ប្រទេសបាហាម៉ា ៖ ព្យុះសង្ឃរាដ៏ខ្លាំងឈ្មោះ DORIAN ជាព្យុះសង្ឃរាប្រភេទទី៥ កាលពីថ្ងៃទី១កញ្ញាបានវាយប្រហារពេញបន្ទុកលើបាហាម៉ា ជាមួយកម្លាំងខ្យល់ដល់ទៅ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះជាការអះអាងរបស់មជ្ឈមណ្ឌលជាតិខ្យល់ព្យុះអាមេរិកNHC ។
ព្យុះសង្ឃរានោះបានបោកបក់លើដែនដីនៃកោះELBOW CAY ដែលស្ថិតក្នុងប្រជុំកោះBACOS របស់បាហាម៉ានាវេលាម៉ោង១៨ម៉ោងក្នុងស្រុក។
ប្រជាជនដែនកោះនោះបានបង្ហោះវីដេអូបង្ហាញពីវិថីទាំងឡាយត្រូវទឹកជន់លិច និងការបោកបក់នៃខ្យល់យ៉ាងសាហាវ ដោយកួចយកទៅជាមួយនូវអ្វីៗទាំងអស់តាមផ្លូវបោកបក់របស់វា។ នាវេលាម៉ោង២១បណ្ដាកោះរងការវាយប្រហារពេញបន្ទុកដោយព្យុះសង្ឃរានោះ។
នាយករដ្ឋមន្ត្រីបាហាម៉ាដែលមានកោះប្រមាណជា៧០០ស្ថិតនៅចន្លោះរដ្ឋផ្លរីដា គុយបានិងហៃទី លោកHUBERT MINNISអះអាងនាថ្ងៃទី១កញ្ញាថា បាហាម៉ាប្រឈមមុខនឹងការមកដល់នៃព្យុះDORIANជាព្យុះសង្ឃរាដ៏ខ្លាំងបំផុត ក្នុងប្រវត្តិសាស្ត្រនៃប្រជុំកោះនោះ។
យើងប្រឈមមុខនឹងព្យុះសង្ឃរាមួយដែលយើងពុំធ្លាប់ជួបទាល់តែសោះក្នុងប្រវត្តិសាស្ត្ររបស់បាហាម៉ា។ នោះនឹងជាថ្ងៃដ៏៏ក្រៀមក្រំបំផុតនៃជីវិតរបស់ខ្ញុំ។
នាថ្ងៃទី២កញ្ញាព្យុះនោះបន្តបោកបក់កាត់់បាហាម៉ា ជាមួយភ្លៀងធ្លាក់ខ្លាំងបំផុត។ ព្យុះនោះបន្តបោកបក់ឆ្ពោះទៅកាន់សហរដ្ឋអាមេរិគ ពិសេសរដ្ឋផ្លរីដា ដោយអាជ្ញាធរបានចេញបញ្ជាឲ្យជម្លៀសមនុស្សជាច្រើនរយពាន់នាក់ជាការបង្ការ ពីបណ្ដាតំបន់ជាប់មាត់សមុទ្រ។
វីដេអូនានាបង្ហាញពីរលកធំៗ មានកម្ពស់ដល់ដំបូលផ្ទះនិងបណ្ដានាវាដែលក្រឡាប់ រសាត់លើទឹកលាយភក់ លាយឡំនឹងបណ្ដាមែកឈើព្រមទាំងបំណែកនានា៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ WEATHER/ METEO WORLD & Antoine Llorca & TTWeatherCenter)
ចែករំលែកព័តមាននេះ