ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនិទាន​ទាក់ទិននឹង​ឈ្មោះ​«​បឹង​ត្របែក​»

4 ឆ្នាំ មុន
  • ភ្នំពេញ

(​ពី​មុន​សង្កាត់​លេខ​៥ ក្រុងភ្នំពេញ​) សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ ភាគ​ទី​៦ និទាន​ថា​ឈ្មោះ​ភូមិ ផ្សេង​ៗ នៅ​ក្នុង​ក្រុងភ្នំពេញ សុទ្ធ​សឹងតែ​មាន​ប្រវត្តិ​ដើម​កំណើត ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​ដែល​សំខាន់…

(​ពី​មុន​សង្កាត់​លេខ​៥ ក្រុងភ្នំពេញ​)
សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ ភាគ​ទី​៦ និទាន​ថា​ឈ្មោះ​ភូមិ ផ្សេង​ៗ នៅ​ក្នុង​ក្រុងភ្នំពេញ សុទ្ធ​សឹងតែ​មាន​ប្រវត្តិ​ដើម​កំណើត ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​ដែល​សំខាន់ គឺ​ត្រង់​រឿង​ណា​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ផង ជា​បែប​និទាន​ពីរោះ​ស្ដាប់​ផង ។ យើង​លើកយក​មក​ចុះ​ផ្សាយ​ក្នុង​ទី​នេះ​តែ​រឿង​ណា​ដែល​មាន​លំដាប់​រឿង​វែង​ឆ្ងាយ​, ឯ​រឿង ខ្លី​ៗ បន្តិចបន្តួច ពុំ​បាន​លើកយក​មក​អធិប្បាយ​ទេ ។

រឿង​បឹង​ត្របែក​នេះ មាន​ប្រាកដ​នៅ​ក្នុង​សៀវភៅ​ព្រះរាជ​ពង្សាវតារ​ច្បាប់​សរសេរ​ដៃ តម្កល់​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​សព្វថ្ងៃ ដែល​យក​មក​លំនាំ​រឿង​បាន ដូច​តទៅ ៖ តាម​សព្ទ​នៃ​ពាក្យ​ខាងលើ​នេះ មិនមែន​ជា​ពិបាក​យល់​ទេ តែ​នៅ​មាន​បញ្ហា​ខ្លះ​ដែល​អ្នក​អាន​គួរ​ជ្រាប គួរ​ចាំ​ជា​ប្រវត្តិ ។

អាស្រ័យ​ហេតុនេះ​បានជា​យើង​ស្រាវជ្រាវ​រក​ពង្សាវតារ​នៃ​បឹង​ត្របែក មក​អធិប្បាយ​ជូន ។ តើ​ហេតុ​អ្វី បានជា​គេ​ហៅ​ថា «​បឹង​ត្របែក​» តាម​រូប​សព្ទ​នេះ​គេ​អាច​យល់​បាន​ភ្លាម តែ​ត្រង់​ខុស ឬ​ត្រូវ​តាម​ប្រវត្តិ​នោះ យើង​មិន​ទាន់​ដឹង​ទេ បើ​យើង​បំបែក​សព្ទ​នេះ​ទៅ បាន​ន័យ​ថា «​បឹង​ដែល​មាន​ដើម​ត្របែក ហៅ​ថា បឹង​ត្របែក​» តើ​ឈ្មោះ​នេះ ពិត​ដូច្នេះ​មែន ឬទេ ? រឿង​នេះ ខ្ញុំ​សូម​នាំ​យក ប្រវត្តិ​មក​និទាន​ជូន​ដូច​តទៅ ៖

ព្រះបាទ​ជ័យ​ជេដ្ឋា (​ព្រះ​អង្គ​សូរ​) ព​.​ស​២២១៩ គង់នៅ​ឧដុង្គ​ឮជ័យ បាន​សាង​វាំង​១​ទៀត នៅ​ទួល​ឪជ្រឹង ស្រុក​សំរោង​ទង​សព្វថ្ងៃ ព្រះ​អង្គ​រើ​ព្រះរាជវាំង​ពី​ឧដុង្គ​ឮជ័យ មក​គង់នៅ​ព្រះរាជវាំង​ទួល​ឪជ្រឹង ទុក​ព្រះ​មាតា គឺ​សម្ដេចព្រះ​ទាវ ឲ្យ​គង់នៅ​ឯ​ឧដុង្គ​ឮជ័យ ។ ឯ​សម្ដេចព្រះ​បទុម​រាជា​មហាឧបរាជ ទ្រង់​ជ្រាប​ព័ត៌មាន​នេះ​ហើយ ក៏​មាន​ព្រះ​ទ័យ​ត្រេកអរ​ជា​ពន់ពេក ហើយ​ប្រឹក្សា​ជាមួយ​អុង​យួន រួច​លើកទ័ព​ខ្មែរ​-​យួន​ទៅ​លុក​វាំង​ឧដុង្គ​ឮជ័យ ហើយ​ចាប់​យក​សម្ដេចព្រះ​ទាវ​ជា​ព្រះ​វររាជ​មាតា​នៃ​ព្រះ​ជ័យ​ជេដ្ឋា និង​នាង​អាំ ជា​សាវឡិក នាំ​យក​ទៅ​នៅ​បន្ទាយ​ជ្រោយចង្វា ។

ព្រះ​ជ័យ​ជេដ្ឋា ដែល​គង់នៅ​វាំង​ទួល​ឪជ្រឹង កាលបើ​ទ្រង់​ជ្រាប​ការណ៍​នេះ​ហើយ ទ្រង់​ព្រះ​កន្សែង​សោយសោក​អាឡោះអាល័យ​ពី​ការ​និរាស​ព្រាត់​ព្រះ​វរមាតា ។ ព្រះ​អង្គ​រើ​ព្រះរាជ​ដំណាក់​ពី​ព្រះរាជវាំង​ទួល​ឪជ្រឹង ទៅ​គង់​ឧដុង្គ​ឮជ័យ​វិញ ។ ព្រះ​អង្គ​ទ្រង់​បាន​ប្រឹក្សា​ជាមួយ​សេនាបតី នាម៉ឺន​សព្វ​មុខមន្ត្រី ឲ្យ​ប្រមូល​ទ័ព​ទៅ​ច្បាំង​ជាមួយ​ទ័ព​ខ្មែរ​-​យួន ដែល​នៅ​ជ្រោយចង្វា ដើម្បី​ដណ្ដើម​យក​ព្រះ​វររាជ​មាតា​មក​វិញ ។

មន្ត្រី​ក៏​ប្រមូល​ទ័ព​បាន​គ្រប់​ចំនួន​ហើយ ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្ដា​ថា លើកទ័ព​ទៅ​វាយ​ទ័ព​យួន ដែល​មាន​ព្រះ​វររាជ​មាតា​នៅ​ជាមួយ​ផង​មិន​ស្រួល​ទេ ។ គិត​ដូច្នេះ​ព្រះ​អង្គ​ទ្រង់​កែ​ព្រះរាជ​មធ្យោបាយ ។ ព្រះ​អង្គ ទ្រង់​ប្រឹក្សា​ជាមួយ ពញា​មន្ត្រី​សង្គ្រាម​សួស្តិ៍ ដើម្បី​ទៅ​យក​ព្រះ​វររាជ​មាតា ។ ចៅពញា​មន្ត្រី​សង្គ្រាម​សួស្តិ៍ ថ្វាយ​ព្រះរាជ​យោបល់​ថា មាន​តែ​ប្អូន​ទូលព្រះបង្គំ ឈ្មោះ​ពញា​ភក្ដី​សង្គ្រាម​ហុ​ក​ទេ ដែល​មាន​ថ្វីដៃ អាច​ទៅ​យក​ព្រះ​វររាជ​មាតា​ព្រះ​អង្គ​បាន ។

ចៅពញា​ភក្ដី​សង្គ្រាម​ហុ​ក ទទួល​ព្រះរាជ​បញ្ជា​ហើយ ក៏​សន្យា​នឹង​ព្រះ​ជ័យ​ជេដ្ឋា​ថា តែ ៧​ថ្ងៃ នឹង​ធ្វើការ​នេះ​ឲ្យ​បាន​សម្រេច ហើយ​សូម​ព្រះ​អង្គ​ឲ្យ​ទ័ព​ទៅ​ចាំ​ទទួល ។ ចៅពញា​សង្គ្រាម​ហុ​ក សុំ​យក​ទាសា​ជំនិត​ម្នាក់ ឈ្មោះ​គោ និង​សុនខ​មួយ ឈ្មោះ​អា​ស្រគំ ទៅ​ជាមួយ ។ ចៅពញា​ភក្ដី​សង្គ្រាម​ហុ​ក ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំពេញ​ហើយ ទៅ​សំណាក់​ក្នុង​វត្ត​ស្រកា​លេញ រួច​ដើរ​ស៊ើប​យកការណ៍ រហូត​ដល់​បាន​ព័ត៌មាន​ថា ទ័ព​យួន ទុក​សម្ដេចព្រះ​ទាវ​ក្នុង​ទូក​នៅ​ឯ​ជ្រោយចង្វា ។

នៅ​វេលា​យប់​ស្ងាត់ មេឃងងឹត​រកកល់​ចង់​ភ្លៀង​ផង ចៅពញា​ភក្ដី​សង្គ្រាម យក​ទៀន​ធូប​ភ្ញីផ្កា​ខ្លះ លបចូល​ទៅ​ក្នុង​ព្រះ​វិហារ​វត្ត​ស្រកា​លេញ ហើយ​តាំង​អធិដ្ឋាន​ថា ៖ ខ្ញុំព្រះអង្គ​នេះ មានចិត្ត​កតញ្ញូ​នឹង​ព្រះបាទ​ជា​អម្ចាស់ ស៊ូ​លះ​ជីវិត​មិន​គិត​ស្លាប់ ទទួល​អាសា​មក​អញ្ជើញ​សម្ដេចព្រះ​ទាវ​ជា​ព្រះ​វររាជ​មាតា ពី​កណ្ដាប់ដៃ​នៃ​សត្រូវ បើ​សម្ដេចព្រះ​ជ័យ​ជេដ្ឋា​ជា​អម្ចាស់​ខ្ញុំ ស្ដេច​បាន​សោយរាជ្យ​សម្បត្តិ ក្នុង​ក្រុង​កម្ពុជា​ធិ​បតី​នេះ សូមកុំ​ឲ្យ​ទ័ព​យួន​ឃើញ​ស្គាល់​ខ្ញុំ​អម្ចាស់​ឡើយ ដោយ​សេចក្ដី​កតញ្ញូ​របស់ខ្ញុំ សូមកុំ​ឲ្យ​មាន​អន្តរាយ​អ្វី សូម​ទេវតា​ជួយ​ទំនុកបម្រុង សូម​ឲ្យ​ខ្ញុំ​ទៅ​អញ្ជើញ​សម្ដេចព្រះ​ទាវ ជា​ព្រះ​វររាជ​មាតា ពី​ក្នុង​ចំណោម​កងទ័ព​សង្គ្រាម​បាន​ដោយ​ងាយ ។

លុះ​ចប់​ការ​តាំង​អធិដ្ឋាន​ហើយ ចៅពញា​ភក្ដី​សង្គ្រាម​ហុ​ក នាំ​នាយ​គោ​ចេញពី​ព្រះ​វិហារ ហើយ​ផ្ដាំ​ឲ្យ​អា​ស្រគំ​ចាំ​នៅ​មុខ​ព្រះ​វិហារ​នេះ​។ អ្នក​ផ្សងសំណាង​ទាំង​ពីរ​នាក់ ផ្លាស់សំពត់​យក​ចង​ទ្រូង ហើយ​យក​កាំបិត​ស្នៀត​សៀត​នឹង​ចង្កេះ ដើរ​រក​ឫស្សី​ហែល​ឆ្លង​ទៅ​ជ្រោយចង្វា​។ ចៅពញា​ភក្ដី​សង្គ្រាម ឆ្លង​ដល់ត្រើយ​ហើយ ពួន​តាម​មាត់ទឹក​តម្រង់​ទៅ​រក​ទូក​យួន ។ លូន​បណ្ដើរ សែកមន្ត​គាថា​សណ្ដំ​ទ័ព​យួន​បណ្ដើរ​, ចៅពញា​ភក្ដី​សង្គ្រាម​ហុ​ក បាន​ទៅ​ដល់​ទូក​ដែល​សម្ដេចព្រះ​ទាវ​ផ្ទំ ។

លោក​បានឃើញ​សម្ដេចព្រះ​ទាវ​ហើយ ក៏​ចូល​ទៅ​ដាស់​ព្រះ​អង្គ ហើយ​ថ្វាយ​ចិញ្ចៀន​ព្រះ​ទម្រង់​ដែល​ព្រះ​ជ័យ​ជេដ្ឋា ទ្រង់​បាន​ផ្ញើ​ឲ្យ​យក​ទៅ​ថ្វាយ​សម្ដេចព្រះ​មាតា​ជា​បន្ទាល់ ។ សម្ដេចព្រះ​ទាវ ទត​ឃើញ​សេនា​របស់​ព្រះ​អង្គ ទ្រង់មាន​សេចក្ដី​រំភើប​ជាទី​បំផុត ។ ចៅពញា​ភក្ដី​សង្គ្រាម​ហុ​ក តឿន​ព្រះ​អង្គ​ឲ្យ​ចេញពី​ទូក​យួន​ជា​ប្រញាប់ ។ តែ​ព្រះ​អង្គ​មាន​ព្រះរាជ​សវនីយ៍ ទៅ​កាន់​ចៅពញា​សង្គ្រាម​ថា ឲ្យ​ទៅ​យក​នាង​អាំ​ជា​ភីលៀង មក​ជាមួយ​ផង ព្រោះ​ធ្លាប់​កម្សត់​ជាមួយ​ព្រះ​អង្គ ។
ចៅពញា​ភក្ដី​សង្គ្រាម​ហុ​ក នាំ​សម្ដេចព្រះ​ទាវ និង​នាង​អាំ ចេញពី​ទូក​បាន​ហើយ មេឃងងឹត​ឈឹង​រក​មើល​ទិស​តំបន់​អ្វី​មិនឃើញ ក៏​បញ្ជា​ឲ្យ​នាយ​គោ​ផ្ទៀង​ចាំ​ស្ដាប់​អា​ស្រគំ​លូ ។

ផ្ទៀង​សំឡេង​ឆ្កែ​លូ​ដាក់​ច្បាស់​ហើយ ចៅពញា​សង្គ្រាម​ហុ​ក នាំ​គ្នា​ហែល​ឆ្លង​មក​ត្រើយ​ភ្នំពេញ​វិញ ។ លុះដល់​ត្រើយ​ហើយ សម្ដេចព្រះ​ទាវ យាង​ទៅ​សម្រាក​ព្រះ​កាយ​បន្តិច ក្នុង​វត្ត​ស្រកា​លេញ ហើយ​បន្ត​ព្រះរាជ​ដំណើរ​ទៅ​ទៀត​, ចៅពញា​សង្គ្រាម​ហុ​ក បញ្ជិះ​សម្ដេចព្រះ​ទាវ ហើយ​ឲ្យ​នាយ​គោ នាង​អាំ អា​ស្រគំ​ដើរទៅ​មុខ តម្រង់​ទៅ​ឧដុង្គ​ឮជ័យ ។

តែ​ពេល​នោះ មេឃងងឹត​ពេក ចៅពញា​សង្គ្រាម មើលផ្លូវ​ពុំ​ច្បាស់ ចេញពី​វត្ត​ស្រកា​លេញ​ទៅ​ដោយ​ព្រាវ ទៅ​ដល់​បឹង​ត្របែក​សព្វ​ថ្ងៃនេះ ឃើញ​ផ្លូវបែក នាយ​គោ​ងាក​មក​សួរ​ចៅហ្វាយនាយ​ថា តើ​ត្រូវ​ដើរទៅ​តាម​ផ្លូវ​ណា ? ចៅពញា​សង្គ្រាម​ហុ​ក ក៏​បញ្ជា​ឲ្យ​នាយ​គោ បែក​ទៅ​ស្ដាំ ។ កន្លែង​ដែល​មាន​ផ្លូវបែក​នេះ មាន​សភាព​ទំនាប​ជា​បឹង​ទើប​ហៅ​ថា «​បឹង​ត្រង់​បែក​» ។

ពាក្យ​ថា «​បឹង​ត្រង់​បែក​» នេះ អ្នកស្រុក​និយាយ​រហ័ស ក៏​ឮ​តែ​បឹង​ត្របែក​ៗ ទៅ​វិញ ។ សំដី​នេះ​ក៏​ចេះ​តែ ក្លាយ​ទៅ​ៗ រហូត​ដល់​បាត់​ន័យ​ដើមរ​បស់ពាក្យ​ដូច្នេះ ។ លុះ​ភ្លឺ​ឡើង​ទៅ​ដល់​ស្ទឹង​ព្រែក​ត្នោត ទើប​ចៅពញា​សង្គ្រាម ដឹង​ថា​វង្វេងផ្លូវ ។ ហើយ​នាំ​គ្នា​បែរមុខ​ទៅ​រក​ទិស ទៅ​កាន់​ឧដុង្គ​ឮជ័យ​វិញ ។ ទី​នេះ​ក៏​ជាប់​ឈ្មោះ​ថា «​បឹង​ត្របែក​» រហូត​មក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ