ក្រោយទិញយកភាគហ៊ុន ៥៥% នៃធនាគារ ANZ Royal ពីក្រុមហ៊ុន ANZ Group ពេលនេះ J Trust បានចាប់ផ្តើមបម្រើសេវាកម្មជូនអតិថិជននៅកម្ពុជាហើយ ខណៈភាគហ៊ុន ៤៥% ទៀតកាន់កាប់ដោយក្រុមហ៊ុនដ៏មានកិត្តិសព្ទល្បីល្បាញ Royal Group។
លោក តូរូ ម្យូឈីន (Toru Myochin) អគ្គនាយកធនាគារ J Trust Royal Bank មានប្រសាសន៍ថា «ធនាគារ ANZ Royal មានកិត្តិសព្ទល្បីល្បាញជាយូរមកហើយក្នុងចំណោមធនាគារដែលទទួលបានការគោរព និងការជឿទុកចិត្តបំផុត ហើយយើងក៏មានបំណងសាងកេរ្តិ៍ឈ្មោះដូចនេះដែរ»។ លោកមានប្រសាសន៍ទៀតថា «គោលបំណងរបស់យើង គឺយកអតិថិជនជាចំណុចស្នូល។ យើងនៅទីនេះដើម្បីជួយគាំទ្រអាជីវកម្មរបស់អតិថិជនឱ្យកាន់តែរីកចម្រើន។ ដើម្បីធ្វើឱ្យសេវាធនាគាររបស់ J Trust Royal Bank កាន់តែងាយស្រួលខ្លាំងជាងមុនសម្រាប់អតិថិជនជាទីស្រលាញ់ យើងបានវិនិយោគធនធានយ៉ាងច្រើនទៅលើប្រព័ន្ធបច្ចេកវិទ្យា។ នេះប្រហែលជាការវិនិយោគធំបំផុតដែលគ្មានធនាគារណាមួយនៅកម្ពុជា ធ្លាប់បោះទុនពីមុនមកទេ»។
«ធនាគារ J Trust Royal Bank មានបំណងចូលរួមចំណែកដល់ការអភិវឌ្ឍជារួមនៃវិស័យហិរញ្ញវត្ថុក្នុងស្រុក និងសេដ្ឋកិច្ចកម្ពុជា ទាំងមូល។ ធនាគារនេះគ្រោងសម្រេចគោលដៅឱ្យបានពេញលេញតាមរយៈការប្រើប្រាស់ជំនាញរបស់ខ្លួនដែលទទួលបានពីសកម្មភាពអាជីវកម្មផ្សេងៗ»។
«ធនាគារ J Trust Royal Bank នឹងធ្វើប្រតិបត្តិការដោយប្រកាន់ខ្ជាប់នូវបាវចនា’អតិថិជនជាចម្បង’។ យើងខ្ញុំទាំងអស់គ្នានៅធនាគារ J Trust Royal Bank នឹងស្ដាប់មតិយោបល់របស់អតិថិជនដោយយកចិត្តទុកដាក់ ហើយប្រឹងប្រែងបំពេញតាមតម្រូវការរបស់អតិថិជនឱ្យបានល្អបំផុត។ នោះជាវិធីដែលយើងទំនាក់ទំនងជាមួយអតិថិជនជាទីស្រលាញ់របស់យើង»។
ចែករំលែកព័តមាននេះ