ខ្លោចចិត្តណាស់! នាំគ្នា​ជួយ​យកសពចេញ​ពី​​ក្នុង​កាប៊ីនកុងតឺន័រ​


ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​មួយ​បាន​កើតឡើង គឺ​រថយន្ត​ដឹក​ទូ​កុង​តឺន័រ​មួយ​គ្រឿង​បើក​បត់​កោង​ខ្លាំង​ពេក ស្រាប់តែ​ក្រឡាប់​ទូ​កុងតឺន័រ​សង្កត់ពីលើ​ក្បាល​រថយន្ត បណ្តាល​ឱ្យ​អ្នកបើកបរ​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ទល់មុខ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​សីហ​នុ ត្រង់​ចំណុច​ផ្លូវ​ចូល​ក្បាលឆាយ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អុី​វ ផា​ន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ខេត្តកំពង់ចាម ជា​អ្នកបើកបរ​រថយន្ត​ដឹកទូ​​កុងតឺន័រ​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣A-០៦៤៥ ។

តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ទោ អី សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​បើកបរ​រថយន្ត​ដឹក​ទូ​កុងតឺន័រ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បើកបរ​រថយន្ត​កុងតឺន័រ​នោះ​បត់​ស្តាំ​កោង​ខ្លាំង ស្រាប់តែ​ទូ​កុងតឺន័រ​ក្រឡាប់​សង្កត់ពីលើ​ក្បាល​រថយន្ត បណ្តាល​ឱ្យ​អ្នកបើកបរ​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​កំពុង​ជួយ​ទាញ​យក​សព​ចេញពី​ក្នុង​កាប៊ី​ន​រថយន្ត ដើម្បី​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​ដឹក​ទូ​កុងតឺន័រ​មួយ​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ