វត្ត​សម្បូរ​រង្សី អាយុ​ជាង​១​ពាន់​ឆ្នាំ កកើត​មុនគេ​នៅ​ដែនដី​កម្ពុជា​ក្រោម


វត្ត​សម្បូរ​រង្សី ជា​វត្ត​ល្បី​មួយ និង​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ដែនដី​កម្ពុជា​ក្រោម ។
យោង​តាម​ផេ​ក​សំឡេង​កម្ពុជា​ក្រោម បរិយាយ​ថា ចម្ងាយ​ពី​ទីរួមខេត្ត​ព្រះ​ត្រពាំង​ប្រមាណ​៤០​គីឡូម៉ែត្រ កំពង់​ស្ពាន គឺជា​ស្រុក​មួយ​ដែល​មាន​ខ្មែរក្រោម​រស់នៅ​យ៉ាង​កុះករ មាន​វត្ត​ខែ្ម​រទាំង​អស់​២២​វត្ត ក្នុង​ចំណោម​១៤១​វត្ត​នៃ​ខេត្ត​ព្រះ​ត្រពាំង ។

វត្ត​ទាំងនោះ​មាន​ដូច​ជា វត្ត​មហាពោធិ​វ័ន ហៅ​វត្ត​តា​ធៀ​វ កសាង​គ​.​ស​១៣៦៧ វត្ត​បទុម​សាគរ ហៅ​វត្ត​កំពង់​ស្ពាន កសាង​គ​.​ស​១៨១៨ វត្ត​រតនា​ទី​បា​រាម​កោះ​កែវ ហៅ អូរ​មិច​កសាង​គ​.​ស​១៦៥៧ វត្ត​បទុម​ក្រពុំ​រ័​ត្ន​កេសរ​បុ​បា្ផ​ច​ម្បា​មាស ហៅ​វត្ត​សំ​ណឹ​ង​ធំ កសាង​គ​.​ស​១៣៦៤ ជាដើម ។ ដោយឡែក​វត្ត​សម្បូរ​រង្សី ហៅ​វត្ត​សម្បូរ បាន​ស្ថាបនា​ឡើង​ក្នុង​គ​.​ស​៣៧៣ ស្ថិត​នៅ​ភូមិ​តា​ខៅ ឃុំ​ក្រសាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ស្ថាបនា​ឡើង​ក្នុង​ព​.​ស​៩១៧ គ​.​ស​៣៧៣ បើ​គិត​មក​ទល់​នឹង​បច្ចុប្បន្ន វត្ត​នេះ​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​មក​ហើយ ។ បើ​ពិនិត្យ​ទៅ​លើ​បញ្ជី និង​ស្ថិតិ​វត្ត​ខ្មែរ នៅ​កម្ពុជា​ក្រោម​ឃើញ​ថា វត្ត​សម្បូរ​រង្សី គឺជា​វត្ត​មួយ​ដែល​បាន​កសាង​ឡើង​មុនគេ​បង្អស់​ក្នុង​ចំណោម​វត្ត​ខ្មែរ​ដែល​បាន​កសាង​នៅ​ដែនដី​កម្ពុជា​ក្រោម ។

វត្ត​សម្បូរ​រង្សី មាន​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង ១១.១៧០​ម៉ែត្រក្រឡា វត្ត​នេះ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​អស់​៤​លើក​មក​ហើយ ។ ការ​រុះរើ​លើក​ទី​៤ ត្រូវ​បាន​កសាង​ព្រះ​វិហារ​ជា​ថ្មី ដឹកនាំ​ដោយ​ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម​ថា​ច់ យ៉ួ​ង និង​បាន​បញ្ចុះ​ខណ្ឌសីមា​នៅ​ឆ្នាំ​១៩៩៨ ។ ក្នុង​ពេល​ជួសជុល និង​កសាង​ឡើង ម្តង​ៗ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​យកចិត្តទុកដាក់ និង​រចនា ទៅ​តាម​ក្បូរក្បាច់​លំនាំ​វប្បធម៌​ខ្មែរ ។ ក្រៅពី​ព្រះ​វិហារ ដែល​បាន​កសាង​ចំ​កណ្តាល​ទីធ្លា​វត្ត​នោះ យើង​ប្រទះ​ឃើញ​កុដិ​សាលា​តូច​ធំ​ជា​ច្រី​ន ដូច​ជា សមណ​កុដិ​, កុដិ​របស់​ព្រះ​ចៅអធិការ​, កុដិ​សម្រាប់​អាគន្តុកៈ​, សាលាឆទាន និង​សាលារៀន ជាដើម ។ ជា​រៀង​រាល់​ឆ្នាំ វត្ត​តែង​បើក​សាលារៀន​អក្សរសាស្ដ្រ​ខ្មែរ និង​ភាសាបាលី សម្រាប់​កូនចៅ​ខ្មែរក្រោម​នៅ​ជុំវិញ​វត្ត និង​សមណ​សិស្ស​នានា​នៅ​ក្នុង និង​ក្រៅ​ខេត្ត​សិក្សា​រៀនសូត្រ មិន​ដែល​អាក់ខាន ។

បច្ចុប្បន្ន​វត្ត​សម្បូរ​រង្សី មាន​រក្សា​នូវ​ផ្ទាំងសិលា​ចារឹក​មួយ ដែល​មាន​ប្រវែង​បណ្តោយ​១,៧​ម៉ែត្រ ទទឹង​៤,៨ សង្ទីម៉ែត្រ កម្រាស់​០,៩​សង្ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល​៥០០​គីឡូក្រាម ។ ផ្ទាំង​សិលាចារឹក​នេះ​មាន​ចារ​អក្សរ​ខ្មែរ​បុរាណ​មួយ​បន្ទាត់ ដែល​ក្រៅពី​អ្នក​បុរាណវិទ្យា​មិន​អាច​អាន​បាន​ឡើយ ។ តែ​សេចក្តី​នៃ​អក្សរ​នៅ​ក្នុង​ផ្ទាំ​សិលាចារឹក​នេះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​បារាំង​ស្គាល់​យូរ​មក​ហើយ ដោយ​គេ​បាន​យក​ទៅ​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​សាលា​បារាំង​ចុង​បូព៌ ា (Bulletin de l’ecole Francaise l’Extrieme Orient XIX) កាលពី​ឆ្នាំ​១៩១៩ ។ កាល​ជំនាន់​នោះ វត្ត​នេះ​ឈ្មោះ​ថា សម្បូរ ប្រហែលជា​ហៅ​កាត់​ពី​សម្បូរ​រង្សី ហើយ​បច្ចុប្បន្ន​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ជុំវិញ​វត្ត​នេះ ក៏​នៅ​តែ​ហៅ​ថា វត្ត​សម្បូរ ដដែល ។ តួអក្សរ​ខ្មែរ​បុរាណ និង​សេចក្តី​ជា​ភាសាសំស្ក្រឹត​នេះ ត្រូវ​បាន​លោក​ហ្ស​ក ហ្សឺ​ដែ​ស បកប្រែ​ទៅ​ជា​ភាសា​បារាំង ហើយ​លោក​សាស្ត្រាចារ្យ​អាំង ជូ​លាន បាន​សរសេរ​មក​ជា​អក្សរ​ខ្មែរ​សម័យ​ថ្មី ថា «​ភោគី​ន្ទ្រា​ស្យ សហ​ស្រ​និ​ស្សត ច​ល​ជ្ជិ​ហ្មា​ត ទិ​ច្ចុ​ម្វិ​ត​» ប្រែ​សម្រួល​សេចក្ដី​មក​ជា​ភាសា​ខ្មែរ​ប្រែ​ថា «​ដោយ​មាន​ពន្លឺ​បត់បែន​ចេញពី​មាត់​ទាំង​មួយ​ពាន់ នៃ​ស្តេច​នាគ មក​បបោសអង្អែល​»​។

លោក​សាស្ត្រាចារ្យ​អាំង ជូ​លាន បាន​បញ្ជាក់​ថា នេះ​ជា​សិលាចារឹក​មួយ​ដែល​ចារ​ឡើង​នៅ​សតវត្សរ៍​ទី​៧ ឬ​ទី​៨ បើ​យោង​ទៅ​តាម​ការ​វិភាគ​តួអក្សរ គឺ​មុន​សម័យ​អង្គរ​ទៅ​ទៀត ប្រហាក់ប្រហែល​ខេត្តតាកែវ​សព្វ​ថ្ងៃនេះ ។ សិលា ចារឹក​នេះ​មាន​ចុះ​លេខ​បញ្ជី​សារពើ​ភណ្ឌ​ថា K.419 ។
យោង​តាម​ខ្លឹមសារ​សិលាចារឹក​នេះ ស្តេច​នាគ​ទាំង​មួយ​ពាន់​ដែល​ខ្មែរ​យើង​ធ្លាប់​គោរព​បូជា​តាំងពី​បុរាណ​មក​នោះ បញ្ចេញ​ពន្លឺ​យ៉ាង​ចិញ្ចាច​មក​បបោសអង្អែល​ថែរក្សា​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​នៅ​ក្នុងភូមិ​ស្រុក​មួយ​នេះ ទើប​វត្ត​នេះ ឈ្មោះ​ថា សម្បូរ​រង្សី គឺ​សម្បូរ​ពន្លឺ ។ ដូច្នេះ​សិលាចារឹក​នេះ គឺជា​ដួង​ព្រលឹង​របស់​វត្ត​សម្បូរ​រង្សី និង​ភស្តុ​តាង​មួយ​បញ្ជាក់​ឲ្យ​ឃើញ​ថា ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក​អាណាចក្រ​នគរ​ភ្នំ ឬ ដែនដី​កម្ពុជា​ក្រោម​សព្វថ្ងៃ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ