ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេចបញ្ឈរ​ជើង​លោក​មេ​ប៉ុ​ស្តិ៍​ឃុំស្ដៅ ក្រោយ​ពលរដ្ឋ​២​ភូមិ​ផ្ដិត​មេដៃ​​ប្ដឹង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បន្ទាប់​ពី​ពលរដ្ឋ​២​ភូមិ​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​លោក​មេ​ប៉ុ​ស្ដិ៍នគរបាល​មួយ​រូប ​ទៅ​កាន់​ប្រមុខ​ថ្នាក់ដឹកនាំ​កំពូល​ៗ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើ​សុំ​ជួយ​អន្តរា​គម​ន៍ និង​ជួយ​រក​យុត្តិធម៌នោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា នេះ លោក​ឧត្តមសេនីយទោ…

ខេត្តបាត់ដំបង ​៖ បន្ទាប់​ពី​ពលរដ្ឋ​២​ភូមិ​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​លោក​មេ​ប៉ុ​ស្ដិ៍នគរបាល​មួយ​រូប ​ទៅ​កាន់​ប្រមុខ​ថ្នាក់ដឹកនាំ​កំពូល​ៗ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើ​សុំ​ជួយ​អន្តរា​គម​ន៍ និង​ជួយ​រក​យុត្តិធម៌នោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា នេះ លោក​ឧត្តមសេនីយទោ អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត បាន​សម្រេច​ចេញ​លិខិត​បង្គាប់ការ ផ្អាក​ការងារ​លោក​មេ​ប៉ុ​ស្ដិ៍​រូបនេះ​ជា​បណ្ដោះអាសន្ន​ហើយ ដើម្បី​រង់​ចាំ​ការ​សម្រេច​ជា​ថ្មី​របស់​ថ្នាក់លើ​ ។ សូមរំលឹកថា៖ ២​ភូមិផ្ដិត​មេដៃ​ប្ដឹងលោកមេ​ប៉ុ​ស្ដិ៍ឃុំ​ស្ដៅ​ ដោះ​​​លែង​តៃកុង​ឡាន​បង្ក

លិខិត​បង្គាប់ការ​របស់​លោកស្នងការ​ខេត្ត​ ដែល​កោះសន្តិភាព​ទ​ទួល​​បាន​នៅ​ពេល​នេះ មាន​លេខ​៤៧ លបក​.​នប ចុះ​ថ្ងៃ​ទី​០៤ កញ្ញា ២០១៩ អម​ដោយ​ហត្ថលេខា លោក​ឧត្តមសេនីយទោ អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត បាត់ដំបង​ ។ នៅ​ក្នុង​លិខិត​បង្គាប់ការ​នេះ លោកស្នងការ​ខេត្ត​បាន​សម្រេច​លើ​៣​ប្រការ គឺ​ប្រការ​១-ត្រូវ​បាន​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន​ ចំពោះ​លោក​អនុសេនីយ៍ឯក រ៉ាំ រិ​ត អត្តលេខ ១៩៨៦២ នាយ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស្ដៅ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល ដោយ​មូលហេតុ​អនុវត្ត​ការងារ​ខុស​នីតិវិធី​។ ប្រការ​២-សាមីខ្លួន​ត្រូវ​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់​ចាំ​ការ​សម្រេច​ជា​ថ្មី​ ។ ប្រការ​៣-លោកស្នងការ​រង​ផែនការ​ងារ​ធនធានមនុស្ស លោក នាយ​ការិយាល័យ​បុគ្គលិក លោក​អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល អង្គភាព​ពាក់ព័ន្ធ និង​លោក​អនុ សេនីយ៍ឯក រ៉ាំ រិ​ត ត្រូវ​អនុវត្ត​តាម​លិខិត​បង្គាប់ការ​នេះ​ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ​។

សូម​បញ្ជាក់​ថា លោក​អនុសេនីយ៍ឯក រ៉ាំ រិ​ត នាយ​ប៉ុ​ស្ដិ៍រដ្ឋបាល​ស្ដៅ​នៃ​អធិការ​ស្រុក​រតន​មណ្ឌល ត្រូវ​បាន​ប្រជាពលរដ្ឋ​រាប់​​រយ​នាក់ មក​ពី​ភូមិ​ចំនួន​២ ក្នុង​ឃុំ​រស្មី​សង្ហា នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​កាន់​សម្ដេច​ក្រឡា ហោម ស ខេ​ង និង​សម្ដេច​តេ​ជោ ហ៊ុន សែន សុំ​ឲ្យ​សម្ដេច​ទាំង​២ ជួយ​អន្តរាគមន៍ និង​ជួយ​រក​យុត្តិធម៌ ចំពោះ​លោក​រ៉ាំ រិ​ត ដែល​បាន​ដោះ​លែង​អ្នកបើកបរ​រថយន្ត​ដឹក​ដី ដែល​បាន​បើក​បុក​សិស្សសាលា​ស្លាប់​និង​របួស​យ៉ាង​អា​ណោ​ច​អា​ធ​ម័​ចំនួន​៣​នាក់​ ។ ហេតុ​ការ​ណ៍នេះ​ បាន​កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​១៤ សីហា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​លើ​កំណាត់​ផ្លូវ​មួយ​កន្លែង ក្នុងភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល​។

ម្ចាស់​ស្នាម​មេដៃ​រាប់រយ​នាក់ រួម​ទាំង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ផង បាន​ចង្អុលមុខ​ចំ​ៗ​ទៅ​លើ​លោក​មេ​ប៉ុ​ស្ដិ៍​រូប​នេះ​ថា បាន​ដោះ​លែង​អ្នកបើកបរ​រថយន្ត​បង្ក នា​ប៉ុន្មាន​ក្រោយ​ពី​អ្នក​ភូមិ​តាម​ស្ទាក់​ចាប់​បាន​​ទាំង​រថយន្ត ទាំង​អ្នកបើកបរ​ប្រគល់​ឲ្យ​លោក​មេ​ប៉ុ​ស្ដិ៍​ភ្លាម​ៗ​។ ប៉ុន្តែ​មេ​ប៉ុ​ស្តិ៍​​ស្ដៅ គឺ​លោក​រ៉ាំ រិ​ត បាន​ឆ្លើយ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ នៅ​ពេល​មន្ត្រី​ការិយាល័យ​ចរាចរណ៍​ខេត្ត​អញ្ជើញលោក​មក​បំភ្លឺ​។ លោក​រ៉ាំ រិ​ត បាន​និយាយ​ថា លោក​មិន​បានឃើញ​អ្នកបើកបរ​រថយន្ត​បង្ក​ទេ ពេល​ដែល​អ្នក​ភូមិ​ស្ទាក់​ចាប់​បាន​រថយន្ត តែ​បានឃើញ​រថយន្ត​បង្ក ​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​មា​នមន្ទិល​​ថា បើ​លោក​រ៉ាំ រិ​ត មេ​ប៉ុ​ស្ដិ៍​ស្ដៅ ពិតជា​បាន​ដោះ​លែង​​អ្នក​បើក​រថយន្ត​ដឹក​ដី ដែល​បុក​សិស្សសាលា​ស្លាប់​និង​របួស​៣​នាក់ ដូច​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មែន គឺ​ប្រាកដជា​មាន​អ្នកបញ្ជា​ពីក្រោយ​ខ្នង ​។ ពីព្រោះ​បើ​ផ្នែក​លើ​សិទ្ធ​អំណាច​របស់​លោក​រ៉ាំ រិ​ត ដែល​មាន​តួនាទី​ត្រិ​ម​មេ​ប៉ុ​ស្តិ៍ មិន​អាច​មាន​សិទ្ធ​ិដោះ​លែង​​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​នោះ​បាន​ឡើយ​ ។

ទោះ​យ៉ាងណា​ ពេល​នេះ​លោក​រ៉ាំ រិ​ត ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត ស​ម្រ​ច​ចេញ​លិខិត​បង្គាប់ការ ឲ្យ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ហើយ ដោយសារ​តែ​អនុវត្ត​ការងារ​ខុស​នីតិវិធី ​៕ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ