រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំធំ អគារសែនសុខ ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី «ការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានសិក្ខាកាមចូលរួមប្រមាណ៥០០នាក់។
នេះជាលើកទី៣ហើយ ដែលធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលា ដើម្បីប្រមូលមតិយោបល់ថ្មីៗពីថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា សម្រាប់ធ្វើជាធាតុចូលក្នុងការត្រៀមលក្ខណៈ រៀបចំប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤០ នៃប្រតិបត្តិការធនាគារកណ្តាល ១៩៧៩-២០១៩ ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ សិក្ខាសាលានេះក៏ជាផ្នែកមួយនៃការបណ្តុះបណ្តាលផ្ទៃក្នុងតាមរយៈការចែករំលែកព័ត៌មានថ្មីៗដល់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា។
សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅដោយមានបទឧទ្ទេសនាម និងបទអន្តរាគមន៍ពាក់ព័ន្ធនឹងការវិវត្ត រីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ការអភិវឌ្ឍប្រព័ន្ធធនាគារប្រកប ដោយចីរភាពដែលផ្តោតជាសំខាន់ទៅលើកត្តាបរិស្ថាន សង្គម និងអភិបាលកិច្ចល្អ ផលប៉ះពាល់នៃឥណទានលើជីវភាពគ្រួសារខ្មែរនៅកម្ពុជា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសឧទ្ទេសនាមស្តីពីសេដ្ឋកិច្ចជំនាន់ថ្មីនៃសម័យបច្ចេកវិទ្យា ដែលផ្តោតសំខាន់លើការត្រៀមលក្ខណៈ ដើម្បីចាប់យកការរីកចម្រើននៃវិស័យបច្ចេកវិទ្យាក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច។
ឆ្លៀតក្នុងឱកាសនៃការជួបជុំក្នុងសិក្ខាសាលានេះ ក៏មានរៀបចំកម្មវិធីពិសារអាហារថ្ងៃត្រង់សាមគ្គី ដើម្បីបញ្ជាក់អំពីសាមគ្គីភាពល្អ និងការបោះជំហានទៅមុខជាធ្លុងមួយរបស់ស្ថាប័ន។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមបរិយាកាសប្រកបដោយសាមគ្គីភាព ភាតរភាព និងភាពសប្បាយរីករាយក្រៃលែង។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ