សុខនិងទុក្ខកើតអំពីម៉ែឪតែមួយគឺអវិជ្ជានិងតណ្ហា សភាវៈទាំងពីរនេះរមែងជាគូគ្នា តែតាមធម្មតាមនុស្សទូទៅមិនត្រូវការសេចក្តីទុក្ខឡើយ ច្រើនតែចង់បានសុខ ជីវិតមានសុភមង្គលតែប៉ុណ្ណោះ ។
បើសិក្សាឱ្យស៊ីជម្រៅទៅឃើញថា សេចក្តីសុខនិងទុក្ខប្រៀបដូចសត្វពស់ដូច្នោះដែរ គឺពស់ខាងក្បាលវាមានពិស ចូលទៅជិត វានឹងខាំ បើចាប់ត្រង់កន្ទុយវាពិតជាស្រួលមែន តែបើមិនប្រញាប់លែងទេ វានឹងបកក្បាលមកខាំបានដូចគ្នា ព្រោះទាំងក្បាលនិងកន្ទុយវានៅក្នុងតួពស់តែមួយ ។
ក្បាលពស់ជាទុក្ខ ឯកន្ទុយពស់ជាសុខ យ៉ាងណាសេចក្តីរីករាយចិត្តជាសុខ ឯថ្នាំងថ្នាក់ចិត្តជាទុក្ខ រមែងកើតអំពីម៉ែឪជាមួយគ្នា គឺអវិជ្ជានិងតណ្ហានោះឯងជាដើមចម ។
ហេតុនេះហើយបានជាពេលខ្លះមាននូវសេចក្តីសុខហើយ ចិត្តក៏នៅមិនសប្បាយ មិនស្ងប់ ទាំងដែលបាននូវរបស់ដែលពេញចិត្តផង ដូចជាបានលាភ បានយសជាដើម ក៏នៅតែមានអារម្មណ៍មិនល្អ ព្រោះបានមកហើយសប្បាយចិត្តក៏ពិតមែន តែវាក៏នៅមិនស្ងប់ពិត ៗ ព្រោះនៅភ័យខ្លាចពីការបាត់បង់ទៅវិញ ។
នេះបង្ហាញឲ្យឃើញថា សុខពិតមែន តែមានទុក្ខនៅច្រឡូកច្រឡំជាមួយផង ដែលលោកហៅថា សុខនិងទុក្ខជាគ្នាមិនបែកឆ្ងាយទៅណាឡើយ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ