រាជធានីភ្នំពេញ ៖ សាលក្រមបានប្រកាសទុកសិទ្ធិឱ្យជនត្រូវចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ក្រោយប្រកាសសាលក្រមនេះភ្លាម លោក ឡាយ វណ្ណៈ និងបងប្រុស ឡាយ ណារិទ្ធ បានបញ្ចេញប្រតិកម្មថា លោកកើតទុក្ខមិនសុខចិត្តចំពោះសាលក្រមនេះ ដែលបានផ្តន្ទាទោសមិនមានភាពយុត្តិធម៌ ដូច្នោះ លោកទាំង២នាក់បងប្អូន និងប្តឹងទៅសាលាឧទ្ធរណ៍ប្រឆាំងការសម្រេចលើសាលក្រមនេះ ។
លោក ឡាយ វណ្ណៈ និង ឡាយ ណារិទ្ធ ធ្លាប់បានបដិសេធហើយថា ក្រុមលោកពីរនាក់បងប្អូនមិនបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ទេ ហើយបើមានពាក់ព័ន្ធសូមឲ្យវត្ថុសក្តិសិទ្ធិបរាមុខ ឱ្យស្លាប់តៃហោងទាំងប្រពន្ធកូន និងធ្លាក់នរក៩ជាន់ កុំចាប់ជាតិទៅចុះ ។ ក្រោយប្រកាសសាលក្រមហើយ អ្នកទោសទាំង៤នាក់ ត្រូវបាននាំទៅដាក់ពន្ធនាគារវិញនាថ្ងៃដដែល ។
សូមបញ្ជាក់ថា ទីបំផុតវាំងននខ្មៅក្នុងសំណុំរឿងឃាតកម្មលើស្ត្រីមេម៉ាយកូន៣រូបស្រស់ អ្នកស្រី ចេវ សុវឌ្ឍនា ដែលមានរយៈពេល១ឆ្នាំ៧ខែ ត្រូវបានបើកហើយ កាលពីព្រឹកថ្ងៃទី២ កញ្ញា ដោយលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគារកំណត់រយៈពេល១៣ឆ្នាំ ពីបទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។
សាលក្រមនេះ ក៏បានសម្រេចផ្តន្ទាទោស លោក ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ អតីតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារកំណត់រយៈពេល១០ឆ្នាំ ពីបទសមគំនិតក្នុងអំពើឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។
ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកបើកបររថយន្តឲ្យលោក ឡាយ វណ្ណ: ដាក់ពន្ធនាគារកំណត់២ឆ្នាំ និងផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើផ្ទះអ្នកស្រី ចែវ សុវឌ្ឍនា ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ។ ទាំងពីរនាក់ ត្រូវចោទពីបទលាក់បាំងតម្រុយក្នុងអំពើឃាតកម្ម តាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ ។
ចែករំលែកព័តមាននេះ