ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ដឹង​មូលហេតុ​ច្បាស់​ទេ​…​តែ​ការ​ចាក​ចេញ​របស់​ពួក​ចិន​ស្រប​ពេល​បិទ​ល្បែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​រាប់​ពាន់​នាក់​បាន​និង​កំពុង​ចាក​ចេញពី​កម្ពុជា​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ អាកាសយានដ្ឋា​ន​អន្តរជាតិ​ព្រះ​សីហ​នុ ។ លំហូរ​នៃ​ការ​ចាកចេញ​ដោយ​ចំនួន​ច្រើន​ៗ​នេះ បាន​កើត​មាន​តាំងពី​ថ្ងៃ​ទី​៣១ សីហា មក​ដោយ​មិនដឹង​មូលហេតុ​ពិតប្រាកដ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​រាប់​ពាន់​នាក់​បាន​និង​កំពុង​ចាក​ចេញពី​កម្ពុជា​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ អាកាសយានដ្ឋា​ន​អន្តរជាតិ​ព្រះ​សីហ​នុ ។ លំហូរ​នៃ​ការ​ចាកចេញ​ដោយ​ចំនួន​ច្រើន​ៗ​នេះ បាន​កើត​មាន​តាំងពី​ថ្ងៃ​ទី​៣១ សីហា មក​ដោយ​មិនដឹង​មូលហេតុ​ពិតប្រាកដ​នោះ​ទេ ។ ប៉ុន្តែ​ការ​ចាកចេញ​នេះ​ ក៏​គាប់​ជួន​ពេល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ប្រកាស​បិទ​អាជីវកម្ម​ល្បែង​តាម​អន​ឡាញ (Game Online) ដែល​ជា​វិធានការ​មួយ​ដើម្បី​ពង្រឹង​សន្តិសុខ និង​ការពារ​កុំ​ឲ្យ​ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ក្រោម​ស្លាក​អាជីវកម្ម​Game Online នេះ ។

ទាក់ទិន​នឹង​លំហូរ​ចាកចេញ​របស់​ជនជាតិ​ចិន​នេះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​អ្វី​ឡើយ​ចំពោះ​ករណី​នេះ ដ្បិត​ចំនួន​ជនជាតិ​ចិន​ដែល​ចូល​មក​កម្ពុជា ក៏​មិន​ក្រោម​ខ្ទង់ពាន់​ដែរ​ក្នុង​មួយ​ថ្ងៃ​ៗ ។
មន្ត្រីខេត្ត​ព្រះ​សីហ​នុ​មិន​ភ្ញាក់ផ្អើល​ឡើយ ចំពោះ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​រាប់​ពាន់​នាក់ ដ្បិត​វា​ជា​ចរន្ត​ចេញចូល​ជា​ធម្មតា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​របស់​លោក​ដែល​ការ​ចាកចេញ​និង​ការ​ចូល​មក​មាន​ចរន្ត​ធម្មតា ។ មន្ត្រី​រូប​នេះ​ បាន​លើក​ឡើង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ដែល​ចាក​ចេញពី​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣១ សីហា មាន​ចំនួន​៣.០៩៥​នាក់ ។ ប៉ុន្តែ​ចំនួន​ចូល​វិញ ក៏​មាន​ច្រើន​ដែរ ពោល​គឺ​២.៤៩៤​នាក់ ។ បើ​តាម​តួលេខ​ខាងលើ​នេះ​មាន​ន័យ​ថា ការ​ចាកចេញ​និង​ចូល​នៃ​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គឺ​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា ។

តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​កបាន​ផ្សព្វផ្សាយ​កន្លង​មកនេះ​ថា ជនជាតិ​ចិន​រាប់​ពាន់​នាក់​ បាន​សំរុក​ចាក​ចេញពី​កម្ពុជា​យ៉ាង​គំហុក នា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ ។ ការ​សម្រុក​ចាកចេញ​នេះ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា តើ​ក្រុម​ជនជាតិ​ចិន​ទាំងនោះ មាន​ធុំក្លិន​អ្វី​មិនល្អ ឬ​មក​ពី​រាជរដ្ឋាភិបាល​កម្ពុជា ទើបតែ​ប្រកាស​បិទ​អាជីវកម្ម Game Online កាលពី​ពេល​ថ្មី​ៗ​នេះ ? ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា​វា​ជា​រឿង​ចៃដន្យ​តែ​ប៉ុណ្ណោះ​។ វា​អាច​មក​ពី​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ឬ​កម្មករ​ចិន សម្រុក​ចាកចេញ​ទៅ​ព្រម​ៗ​គ្នា ក្នុង​ពេល​តែ​មួយ ។

តាម​វិទ្យុ​បារាំង​បាន​ដកស្រង់​សម្តី​លោក ជា អូន ជា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល ដែល​គ្រប់គ្រង​លើ​ការ​ហោះហើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មិន​ភ្ញាក់ផ្អើល​ដែរ ។ លោក​ថា ជួនកាល​ជា​ពេលវេលា​មួយ​ដែល​កម្មករ​ចិន​ដែល​អស់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ណាមួយ ត្រូវ​វិល​ត្រលប់​ទៅ​វិញ​តែ​ប៉ុណ្ណោះ ។

ផ្អែក​តាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែសីហា​ថា ត្រឹមតែ​១​យប់​ប៉ុណ្ណោះ ជនជាតិ​ចិន​ប្រមាណ​ជា​ជាង​៣០០០​នាក់ បាន​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ តាម​ជើងហោះហើរ ត្រឡប់​ទៅ​កាន់​ប្រទេស​ពួក​គេ​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឈប់​ផ្ដល់​អាជ្ញាប័ណ្ណ​សម្រាប់​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក និង​តាម​អ៊ី​ន​ធឺ​ណែ​ត​ទាំង​ក្នុង​និង​ក្រៅប្រទេស ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​សីហា​មក ។

សារាចរ​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល តេ​ជោ​សែន​នោះ​បាន​លើក​ឡើង​ថា ពួក​ឧក្រិដ្ឋ​ជនបរទេស​មួយ​ចំនួន បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​សង្គម ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា រាល់​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក តាមរយៈ​អុ​ី​ន​ធើ​រ​ណេ​ត​អន​ឡាញ​ក្នុង​និង​ក្រៅ​ប្រទេស​គ្រប់​ប្រភេទ​និង​គ្រប់​រូបភាព​នៅ​ក្នុង​ព្រះ
រាជាណាចក្រ​កម្ពុជា គឺជា​អំពើ​ខុសច្បាប់​និង​ត្រូវ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ទាំងនេះ​ឱ្យ​អស់​នៅ​ដំណាច់ឆ្នាំ​២០១៩​នេះ ។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ឈរ​លើ​មូលដ្ឋាននៃ​សេវា​ទេស​ចរណ៍ វប្បធម៌ និង​ធម្មជាតិ ជាជាង​ការ​ពឹងផ្អែក​លើ​ចំណូល​ពី​អាជីវកម្ម​ល្បែងភ្នាល់​អន​ឡាញ ។ ជាមួយ​គ្នា​នេះ សម្តេច​តេជោ ក៏​បាន​បញ្ជាក់​ទៅ​កាន់​អង្គប្រជុំ​ថា មិន​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់​កម្ពុជា​ដែល​រួម​មាន កង​យោធពលខេមរភូមិន្ទ នគរបាល និង​កងរាជអាវុធហត្ថ​មាន​ងារ​ជា​«​ឧកញ៉ា​» តទៅ​ទៀត​ឡើយ ។

សម្ដេច​តេ​ជោ បាន​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​មាន​ងារ​ជា​«​ឧកញ៉ា​» ត្រូវសម្រេច​ចិត្តជា​បន្ទាន់​ជ្រើសរើស​យក​តែ​មួយ​រវាងងារ​ជា​«​ឧកញ៉ា​» ឬ​តួនាទី​ក្នុង​ក្រប​ខណ្ឌ​ជា​កងកម្លាំងប្រដាប់អាវុធ ។ រាជរដ្ឋាភិបាល​នឹង​បន្ត ពង្រឹង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័​ត៌មាន​វិទ្យា​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ផង​ដែរ​។

សូម​ជម្រាប​ថា ការ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​បន្តបន្ទាប់ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​ជន​ជាតិចិន​ភាគច្រើន​ត្រូវ​សមត្ថកិច្ច​ចាប់​បាន ហើយ​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ ។ ទាក់ទង​នឹង​ល្បែងភ្នាល់​នេះ​ដែរ គេ​ក៏​សង្កេតឃើញ​ថា នៅ​តាម​ហាង​កាហ្វេ​ទាំង​នៅ​ជនបទ​និងទីក្រុងមាន​អ្នក​ភ្នាល់​ល្បែង​បញ្ជល់មាន់​យ៉ាងច្រើន នៅ​ក្រោម​រូបភាព​ផឹក​កាហ្វេ ។

វត្តមាន​ជនជាតិ​ចិន​ថយ​ចុះ​ជា​បណ្តើ​ៗ​នៅ​ប៉ោយ​ប៉ែ​ត
ខេត្តបន្ទាយមានជ័យ ៖ មិនមែន​តែ​ខេត្ត​ព្រះ​សីហ​នុ​ទេ វត្តមាន​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​បាន​ថយ​ចុះ​ស្ទើរ​៥០​ភាគរយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ។ ជា​ការ​កត់សម្គាល់​ជនជាតិ​ចិន​ដែល​កន្លង​មក​គេ​ឃើញ​ដើរ​ប្រសេចប្រសាច​រក​ជួល​អគារ​និង​បន្ទប់​ក្នុង​តម្លៃ​ថ្លៃ​ៗ ឯ​ទីតាំង​ជួល​ភាគច្រើន​គេ​បើក​ជា​ល្បែង​អន​ឡាញ ព្រោះ​ឃើញ​មាន​យានយន្ត​ចត​ត្រៀបត្រា​នោះ​ពេល​នេះ​ហាក់​ស្ងប់ស្ងាត់​និង​បិទ​ទីតាំង​ដែល​ជួល​ជា​បណ្តើ​ៗ អាច​ជា​ការ​នាំ​គ្នា​ចាក​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ប្រទេស​កំណើត តែ​ប្រភព​ខ្លះ​សង្ស័យ​ទៅ​ជ្រក​តាម​ទីតាំង​កាស៊ីណូ​ផ្សេង​ៗ ។

ប្រភព​ពី​សមត្ថកិច្ច​មួយ​ចំនួន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា កន្លង​មក​នៅ​អំឡុង​ម៉ោង​៨​ទៅ​៩​ជា​រៀង​រាល់​ព្រឹក​គេ​តែង​ឃើញ​ជនជាតិ​ចិន​ប្រុស​ស្រី​យ៉ាងតិច​២០​ទៅ​៣០​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី (​តុ​កតុក​) និង​ខ្លះ​តាម​រថយន្ត​ឆ្លងកាត់​ពី​តាម​អគារ​ស្នាក់​នៅ​ទៅ​កាន់​ទីតាំង​ពួក​គេ​បើក​អាជីវកម្ម​ក្នុង​ទឹកដី​កាស៊ីណូ​មួយ​ចំនួន ហើយ​ចាប់ពី​ម៉ោង​៦​ល្ងាច​ទៅ​ក្រុម​ជនជាតិ​ចិន ធ្វើ​ដំណើរ​តាម​យានយន្ត​និង​ថ្មើរជើង​ប្រសាច​ចេញពី​ទឹកដី​កាស៊ីណូ និង​ផ្លូវ​ដើម​ពុទ្ទ្រា​និង​ដងផ្លូវ​នានា​ទៅ​រក​កន្លែង​ស្នាក់​នៅ​វិញ ។ ថ្មី​ៗ​នេះ​ គេ​ឃើញ​នគរបាល​ជំនាញ​របស់​អន្តរក្រសួង បាន​ចុះ​ពិនិត្យ​ការ​ស្នាក់​នៅ​របស់​ជនបរទេស​ក្នុង​ខេត្តបន្ទាយមានជ័យ ពិសេស​ក្រុង​ប៉ោយ​ប៉ែ​ត តាម​សណ្ឋា​គារ​ និង​ទីតាំង​ស្នាក់​នៅ​ក្នុង​ទឹកដី​កាស៊ីណូ ។

លោក អេ​ង លី​ហួ ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​ថា ជនជាតិ​ចិន​បាន​ថយ​ចុះ​មែន​ប៉ុន្តែ​លោក​មិន​ទាន់​អាច​ដឹង​លម្អិត​ថា​ប៉ុន្មាន​ភាគរយ​ទេ ព្រោះ​ពេល​នេះ​ខាង​លោក​និង​អន្តរក្រសួង​បាន​និង​កំពុង​ចុះ​ធ្វើការ​បន្ត​នៅឡើយ ។ លោក​បន្ត​ថា ការ​ចុះ​ពិនិត្យ​ការ​ស្នាក់​នៅ​ជនបរទេស និង​ធ្វើ​ឡើង​រហូត​ដល់​ចុងខែ​ធ្នូ ២០១៩ ទើប​បិទ​បញ្ចប់ ។

ស្នងការ​រង​រូប​នេះ​ប្រាប់​ថា បើ​តាម​ទិន្ន័យ​មិន​ទាន់​យក​ជា​បានការ​មាន​ជនជាតិ​ចិន រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ជាង​១​ម៉ឺន​នាក់​នេះ មិន​គិតដល់​ជនបរទេស​ផ្សេង​ៗ​ទៀត​ឡើយ ហើយ​ថា​រក​ឃើញ​ជនជាតិ​ចិន​ចំនួន​៩៦០​នាក់ ស្នាក់​នៅ​គ្មាន​សៀ​ភៅ​ការងារ​ហៅ​ថា​(Work permmit)​ត្រូវ​បាន​ផាកពិន័យ​ចូល​ថវិការដ្ឋ​ម្នាក់​១២៥​ដុល្លារ ឬ​ស្មើនឹង​៥០​ម៉ឺន​រៀល ។

ការ​ថយ​ចុះ​នៃ​វត្តមាន​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត អាច​មក​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា​កាលពី​ពេល​ថ្មី​នេះ ក្នុង​កិច្ចប្រជុំ​នៅ​គណៈរដ្ឋមន្ត្រី​ឲ្យ​បញ្ឈប់​អាជីវកម្ម​ល្បែងភ្នាល់​តាម​រយៈ​អុ​ី​ន​ធើ​រ​ណេ​ត អន​ឡាញ​ឲ្យ​អស់​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ ។ ប្រភព​ទាំងនេះ​លើក​ឡើង​បន្ត​ថា វត្តមាន​ជន​ជាតិចិន​ភាគច្រើន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​គ្មាន​អ្វី​ក្រៅពី​បើក​ល្បែងស៊ីសង​តាម​រយៈ​អុ​ី​ន​ធើ​រ​ណេ​ត អន​ឡាញ​និង​មួយ​ចំនួន​តូច​បើកហាង​រកស៊ី​លក់ដូរ​ព្រោងព្រាត​រហូត​បើក​ទាំង​គ្លីនិក​ទៀត​ផង ។

ក្រុង​បា​វិត​មានការ​ស្ងប់ស្ងាត់​ជនជាតិ​ចិន​ដូច​គ្នា​ដែរ
ខេត្តស្វាយរៀង ៖ តាម​ការ​ផ្តល់​ព័ត៌មាន​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា​ឱ្យ​ដឹង​ថា​ជា​ការ​កត់សម្គាល់​ជនជាតិ​ចិន​ដែល​ដើរ​ប្រ​សេក​ប្រសាច​ចេញចូល​តាម​តំបន់​កាស៊ីណូ បាន​ស្ងាត់​មិនឃើញ​មាន​ដើរ​រហេតរហូត​នោះ​ទេ ។ តាម​ប្រភព​ថា គេ​បានឃើញ​ក្រុម​ជនជាតិ​ចិន​រាប់រយ​នាក់ បាន​នាំ​គ្នា​ជិះ​រថយន្តក្រុង​ធំ​ៗ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ ចំនួន​ជនជាតិ​ចិន​ដែល​មិន​ទាន់​រាប់​ជា​ផ្លូវការ​មាន​ពី​៣​ទៅ​៤​ម៉ឺន​នាក់ តែបើ​តួលេខ​ផ្លូវការ​តាម​រយៈ​មន្ត្រី​មន្ទីរ​ការងារ​បានឱ្យ​ដឹង​ថា មាន​តែ​ជាង​១​ម៉ឺន​នាក់​ប៉ុណ្ណោះ ។

កន្លង​មកនេះ​ មានការ​ឃាត់ខ្លួន​ក្រុម​ជនជាតិ​ចិន​ជាង​៣០០​នាក់ ដែល​ក្នុង​នោះ​២៧​នាក់​ជា​ជនសង្ស័យ តាម​រក​ចាប់ខ្លួន​នៅ​ប្រទេស​ចិន ក្រៅពី​នេះ​ជា​ក្រុម​ជនជាតិ​ចិន​ដែល​ចូល​មក​មិន​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ ។ ក្រុម​ជនជាតិ​ចិន​ទាំងនោះ​ត្រូវ​បាន​ថៅកែ​កាស៊ីណូ​ចេញ​មុខ​ធានា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ