ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី សរសើរ​ក្រុងភ្នំពេញ​និង​សន្យា​ជម្រុញ​វិនិយោគិន​ម៉ា​ឡេ​ស៊ី​គួរតែមក​វិនិយោគ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី លោក មហា​ធៀ មហា​មេ​ដ (Tun Dr. Mahathir Mohamad)…

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី លោក មហា​ធៀ មហា​មេ​ដ (Tun Dr. Mahathir Mohamad) នៅ​ក្នុង​ឱកាស​ថ្លែង​ប​ឋ​កថា​នៅ​មុខ​សិស្ស​-​និស្សិត​កម្ពុជា​ជា​ច្រើន​រយ​នាក់​នៅ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃ​ទី​២ ខែកញ្ញា បាន​មាន​ប្រសាសន៍​ថា លោក​បាន​មក​ប្រទេស​កម្ពុជា​បី​ដង​ហើយ​រួម​ទាំង​លើក​នេះ ហើយ​ជា​លើក​ទី​៣​នេះ​លោក​បាន​មើលឃើញ​ថា កម្ពុជា​មានការ​ផ្លាស់​ប្តូរ​ច្រើន ជា​ពិសេស​នៅ រាជធានី​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង ដោយសារ​តែ​កម្ពុជា​មានការ​អភិវឌ្ឍ​លឿន​រហ័ស​បែប​នេះ លោក​បាន​ជំរុញ អោយ​វិនិយោគិន​ខ្លួន​គួរតែ​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

​លោក មហា​ធៀ មហា​មេ​ដ បាន​ថ្ល្លែ​ង​នៅ​ឯ​ពិធី​ស្តី​អំពី «​ការ​រក្សា​តុល្យភាព​ទំនាក់ទំនង ជាមួយ ប្រទេស មហាអំណាច នៅ​ក្នុង បរិបទ អាស៊ាន​» ដោយ​បាន​មាន​ប្រសាសន៍​ថា «​ទីក្រុង​ភ្នំពេញ​ជាទី​ក្រុង​មមាញឹក​មួយ មាន​ហាង​ច្រើន​និង​មនុស្ស​កុះករ ដែល​នេះ​ជា​សញ្ញា​នៃ​វិបុលភាព​។ ខ្ញុំ​ជឿជាក់​ថា វា​កើត​ចេញពី​ប្រជាជន​ដែល​ព្យាយាម​ធ្វើការ និង​មាន​ជំនាញ​ខ្ពស់ ក្នុង​ការ​កសាង​រាជធានី​ភ្នំពេញ និង​កម្ពុជា​ឡើង​វិញ​»​។

​បន្ថែម​ពីលើ​នេះ លោកនាយក​រដ្ឋមន្ត្រី ដែល​មាន​វ័យ ៩៤ ឆ្នាំទៅ​ហើយ​នោះ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ហេតុផល​មួយ​ចំនួន​ដែល​វិនិយោគិន​ម៉ា​ឡេ​ស៊ី​គួរតែ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា បង្កើត​ការងារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ជាមួយ​គ្នា ក្នុង​នោះ​ដែរ​កម្ពុជា គឺជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ដូច​ម៉ា​ឡេ​ស៊ី​ដែរ ហើយ​កម្ពុជា ក៏​មាន​ទំនាក់ទំនង​ល្អជា​មួយ​បណ្ដា​ប្រទេស​ជិតខាង ដែល​ជា​ប្រទេស​ទាំងអស់​គឺជា​អ្នក​អតិថិជន ហើយ​កម្ពុជា​ក៏​ជា​អ្នក​ជិតខាង​ល្អ​មួយ​ផង​ដែរ ក្នុង​ចំណោម​ប្រទេស​អាស៊ាន ។ លោក​បាន​បន្ត​ថា លោក​គួរតែ​មក​កម្ពុជា​យូរហើយ ក៏​ប៉ុន្តែ​ដោយសារ​តែ​លោក​ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត ទើប​លោក​ត្រូវ​មក​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា យឺត​បន្តិច​ក្រោយ​ពេល​លោក​ឡើង​កាន់​ដំណែង​ជា​ថ្មី ។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​មាន​ប្រសាសន៍​ថា «​ក្នុង​ការ​បំពេញ​ទស្សនៈកិច្ច​របស់ខ្ញុំ នឹង​ជំរុញ​អោយ​ទំនាក់ទំនង​របស់​យើង​កាន់តែ​ប្រសើរ​ឡើង ដូច្នេះ វា​គ្មាន​អ្វី​ដែល​ត្រូវ​ពិបាក ឬ​រារាំង​ដល់​ការ​វិនិយោគ​របស់​ម៉ា​ឡេ​ស៊ី​នៅ​កម្ពុជា​នោះ​ទេ ហើយ​យើង​រំពឹង​ថា​វិនិយោគិន​របស់​យើង​នឹង​មក​កម្ពុជា​កាន់តែ​ច្រើន​ទៀត » ។ លោក​បាន​បន្ថែម​ថា ការ​មក​ដល់​កម្ពុជា​របស់​លោក​ជា​លើក​ទី​បី​នេះ លោក​មើលឃើញ​ថា​កម្ពុជា​លូតលាស់​ខ្លាំង ក្នុង​នោះ មាន​អគារ​ខ្ពស់​ៗ​ជា​ច្រើន​បាន​ដុះ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ជា​រាជធានី​របស់​កម្ពុជា ហើយ​កំនើន​នៃ​យានយន្ត​និង​ការ​រស់នៅ​ប្រជាជន​កម្ពុជា​ក៏​មើលទៅ​ទំនើប​ស៊ី​វិ​ល័យ​ខុស​ពី​មុន​ឆ្ងាយ​ដែរ ។

​បើ​តាម​លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​ក៏​ធ្លាប់​បាន​លើក​ឡើង​ផង​ដែរ​ពី​ការ​ជំរុញ​វិនិយោគិន​របស់​ខ្លួន មក​កម្ពុជា ដើម្បី​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​នានា ក្នុង​ប្រទេស​កម្ពុជា​ហើយ​លោក​ក៏​បាន​ប្ដេជ្ញា​ថា នឹង​ធ្វើ​អោយ​ម៉ា​ឡេ​ស៊ី​ក្លាយជា​អ្នក​វិនិយោគ​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ដែរ វិស័យ​ទេសចរណ៍ កសិកម្ម និង​សំណង់​គឺជា​គោលដៅ សំខាន់​របស់​ម៉ា​ឡេ​ស៊ីក្នុង​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​វិនិយោគិន​របស់​ខ្លួន ។

​លោក Eldeen បានអោយ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ ម៉ា​ឡេ​ស៊ី​បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​កាន់តែ​ច្រើន​ពី​ភ្នំពេញ​ទៅ​កូ​ឡា​ឡាំ​ពួរ និង​ពី​ក្រុងព្រះសីហនុ​ទៅ​កាន់​កូ​ឡា​ឡាំ​ពួរ​ផង​ដែរ ។ បន្ថែម​ពី​នេះ​ទៀត នៅ​ក្នុង​អាណត្តិ​លោក​ជា​អគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា លោក​នឹង​ជំរុញ ឱ្យ​មន្ត្រី ស្ថានទូត ត្រូវ​បង្កើន​នូវ​ទំនាក់ទំនង​បន្ថែម​ទៀត ទាំង​ពាណិជ្ជកម្ម ការទូត​និង​វប្បធម៌ ភាសា​ផង​ដែរ ។

គួរ​បញ្ជាក់​ថា​ពី​ឆ្នា ១៩៩៤ ដល់​ឆ្នាំ ២០១៨ វិនិយោគិន​ម៉ា​ឡេ​ស៊ី បាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​២,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក លើ​គម្រោង​វិនិយោគ​ចំនួន​១៣៧​គម្រោង ។ បច្ចុប្បន្ន​ម៉ា​ឡេ​ស៊ី ជាប់​ចំណាត់​ទី​៤ ជា​វិនិយោគិន​បរទេស​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា បន្ទាប់​ពី ចិន សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង និង ចក្រភព​អង់គ្លេ​ស ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ