គេមិននឹកស្មានថា តារាសម្តែង និងជាតារាចម្រៀង ហ្វី យ៉ាដា ដែលថ្នឹកនឹងការសម្តែងជាច្រើនរឿង និងការច្រៀងតាមកញ្ចក់ទូរទស្សន៍ ស្រាប់តែឃើញនាងចូលមកកាន់កម្មវិធីមួយជាពិធីការិនីប្រចាំទូរទស្សន៍ជាតិកម្ពុជា ។
អ្វីដែលប្លែកសម្រាប់នាងបានចាប់ដៃគូជាមួយលោក សុខ សំណាង ពិធីកររូបសង្ហាមានបទពិសោធន៍ច្រើន ។ មានការដេញដោលច្រើននៅពេលដែលតារាសាច់ ស ញញឹមស្រស់ ហ្វី យ៉ាដា ចូលមកកាន់កម្មវិធីនោះ ព្រោះថា ទូរទស្សន៍ជាតិជ្រើសអ្នកបម្រើការងារថ្មីៗ ប្រសិនបើមិនឈ្លាសវៃ ពូកែ ហើយប៉ិនប្រសព្វលើការនិយាយឲ្យច្បាស់ពាក្យពេចន៍ គឺមិនអាចគ្រងការងារក្នុងកម្មវិធីបាននោះទេ ។
ហ្វេនៗរបស់ ហ្វី យ៉ាដា ភ្ញាក់ផ្អើលតែម្តង នៅពេលឃើញនាងបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ជាតិក្នុងកម្មវិធី «កុនខ្ញុំ» ដោយទឹកមុខរីករាយជាមួយដៃគូស្របពេលកម្មវិធីនោះកំពុងមានការតាមដានច្រើនពីទស្សនិកជន ។
ហ្វី យ៉ាដា បានឲ្យដឹងថា នាងបានបោះជំហានថ្មីមួយនេះ ពិតប្រាកដនៃកម្មវិធីនាទី «កុនខ្ញុំ»ដែលបានចាក់ផ្សាយ ២សប្តាហ៍មកហើយ ដែលមានលោក សុខ សំណាង ជាដៃគូហើយក៏ជាអ្នកគ្រប់គ្រងកម្មវិធីផងដែរ ។
នាងបន្តថា អ្វីដែលសំខាន់នាងមិនដែលចាប់ឱកាសនេះសោះ ហើយក៏រីករាយពេលបងប្រុស សំណាង ផ្តល់ពេលជូន ហើយឃើញពីចំណុចផ្សេងៗដែលអាចឲ្យនាងចូលរួមបាន ។ នាងមានតែខំប្រឹងពង្រឹងស្នាដៃនេះឲ្យល្អបន្ថែមពីលើការសម្តែង និងច្រៀងដោយយល់ថា មួយរយៈនេះស្នាដៃសិល្បៈកាន់តែរលូនជាងមុន ។
លោក សុខ សំណាង បានបានឲ្យដឹងថា មកពីឃើញនាងអាចបណ្តុះបណ្តាលបានហើយរូបសម្បត្តិវិញក៏សមរម្យ និងជាការពង្រីកស្នាដៃតារារលកក្រោយឲ្យផុសផុលឡើង ។ លោកអះអាងថា កម្មវិធី «កុនខ្ញុំ» ជាកម្មវិធីមួយជូនដល់ផលិតករ ឬចាងហ្វាងផលិតកម្មនានា និងសិល្បករទាំងអស់បង្ហាញពីភាពលំបាកក្នុងការថតភាពយន្តតាមឈុតឆាកនីមួយៗដែលមហាជនមិនដឹង ។ ជាពិសេសចង់ឲ្យទស្សនិកជនដឹងពីរឿងរ៉ាវផ្សេងៗ និងពីរឿងរ៉ាវតស៊ូរបស់តារានីមួយៗដែលលះបង់ ដើម្បីសិល្បៈមុនពេលល្បីឈ្មោះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ