម​ចិត្ត​ពួក​គាត់​គឺ​ចង់បាន​ដី​មក​វិញ​សម្រាប់​បង្កបង្កើន​ផលចិញ្ចឹមជីវិត​បន្ត​កូនចៅ​ទៀត ព្រោះ​ទី​នេះ​ជា​ដី​កេរ​ប្រចាំ​ត្រកូល ។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ កោះសន្តិភាព​បាន​ជួប​លោក​មេឃុំ​អរិយ​ក្សត្រ​ផ្ទាល់​នៅ​សាលាឃុំ ដើម្បី​សូម​ការ​បក​ស្រាយ​បំភ្លឺ បែរជា​លោក​មេឃុំ​រូប​នោះ​ធ្លើ​យ​ថា មិនដឹង​រឿង​អ្វី​ទាំងអស់ គឺ​ឆ្លើយ​ធ្វើ​ដូច​គាត់​ជា​រូបចម្លាក់​គ្មាន​វិញ្ញាណ ព្រមទាំង​ឆ្លើយ​ទៀត​ថា បើ​អ្នកកាសែត​ចង់​ដឹង​សួរ​ទៅ​ខេត្ត​ចុះ ដែល​បញ្ជាក់​ថា​អត់​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុងភូមិ​របស់​ខ្លួន​សោះ ។

ចំណែក​លោក ភឹ​ម ភា​រ៉ា អភិបាលស្រុក​ល្វាឯម បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​គេ​មាន​(​ស ជ ណ​) ជួល​ពី​រាជរដ្ឋាភិបាល ។ ចំពោះ​ផល​ប៉ះពាល់ នៅ​សល់​តែ៣​ទៅ​៤​គ្រួសារ​ទៀត​ទេ ។

កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ បាន​ទេ ម្សិលមិញ​នេះ ។ប៉ុន្តែ​ក៏​មាន​កូនលោក​ឧកញ៉ា ឃុន សៀ ឆ្លើយ​យ៉ាង​ខ្លី​ថា អភិបាលខេត្ត​ជា​អ្នក​រៀប​ដី​ឱ្យ​ក្រុមហ៊ុន ។ ការរៀបចំ​ជា​ភារកិច្ច​លោក​អភិបាលខេត្ត ។ ឯ​ក្រុមហ៊ុន​ចាំតែ​ទទួលយក​ដី​សម្រាប់​វិនិយោគ​តែ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ច្បាស់​ថា ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​អត់​មាន​និយាយ​ថា អភិបាល​ខេត្ត​រៀប​ដី​ឱ្យ​ទេ គឺ​ក្រុម​ហ៊ុន ឃុន សៀ ត្រូវ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​អាស្រ័យ​ផល​ដាំ​ដំណាំ​ផ្សេង​ៗ​នៅ​លើ​ដី​នេះ ។

ប្រសិនបើ​ឱ្យ​អភិបាលខេត្ត​រក​ដី​ឱ្យ មិន​ខុស​ពី​«​មាន​ប្រាក់​ទិញ​យក្ស​ប្រើ​» នោះ​ឡើយ គឺ​ខុស​ពី​ខ្លឹមសារ ស​.​ជ​.​ណ ក្នុង​ប្រការ​២​ស្រឡះ ។ក្រុម​អ្នកវិភាគ​យល់​ឃើញ​ថា ស​.​ជ​.​ណ ដែល​ប្រគល់​សិទ្ធិ​ឱ្យ​ឧកញ៉ា ឃុន សៀ អភិវឌ្ឍ​នៅ​តំបន់​នោះ សង្ស័យ​អភិវឌ្ឍន៍​លើ​ទឹកភ្នែក​ប្រជាជន​ម្ចាស់​ដី​យ៉ាង​ពិតប្រាកដ និង​សង្ស័យ​ទិញ​ប៉ះ​ចំ​ដី​ខ្លះ​ដែល​អ្នក​ជួល​យក​មក​លក់​ឬ «​ទទួលផល​ចោរកម្ម​» ដែល​អាច​មាន​ទំនាស់​យូរអង្វែង​ទៀត ។

ខាងលើ​នេះ​ជា​ព័ត៌មាន​មួយ​គួរ​ឱ្យ​រសើប​ណាស់​សម្រាប់​មតិ​មហាជន​ទូទៅ ។ កោះសន្តិភាពមាន​គោលដៅ​តែ​មួយ​ប៉ុណ្ណោះ រង់ចាំ​ទទួលយក​«​ការ​បំភ្លឺ​»​តប​វិញ​ពី​អាជ្ញាធរ​ខេត្តកណ្តាល និង​ពី​ក្រុមហ៊ុន​ឃុន សៀ អឹ​ុ​ម​ផត អិ​ច​ផត ដើម្បី​ឱ្យ​ប្រជារាស្ត្រ​នៅ​ឃុំ​អរិយ ក្សត្រ នៃ​ស្រុក​ល្វាឯម ព្រមទាំង​សាធារណជន​ទូទៅ​បាន​អស់ចិត្ត ។ ជឿជាក់​ថា ក្រុមហ៊ុនឃុន សៀ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត នឹង​មាន​សេចក្តី​ក្លាហាន​បំភ្លឺ​តប​វិញ​ដោយ​សុទ្ធចិត្ត និង​ប្រកបដោយ​ភាព​យុត្តិធម៌​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ