ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់បន្តដាក់ពាក្យបណ្តឹង…​សុំជួយឱ្យ​គូដណ្តឹងបាន​ត្រឡប់​​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជា​គូ​ដណ្តឹង​របស់​នារី​រង​គ្រោះ​ដែល​អះអាង​ថា ត្រូវ​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​អនាគត​ប្រពន្ធ​របស់​ខ្លួន ហើយ​បាន​បន្ត​ទៅដាក់​ពាក្យ បណ្តឹង​ជា​បន្តបន្ទាប់​ទទូច​សុំ​ឱ្យ​សមត្ថកិច្ច ក៏​ដូច​ជា​ស្ថានទូត​ចិន​ជួយ​អន្តរាគមន៍ ធ្វើ​យ៉ាងណា​ឱ្យ​គូ​ដណ្តឹង​របស់​ខ្លួន​បាន​ត្រឡប់មក​វិញ ។…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជា​គូ​ដណ្តឹង​របស់​នារី​រង​គ្រោះ​ដែល​អះអាង​ថា ត្រូវ​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​អនាគត​ប្រពន្ធ​របស់​ខ្លួន ហើយ​បាន​បន្ត​ទៅដាក់​ពាក្យ បណ្តឹង​ជា​បន្តបន្ទាប់​ទទូច​សុំ​ឱ្យ​សមត្ថកិច្ច ក៏​ដូច​ជា​ស្ថានទូត​ចិន​ជួយ​អន្តរាគមន៍ ធ្វើ​យ៉ាងណា​ឱ្យ​គូ​ដណ្តឹង​របស់​ខ្លួន​បាន​ត្រឡប់មក​វិញ ។ នៅ​ពេល​ថ្មីៗ​នេះ ​យុវជន​ជា​គូ​ដណ្តឹង​ក៏​បាន​បន្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ជា​ថ្មី​ម្តងទៀត​នៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ ។

យុវជន​រូប​នោះ​ឈ្មោះ អ៊ុ​ក សុ​ជាតិ អាយុ​៣៣​ឆ្នាំ រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ជា​អតីត​ពលករ​កូរ៉េ និង​កំពុង​រៀន​ភាសា​ជប៉ុន​ត្រៀម​ទៅ​ធ្វើ​ពលករ​ប្រទេស​ជប៉ុន​នៅ​ពេល​ខាង​មុខ​នេះ ។ ចំណែក​គូ​ដណ្តឹង​ឈ្មោះ ញ៉ សុខ​ច័ន្ទ ហៅ​តក់ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ រីឯ​ស្ត្រី​ជា​មេខ្យល់​ដែល​រង​ការ​ចោទប្រកាន់​នោះ​ឈ្មោះ ថោ​ង ស្រី​រ័​ត្ន អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​ស្រី ឃុំ​មេ​ព្រីង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

គួរ​បញ្ចា​ក់ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០១៩ យុវជន​ជា​គូ​ដណ្តឹង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ដោយ​សង្ស័យ​ថា គូ​ដណ្តឹង​របស់​ខ្លួន ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន​ព្រមទាំង​ទ​ទួ​ច​សុំ​ឱ្យ​សមត្ថកិច្ច​ហៅ​បងស្រី​របស់​មេខ្យល់​មក​សាកសួរ ។

ការ​ដាក់​ពាក្យបណ្តឹង បន្ទាប់​ពី​នារី​ជា​គូ​ដណ្តឹង​បាន​ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​កថា ខ្លួន​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ប្រទេស​ចិន ហើយ​កំពុង​តែ​អត់​ផ្ទះសំណាក់ នៅ​ព្រំប្រទល់​ក្នុង​ប្រទេស​វៀតណាម​និង​ចិន ព្រោះ​នារី​ដែល​ជា​គូ​ដណ្តឹង​បាន​ចាក​ចេញពី​ប្រទេស​ទៅ​ជាមួយ​នារី​ដែល​គេ​សង្ស័យ​ថា​ជា​មេខ្យល់ ដោយ​ពុំ​បាន​ប្រាប់​ឪពុក​ម្តាយ និង​គូ​ដណ្តឹង​ឱ្យ​បានដឹង​ឡើយ ។

តាម​បុរស​ដែល​ជា​គូ​ដណ្តឹង​បានឱ្យ​ដឹង​ថា​ខ្លួន​បាន​ស្គាល់​នាង សុខ​ច័ន្ទ តាម​រយៈ​ការ​លេង​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​ស្រឡាញ់​គ្នា​រយៈពេល​ប្រមាណ​៣​ឆ្នាំ​ហើយ ខណៈ​ពេល​ដែល​ខ្លួន​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ ។ បន្ទាប់​ពី​ស្រឡាញ់​គ្នា​យ៉ាង​ល្អូក​ល្អឺ​ន ពេល​មក​ពី​កូរ៉េ​វិញ​ខ្លួន​ក៏​បាន​ចូល​ដណ្តឹង​នាង​កាលពី​១​ឆ្នាំ​មុន ដើម្បី​យក​ធ្វើ​ជា​គូ​អនាគត ។ លុះ​ក្រោយមក​ពួក​គេ​ក៏​បាន​សម្រេចចិត្ត​ប្រឡង​ចូល​រៀន​ភាសា​ជប៉ុន​ជាប់​ទាំង​២​នាក់ ដើម្បី​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន តែ​ខ្លួន​គឺ​រៀន​ចប់​មុន ហើយ​ត្រៀម​ទៅ​ធ្វើ​ពលករ​ជប៉ុន​នៅ​ខែធ្នូ ឆ្នាំ​២០១៩ ចំណែក​នាង សុខ​ច័ន្ទ​គឺ​ទៅ​ជប៉ុន​នៅ​វគ្គ​បន្ទាប់ ។

តាម​បុរស​ជា​គូ​ដណ្តឹង​បានឱ្យ​ដឹង​ទៀត​ថា ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែសីហា គូ​ដណ្តឹង​របស់​ខ្លួន​បាន​ទូរស័ព្ទ​មក​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ប្រាប់​ថា ខ្លួន​ត្រូវ​បាន​ឈ្មោះ ថោ​ង ស្រី​រ័​ត្ន យក​ទៅ​ប្រទេស​ចិន ទៅ​ដល់​ព្រំប្រទល់​ប្រទេស​វៀតណាម ចិន​តាំងពី​ថ្ងៃ​២០ សីហា ។ ពេល​ទៅ​ដល់​មាន​មេខ្យល់​វៀតណាម​ប្រុស​ចេះ​ខ្មែរ​មិន​ស្គាល់ឈ្មោះ​នាំ​ទៅ​សម្រាក​នៅផ្ទះ​សំណាក់​ហើយ​មាន​ជនជាតិ​វៀតណាម​៤​នាក់ បាន​នាំ​ទៅ​បង្ខាំង​ក្នុងផ្ទះ ដើម្បី​ត្រៀម​យក​ទៅ​ប្រទេស​ចិន ។

ការ​ទាក់ទង​គ្នា រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​១​រសៀល​ត្រូវ​គូរ​ដណ្តឹង​ប្រាប់​ថា មាន​ថៅកែ​ជា​ជនជាតិ​ចិន​ចេះ​ខ្មែរ​៤​នាក់​មិន​ស្គាល់​ឈ្មោះ យក​រថយន្ត​មក​ដឹក​ចូល​ប្រទេស​ចិន​ហើយ ទាក់ទង​លែង​បាន​ដោយ​ហ្វេ​ស​ប៊ុ​ក ត្រូវ​គេ​BLOCK​ចោល ។

តាម​បុរស​ជា​គូ​ដណ្តឹង​ក៏​បានឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ខ្លួន​បាន​ទទួល​ឆាត​ពី​ស្ត្រី​ដែល​សង្ស័យជា​មេខ្យល់​ដោយ​ប្រាប់​ថា បើ​ចង់ឱ្យ​នាង​ត្រឡប់​មក​វិញ​ឱ្យ​ផ្ញើ​លុយ​ទៅ​ឱ្យ​ក្រោយមក​ហ្វេ​ស​ប៊ុ​ក​ក៏​បាន​BLOCK​ទៀត ។ បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង​នគរបាល​ក៏​បាន​ហៅ​បងស្រី​មេខ្យល់​មក​សាកសួរ​តែ​នាង​ប្រាប់​ថា អត់​ដឹង​នោះ​ទេ ។

ដោយ​ក្តី​បារម្ភ​ពី​សុវត្ថិភាព​គូ​ដណ្តឹង បុរស​រូប​នោះ​ក៏​បាន​ទៅ​បន្ត​ដាក់​ពាក្យបណ្តឹង នៅ​នាយកដ្ឋាន​ប្រឆាំង​
ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​២៧​ខែសីហា ឆ្នាំ​២០១៩ ។ នៅ​ក្នុង​ពាក្យ​បណ្តឹង យុវជន​ឈ្មោះ អ៊ុ​ក សុ​ជាតិ ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ឈ្មោះ ញ៉ សុ​ច័ន្ទ ដែល​ជា​គូ​ដណ្តឹង ឱ្យ​បាន​ត្រឡប់​មក​ប្រ​ទស​កម្ពុជា​វិញ​ផង ។ ទន្ទឹម​នោះ យុវជន​រូប​នោះ​ក៏​មានការ​ព្រួយបារម្ភ​ពី​វាសនា​​គូ​ដណ្តឹង​របស់​ខ្លួន ដែល​ចាញ់បោក​មេខ្យល់​នាំ​លក់​ប្រទេស​ចិន ៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ