២​ភូមិផ្ដិត​មេដៃ​ប្ដឹងលោកមេ​ប៉ុ​ស្ដិ៍ឃុំ​ស្ដៅ​ ដោះ​​​លែង​តៃកុង​ឡាន​បង្ក


​ខេត្តបាត់ដំបង ​៖ ​ទំនងជា​ទ្រាំ​លែង​បាន​និង​ភាព​«​អ​យុ​ត្តិ​ធ​ម៌​»​ ទើប​ពលរដ្ឋ​ចំនួន​២​ភូមិ​នៅ​ក្នុង​ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល បាន​នាំ​គ្នា​ផ្ដិត​មេដៃ​គាំទ្រ​ដល់​ក្រុម​គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​រថយន្ត​ដឹក​ដី​បើក​បុក​កូន​-ក្មួយ​ៗ​ស្លាប់​និង​របួស​ចំនួន​៣​នាក់ ​ដើម្បី​ប្ដឹង​ទៅ​កាន់​សម្ដេច​ក្រឡាហោម និង​សម្ដេច​តេ​ជោ សុំ​ឲ្យ​ជួយ​អន្តរា​គម​ន៍ និង​រក​យុ​ត្តិ​ធ​ម៌ ចំពោះ​លោក​មេ​ប៉ុ​ស្ដិ៍​នគរបាល​មួយ​រូប ដែល​ពួក​គាត់​ចោទ​ថា «​បាន​លួច​ដោះ​លែង​អ្នកបើកបរ​រថយន្ត​បង្កហេតុ ក្រោយ​ពី​អ្នក​ភូមិ​តាម​ចាប់​បាន​ទាំង​រថយន្ត​ទាំង​មនុស្ស​ប្រគល់​ឲ្យ​ភ្លាម​ៗ​ក្នុង​ករណី​ជាក់ស្ដែង​»​។

នៅ​ក្នុង​បណ្ដឹងសុំ​អន្តរា​គម​ន៍​របស់​ជន​រង​គ្រោះ ដែល​កោះសន្តិភាពទទួល​បាន​ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា គឺ​មាន​ដើមបណ្ដឹង​តំណាង​ដោយ​លោក មឿង ចាន់​រ៉ា អាយុ​៣៩​ឆ្នាំ ជាកម្មករ​សំណង់ រស់នៅ​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល​ ។ ជាមួយនឹង​បណ្ដឹង​ដែល​មាន​ខ្លឹមសារ​ចំនួន​ជាង​២​ទំព័រ​នេះ ក៏​មាន​អម​ដោយ​ស្នាម​មេដៃ​និង​ឈ្មោះពលរដ្ឋ​រាប់រយ​នាក់​ផង​ដែរ ដែល​រស់នៅ​ក្នុងភូមិ​រស្មី​សង្ហា និងភូមិ​ពេ​ជ​ចង្វា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌលបាន​ចេញ​មុខ​គាំទ្រ​លើ​បណ្ដឹង​នេះ ​។

លោក​មឿង ចាន់​រ៉ា បាន​គោរព​ដ៏​ខ្ពង់ខ្ពស់​ជូនសម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ។ កម្មវត្ថុ នៃ​បណ្ដឹង គឺ​សុំ​សម្ដេច​ទាំង​២ ជួយ​អន្តរា​គម​ន៍ ចំពោះ​លោក​រ៉ាំ រិ​ត នាយ​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ស្ដៅ ស្រុក​រតន​មណ្ឌល ដែល​មិន​បាន​យក​តួនាទី​និង​ភារកិច្ច ទៅ​បំរើ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូល
ដ្ឋាន ​។

យោង​លើ​ខ្លឹមសារ​នៃ​បណ្ដឹង ជន​រង​គ្រោះ​បាន​រិះគន់​ថា លោក​រាំ រិ​ត មេ​ប៉ុ​ស្តិ៍​ស្ដៅ តែងតែ​ប្រើប្រាស់​តួនាទី និងភារកិច្ច​របស់​ខ្លួន​ ទៅ​ឃុប​ឃិ​ត​ជាមួយ​ជន​ដែល​មាន​សមាសភាព​អាក្រក់​នៅ​ខាងក្នុង​ ឬ​ខាងក្រៅ​មូល​ដ្ឋាន ដើម្បី​ផល​ប្រ​យោ​ជ​ន៍ផ្ទាល់ខ្លួន និងបក្សពួក ​។ មន្ត្រី​រូប​នេះ ​តែង​បំភ្លៃ​ព្រឹត្តិការ​ពី​ស​ទៅ​ខ្មៅ​.. ពី​ខ្មៅ​ទៅ​ស​.. ដើម្បី​តែ​លាភសក្ការៈ​ប៉ុណ្ណោះ​។

បើ​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​បណ្ដឹង​នេះ លោក​មឿង ចាន់​រ៉ា ហាក់​បាន​សង្កត់ធ្ងន់​ទៅ​លើ​កំហុស​របស់​លោក​រ៉ាំ រិ​ត ដែល​បាន​ដោះលែង អ្នកបើកបរ​រថយន្ត​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់ ដែល​លោក​ចោទ​ថា ជា​រឿង​មិន​ប្រក្រតី និង​អ​យុ​ត្តិ​ធ​ម៌​បំផុត​។ លោក​មឿង ចាន់​រ៉ា បាន​និយាយ​ថា អ្នក​ភូមិ​បាន​ជិះ​រថយន្ត​តាម​ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត ទាំង​អ្នកបើកបរ នៅ​ខាង​មុខ​ផ្ទះ​ លោក​មេ​ប៉ុ​ស្ដិ៍រូប​នេះ​តែ​ម្ដង ក្រោយ​ពី​រថយន្ត​នេះ​បាន​បុក​កូនស្រី​គាត់​ស្លាប់​និង​ក្មួយ​២​នាក់​ទៀត​របួសធ្ងន់ រួច​បាន​ប្រគល់​ឲ្យ​លោក​មេ​ប៉ុ​ស្ដ៏​រូប​នេះ​ផ្ទាល់ តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​មន្ត្រី​ចរាចរ​ណ៏​បាន​ប្រាប់​ថា អ្នកបើកបរ​រថយន្ត​នោះ​បាន​រត់​បាត់​ហើយ រីឯ​លោក​រ៉ាំ រិ​ត បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ទ​ទូល​អ្នកបើកបរ​នោះ​ទេ​ ។

សូម​បញ្ជាក់​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​១៤ សីហា កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ដ៏​រន្ធត់​មួយ​នៅ​ចំណុច​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ដែល​មាន​ថៅកែ​ឈ្មោះ​ហ៊ួ​យ សុង​ហេង រស់នៅ​ម្ដុំ​ផ្សារ​ថ្មី ក្រុង​បាត់ដំបង ​។ រថយន្ត​នេះ​ ត្រូវ​សាក្សី​អះអាង​ថា បាន​បើក​បុក​សិស្សសាលា​ចំនួន​៣​នាក់​ពីក្រោយ ខណៈ​ពួ​គ​គេ​កំពុង​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​សិស្ស​ស្រី​ម្នាក់ និង​របួសធ្ងន់​២​នាក់​។ ជន​រង​គ្រោះ​ទាំង​៣​នាក់ ១​-ឈ្មោះ​ចាន់ គឹ​ម​ឡា​ង ស្រី​អាយុ​១៧​ឆ្នាំ​ស្លាប់ ២​- ឈ្មោះ​លី ចរណៃ ប្រុស​អាយុ​១០​ឆ្នាំ និង​​៣​-ឈ្មោះ​ម៉ាំង ផា​រ៉េ​ត ស្រី​អាយុ​១៦​ឆ្នាំ ទាំង​២​នាក់​របួស​ធ្ងន់ធ្ងរ ដែល​អាច​ពិការ​ភាព​អស់​មួយ​ជីវិត​ ។

អ្នក​ភូមិ​និយាយ​ថា បន្ទាប់​ពី​បុក​កូនសិស្ស​ឲ្យ​ស្លាប់​និង​របួស​ពេញ​ថ្នល់ រថយន្ត​នេះ​បាន​បន្ថែម​ល្បឿន​បើក​រត់ តែ​ត្រូវ​បាន​អ្នក​ភូមិ​ជិះ​រថយន្ត​ដេញ​ស្ទាក់​ចាប់​បាន នៅ​ខាង​មុខ​ផ្ទះ​លោក​មេ​ប៉ុ​ស្ដិ៍ស្ដៅ ទាំង​រថយន្ត ​និង​អ្នក​បើកបរ រួច​បាន​ប្រគល់​ជួន​លោក​មេ​ប៉ុ​ស្ដិ៍ភ្លាម​ៗ​។ សាក្សី​នៅ​ក្នុង​ហេតុ​ការ​ណ៏​នេះ ​គឺ លោក​ឆុំ ឆាយ អាយុ​៣៣​ឆ្នាំ បាន​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​០៣ កញ្ញា​តាម​ទូរស័ព្ទ​ថា រូប​លោក​និង​ឈ្មោះ​តុល ជា​អ្នក​ជិះ​រថយន្ត​ដេញ​តាម​រថយន្ត​ដឹក​ដី​បង្ក​គ្រោះថ្នាក់​នេះ​ផ្ទាល់ ​។

លោក​បាន​ប្រាប់​ថា លោក​បាន​ដេញ​តាម​តាំងពី​កន្លែង​កើតហេតុ រហូត​ដល់​ខាង​មុខ​ផ្ទះ​លោក​រ៉ាំ រិ​ត មេ​ប៉ុស្តិ៍​ស្ដៅ និងនៅ​ក្បែរ​ប៉ុ​ស្តិ៍​​នគរបាល​ស្ដៅនេះ​តែ​ម្ដង ទើប​ស្ទាក់​រថយន្ត​និង​អ្នកបើកបរ​បាន​ ។ លោក​ឆុំ ឆាយ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ពេល​ខ្ញុំ​ស្ទាក់​រថយន្ត​ដឹក​ដី​នេះ​ជាប់ ខ្ញុំ​ក៏​បាន​ហៅ​លោក​រ៉ាំ រិ​ត ដែល​គាត់​កំពុង​នៅ​ក្នុងផ្ទះ​ឲ្យ​មក​ជួយ​អន្តរា​គម​ន៍​ភ្លាម​ៗ​ដែរ នៅ​ចំពោះ​មុខ​អ្នក​ចោមរោម​មើល​ប៉ុន្មាន​នាក់​ទៀត​»​។

លោក​បាន​បន្ថែម​ថា ពេល​នោះ​លោក​រ៉ាំ រិ​ត បាន​ពិនិត្យ​ឃើញ​ស្លាកស្នាម​រថយន្ត មាន​ប្រឡាក់​ឈាម ខណៈ​អ្នកបើកបរ​នៅ​លើ​រថយន្ត​នោះ ហើយ​លោក​រ៉ាំ រិ​ត បាន​ប្រាប់​មក​លោក​វិញ​ថា «​បាន​ហើយ​ទុក​ឲ្យ​ខ្ញុំ ចាត់​ការ​..» រួច​លោក​និង​ឈ្មោះ​តុល ក៏​ជិះ​រថយន្ត​ត្រឡប់​ទៅ​កន្លែង​កើតហេតុ​វិញ​ ។ ព្រោះ​ជន​រង​គ្រោះជា​ក្មួយ​ៗ​របស់​លោក​ដែរ តែ​ប៉ុន្មាន​នាទី​ក្រោយ ស្រាប់តែ​មន្ត្រី​ចរាចរ​ណ៏​ដែល​ចុះ​វាស់វែង ប្រាប់​ថា តៃកុង​ឡាន​បាន​រត់​បាត់​ហើយ ធ្វើ​ឲ្យ​លោក​និង​អ្នក​ភូមិ​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង​។

កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​រ៉ាំ រិ​ត នាយ​ប៉ុ​ស្ដិ៍ស្ដៅ ដែល​រង​ការ​ចោទប្រកាន់​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។ រីឯ​លោក​សាត គី​ម​សាន ស្នងការ​រង​ខេត្ត ទ​ទូល​បន្ទុក​ចរាចរ​ណ៍ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​ហើយ ត្រូវ​ចុច​ដាច់​ ។ ដោយឡែក លោក​ឆៃ ច័ន្ទ​តារា នាយការិយាល័យ​ចរាចរ​ណ៍ នៃ​ស្នងការ​ខេត្តបាន​ប្រាប់​ថា រឿង​គ្រោះថ្នាក់​នេះ ​ពិតជា​បាន​កើតឡើង​មែន ហើយ​ក៏​មានការ​លេចឮ​នូវ​ភាព​មិន​ប្រក្រតី​នេះ​ដែរ ​។

លោកនាយ​ការិយាល័យ បាន​បញ្ជាក់​យ៉ាងនេះ​ថា « ខ្ញុំ​បាន​អញ្ជើញ លោក​រ៉ាំ រិ​ត មក​បំភ្លឺ​រួច​ហើយ ជុំវិញ​ការ​ដោះលែង​អ្នកបើកបរ​រថយន្ត​បង្ក តែ​លោក​រ៉ាំ រិ​ត បាន​បដិសេធ​ថា មិន​បានឃើញ​តៃកុង​ឡាន​ទេ គឺ​ឃើញ​តែ​ឡាន ​។ ប៉ុន្តែ​យ៉ាងណា ខ្ញុំ​កំពុង​រៀបចំ​សំណុំរឿង​នេះ បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ​»​។ (សម្រួលដោយ៖ ស្រីណា)​

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ