ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Ford Ecosport 2020 បាន​មក​ដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​តំណាង​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត…

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​តំណាង​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Ecosport ស៊េរី​ថ្មី 2020 ដែល​មា​នទី​តាំងនៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ (​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី – អ៊ី​អន 2) កាលពី​ថ្ងៃ​ទី 23 ខែសីហា ឆ្នាំ 2019 ។

រថយន្ត Ford EcoSport 2020 ផ្តល់​ជូន​បទ​ពិសោធន៍​បើកបរ​ថ្មី​ដែល​ប្រកបដោយ​ភាព​រលូន និង​ផាសុកភាព​បំផុត​នៅ​លើ​ផ្លូវ នេះ​ដោយសារ​តែ​ការ​ច្នៃប្រឌិត​ថ្មី​របស់​វិស្វករ​ក្រុមហ៊ុន Ford ដែល​អាច​កាត់​បន្ថយ​សំលេង​រំខាន​ពី​ខាងក្រៅ ភាព​រំ​ញ័រ និង​ការ​រលាក់​នៅ​ពេល​បើកបរ​។ កាន់តែ​ពិសេស Ford Ecosport 2020 ក៏​មានការ​កែសម្រួល​ផ្នែក​សំខាន់​ៗ​មួយ​ចំនួន​ទៀត និង​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ជា​ច្រើន​សំរាប់​ជួយ​សំរួល​ដល់​ការ​បើកបរ​របស់​លោក​អ្នក​។

ក្នុង​នោះ​ដែរ បច្ចេកវិទ្យា​សំខាន់​ៗ​ដែល​ត្រូវ​បាន​បំពាក់​នៅ​លើ​រថយន្ត Ford Ecosport 2020 នោះ រួម​មាន​ដូច​ជា បច្ចេកវិទ្យា SYNC 3 និង​អេ​ក្រង់ Touch Screen 8 អ៊ិ​ញ​, កាមេរ៉ា​ជំនួយ​ចូល​ចត និង​អាច Zoom បាន​, ផ្នែក​ខាងក្រៅ នឹង​ខាងក្នុង​រចនា​ថ្មីស្រឡាង​យ៉ាង​ស្រស់​ស្អាត​, ចង្កៀង​មុខ​ភ្លឺ​ច្បាស់​ល្អ ជាមួយនឹង​ភ្លើង LED បំភ្លឺ​ពេល​ថ្ងៃ និង​ហ្វា​កូដ​អូ​តូ​, សេន​សឺ 8 គ្រាប់ ខាង​មុខ និង​ក្រោយ​ជំនួយ​ចូល​ចត​, ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​, ប្រព័ន្ធ​ហ្វ្រាំង ABS និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើ​ផ្លូវ​កោង និង​រអិល​,​បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោ​, ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច ធូរ​ងាយស្រួល​បើកបរ​, ប្រអប់​ត្រជាក់ និង​កន្លែង​ដាក់​ឥ​វ៉ា​ន់ 25 កន្លែង និង​មាន​ពោង​សុវត្ថិភាព​ចំនួន 6​។

ក្រុម​វិស្វករ​រថយន្ត Ford ក៏​បាន​ធ្វើការ​កែ​លម្អ​ទៅ​លើ​ការ​កាត់​បន្ថយ​សំលេង​រំខាន ដូច​ជា​សំលេង​ពេល​បើក​លើ​ផ្លូវ សំលេង​ខ្យល់ និង​សំលេង​ម៉ាស៊ីន​ជាដើម ដែល​ជា​កត្ដា​ធ្វើ​ឲ្យ​មាន​សំលេង​រំខាន​ក្នុង​រថយន្ត ដូចនេះ​ពេល​អ្នកបើកបរ​ក្នុង​ល្បឿន​លឿន​រហូត​ដល់ 110 km/h ក៏​មិន​មាន​សំលេង​រំខាន​ខ្លាំង​ដែរ​។

លោក Sherry Jiang វិស្វករ​ផ្នែក​រថយន្ត​នៃ​ក្រុមហ៊ុន Ford ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​កាត់​បន្ថយ​សំលេង​រំខាន​ពី​ខាងក្រៅ ភាព​រំ​ញ័រ និង​ការ​រលាក់​របស់​រថយន្ត គឺជា​គន្លឹះ​ដែល​ធ្វើ​ឱ្យ​អតិថិជន​រីករាយ​នឹង​បទ​ពិសោធន៍​បើកបរ​របស់​ពួក​គេ ដូច្នេះ​យើង​បាន​យកចិត្តទុកដាក់​បំផុត​ក្នុង​ការ​ផលិត​រថយន្ត​នេះ​ឡើង​»​។ សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​រលាក់​ក៏​បង្ក​ឲ្យ​មាន​សំលេង​រំខាន​ចូល​ទៅ​ក្នុង​រថយន្ត​ដែរ ព្រោះ​តួ​រថយន្ត​បាន​រចនា​ថ្មី កាត់​បន្ថយ​សម្លេង​ចូល​ទៅ​ក្នុង​រថយន្ត ប្រព័ន្ធ​ជើង​ក្រោម​កែ​ច្នៃ​ថ្មី កាត់​បន្ថយ​ភាព​រលាក់ រួម​ជាមួយនឹង​សំបក​កង់​ថ្មី​មិន​បង្កើត​ឲ្យ​មាន​សំលេង​រំខាន​។

រថយន្ត​នេះ​ក៏​មាន​បំពាក់​របាំង​ការពារ​ខ្យល់​កាត់​បន្ថយ​សម្លេង​ខ្យល់​ផ្នែក​ខាងក្រោម​រថយន្ត កញ្ចក់​ខាង​មុខ​នៃ​រថយន្ត​កែតម្រូវ​ថ្មី​កាត់​បន្ថយ​សម្លេង​រំខាន និង​ផ្នែក​ខាងក្នុង​រថយន្ត​បំពាក់​ជាមួយ​សម្ភារៈ​ស្រូប​ជាតិ​សំណើម​បាន​ល្អ និង​កាត់​បន្ថយ​កំ​ដៅ​ក្នុង​រថយន្ត​។

ក្រុមហ៊ុន Ford ក៏​បាន​កែ​ច្នៃ​តួ​រថយន្ត​ផ្នែក​ខាងក្រៅ​ឲ្យ​កាន់តែ​មាន​លក្ខណៈ Aerodynamics (មុជ​ខ្យល់​) ដែល​ធ្វើ​ឲ្យ​ការ​បើកបរ​ល្បឿន​លឿន​កាន់តែ​មាន​ភាព​ងាយស្រួល​។ Ford Ecosport បាន​បំពាក់​ជាមួយនឹង​ប្រភេទ​ម៉ាស៊ីន Ecoboost ទំហំ 1.0L ថ្វី​ត្បិត​ម៉ាស៊ីន​តូច​ពិតមែន ប៉ុន្តែ​វា​មាន​កម្លាំង​ខ្លាំង​ជាងរ​យន្ត​ដទៃ​ដែល​មាន​ទំហំ​ម៉ាស៊ីន​ប៉ុនគ្នា និង​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ទៀត​ផង​។

លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា សម្រេចចិត្ត​នាំ​ចូល​នូវ​ប្រភេទ​រថយន្ត SUV ខ្នាត​តូច​មួយ​នេះ​មក​កាន់​ទីផ្សារ​កម្ពុជា គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន ក៏​ដូច​ជា​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឲ្យ​ប្រើប្រាស់​រថយន្ត​ថ្មី​ផង​ដែរ​។

យើង​ឃើញ​ថា អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​ជ្រើសរើស​ជិះ​រថយន្ត​មួយ​ទឹក​ដោយសារ​ពួក​គេ​យល់​ថា រថយន្ត​មួយ​ទឹក​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​ថ្មី​។ ក៏​ប៉ុន្តែ​មុន​នឹង​យើង​សម្រេចចិត្ត​ទិញ​រថយន្ត​មួយ​ទឹក​យក​ទៅ​ប្រើប្រាស់ យើង​ត្រូវ​ជួប​ផលវិបាក​ដោយ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ម៉ត់ចត់​សឹង​គ្រប់​ចំណុច ព្រោះ​រថយន្ត​មួយ​ទឹក​មិនមែន​ជា​រថយន្ត​ថ្មី វា​អាច​មានការ​ខូចខាត​នៅ​កន្លែង​ណាមួយ​ដែល​យើង​មើល​មិនឃើញ ហើយ​ក៏​គ្មាន​ការ​ធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ដែរ​។ ប៉ុន្តែ​ឥឡូវនេះ ក្រុមហ៊ុន អ អិ​ម អេ បាន​នាំ​ចូល​នូវ​រថយន្ត Ford Ecosport មក​កាន់​កម្ពុជា​ហើយ ដូចនេះ​សម្រាប់​អ្នកមាន​លុយ​ត្រឹមតែ 2​ម៉ឺន​ជាង​ក៏​អាច​ជិះ​រថយន្ត​ថ្មី​បាន​ដែរ​»​។

រថយន្ត Ford EcoSport ម៉ូ​ដែល​ថ្មី​នេះ​ផ្តល់​ជូន​អតិថិជន​នូវ​ភាព​ទាន់សម័យ ភាព​ងាយស្រួល រួម​ទាំង​សមត្ថភាព និង​មុខងារ​កាន់តែ​ច្រើន រួម​បញ្ចូល​គ្នា​នៅ​ក្នុង​រថយន្ត SUV តែ​មួយ​។ Ford Ecosport ក៏​មាន​ផ្ដល់​ជម្រើស​នៃ​ពណ៌​ជា​ច្រើន​ឲ្យ​ជ្រើសរើស​រួម​មាន​ដូច​ជា ពណ៌​ស ក្រហម ខៀវ ទឹកក្រូច ប្រផេះ និង​ខ្មៅ​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ