ខេត្តស្វាយរៀង ៖ ប្រជាកសិកររស់នៅឃុំកំពង់ត្រាច និងឃុំដូងស្រុករមាសហែក ខេត្តស្វាយរៀងលើកឡើងថា ដំណាំដំឡូងមី ឆ្នាំ២០១៩នេះលក់បានចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពដោយសារដំឡូងមីមានតម្លៃថ្លៃជាងឆ្នាំមុន ក៏ប៉ុន្តែបើប្រៀបធៀប និងខេត្តផ្សេង គឺតម្លៃថោកជាងគេបន្តិច ។
ប្រជាកសិករបន្តថា ដំឡូងមីដាំរយៈពេល៧ទៅ៨ខែទើបបានដកប្រមូលផល ហើយបច្ចុប្បន្នវាមិនពិបាករកទីផ្សារលក់ចេញនោះទេ គឺមានឈ្មួញមកចាំទិញដល់ខាងមុខចំការតែម្តងខុសពីឆ្នាំមុនៗដើររកអ្នកទិញ ហើយឈ្មួញទិញថោកមិនដល់១០០រៀលផង ក្នុងមួយគីឡូក្រាម ។
ប្រជាកសិករបន្តថា ទោសបីដឹងថា ដំណាំដំឡូងមីវាប្រឈមពិបាករកទីផ្សារ ក៏ប៉ន្តែប្រជាកសិករនៅតែបន្តដាំ ដោយដំណាំនេះងាយស្រួលដាំគ្រាន់តែយើងលើករង រួចដាក់ដាំតែម្ដងហើយសំអាតស្មៅនឹងបាញ់ថ្នាំការពារវាខ្លះៗ ម្យ៉ាងទៀតបើភ្លៀងខ្លាំងត្រូវភ្ជួរងអោយជ្រៅមានផ្លូវទឹក ទឹកហូរចេញមើមធំល្អ មិនរលួយមើមទេ ហើយដំឡូងឆ្នាំនេះក្នុងមួយហិកតាៗ បានទិនផលតែ១៧ ទៅ២០តោនទេ ។
កសិករបន្តថា ដំឡូងចុងឆ្នាំនឹងមួយគីឡូក្រាមលក់ចេញបានត្រឹមតែ២២០រៀល តែបើខែប្រាំងវិញលក់ចេញបានតម្លៃលើសនឹងតែតម្លៃនេះបើប្រៀបធៀប និងខេត្តត្បូងឃ្មុំខុសគ្នា១០០រៀលដោយគេលក់ចេញបាន ១kg ៣២០រៀល ។ ចំណែកឯក្រុមឈ្មួញបានលើកឡើងថា ក្នុងមួយ ថ្ងៃៗពួកគាត់ទិញបាន៧ ទៅ៩តោនសម្រាប់ដឹកចេញទៅលក់នៅប្រទេសវៀតណាមលក់បន្តវៀតណាមទិញបានតម្លៃក្នុងមួយគីឡូក្រាម២៦០០ ដុងស្មើនឹងលុយខ្មែរ៣៥០រៀល ទៅ៤០០រៀល តាមអត្រាដូរលុយឡើង ឬចុះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ