បាតុកម្ម​រុំា​រ៉ៃ​នៅ​ហុងកុង​កំពុង​បង្កើត​ផល​ប៉ះពាល់​អាជីវកម្ម​ទំនិញ​អន​ឡាញ​នៅ​កម្ពុជា


​រាជធានី​ភ្នំពេញ ៖ បញ្ហា​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​ដែល​បាន​អូស​បន្លា​ញ​ពេល​ជិត ៣ ខែ​កន្លង​ទៅ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​និង​មានការ​ព្រួយ​បារ​ម្ម​ណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​និង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ សម្រាប់​កម្ពុជា​វិញ​បាតុកម្ម​ដែល​ប្រែ​ក្លាយទៅជា​កូដកម្ម​និង​កុបកម្ម​ផង​នោះ បាន​នឹង​កំពុង​តែ​ប៉ះពាល់​ដល់​អ្នក​ប្រកប​អាជីវកម្ម​មួយ​ចំនួន​នៅ​កម្ពុជា ជា​ពិសេស​អាជីវកម្ម​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​អាជីវករ​ខ្មែរ និង​ហុងកុង ព្រោះ​កា​រប​ញ្ជួ​ន​ទំនិញ​មានការ​យឺតយ៉ាវ ។ ជាក់ស្ដែង​ទំនិញ​ដែល​អាជីវករ​កម្ពុជា​កុម្ម​ង់​កាលពីមុន គឺ​យូរ​បំផុត​ត្រឹមតែ​២​ស​ប្ដា​ហ៍នឹង​ទទួល​បាន​ទំនិញ តែ​ពេល​នេះ​ការ​ផ្ញើ​ទំនិញ​ពី​ហុងកុង​មក​កម្ពុជា​បាន​អូស​បន្លាយពេល​យូរ ។

​បើ​តាម​អ្នកស្រី ទៀង អាជីវករ​កម្ពុជា ដែល​នាំ​ទំនិញ​ពី​ហុងកុង​មក​លក់​និង​ចែកចាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​អន​ឡាញ​បានឱ្យ​ដឹង​ថា «​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ ទំនិញ​ដែល​ខ្ញុំ​កុម្ម​ង់​ពី​ហុងកុង​មក​កម្ពុជា​ហាក់​មានការ​យឺតយ៉ាវ​ជាង​សព្វដង ហើយ​មាន​អតិថិជន​ខ្មែរ​ខ្លះ​ចាប់ផ្ដើម​អន់ចិត្ត​ឬ​ខឹង ដោយសារ​តែ​ទំនិញ​របស់​ខ្លួន​កុម្ម​ង់​មិន​បាន​មក​ដល់​តាម​ពេលវេលា​កំណត់ ដោយសារ​តែ​បញ្ហា​មួយ​ចំនួន​ដែល​កើត​មាននៅ​ហុងកុង​» ។ ​អ្នកស្រី​បាន​បន្ត​ថា ភាគី​ខាងយើង បាន​សាកសួរ​ទៅ​ភាគី​ហុងកុង​ថា​តើ​ហេតុ​អ្វី​ទើប​ទំនិញ​របស់​យើង​មិន​បាន​មក​ដល់​កម្ពុជា​តាម​ពេលវេលា តែ​ភាគី​ហុងកុង​មិន​បាន​ប្រាប់​យើង​ថា​មក​ពី​បាតុកម្ម​និង​ភាព​ហ្វឹក​វរ​នៅ​ហុងកុង​ឡើយ ។ ពួក​គេ​ប្រាប់​ថា ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល ទើប​ធ្វើ​អោយ​កប៉ាល់​ដឹក​ទំនិញ​ត្រូវ​យឺតយ៉ាវ មិន​មក​ដល់​គោលដៅ​តាម​ពេលវេលា ។ មួយទៀត​គេ​ប្រាប់​យើង​ថា ដោយសារ​តែ​ច្រ​លំ​អីវ៉ាន់ ដោយ​អីវ៉ាន់​ដែល​ត្រូវ​ដឹក​មក​កម្ពុជា បែរជា​ដឹក​ទៅ​ប្រទេស​ផ្សេង​ទៅ​វិញ​ដូច​ជា​ដឹក​ទៅ​វៀតណាម​ជាដើម ទើប​ធ្វើ​ឱ្យ​មានការ​យឺតយ៉ាវ​ក្នុង​ការ​ដឹក​ត្រលប់​មក​កម្ពុជា​វិញ ។ តែ​យ៉ាងណា​ក៏​ដោយ ជា​ការ​កត់សម្គាល់​អីវ៉ាន់​ចាប់ផ្ដើម​មាន​បញ្ហា​យឺតយ៉ាវ ចាប់តាំងពី​លេចលឺ​ព័ត៌មាន​ភាព​ហ្វឹក​វរ​នៅ​ទីក្រុង​ហុងកុង​ម្ល៉េះ ។

ដោយឡែក​កញ្ញា ចិន្តា ដែល​ជា​អ្នក​ប្រកប​មុខរបរ​លក់​អន​ឡាញ​ដែរ​នោះ ក៏​បានអោយ​ដឹងផង​ដែរ​ថា​ដោយសារ​តែ ការ​កុម្ម​ង់​ទំនិញ​ពី​ហុងកុង​ដោយ ផ្ទាល់ មានការ​យឺតយ៉ាវ ទើប​កញ្ញា​សម្រេចចិត្ត​កុម្ម​ង់​ទំនិញ​ហុងកុង តាម​រយៈ​ក្រុមហ៊ុន​វៀតណាម​វិញ ។ ​កញ្ញា​បាន​បន្ត​ថា «​វៀតណាម​គេ​មាន​ស្តុក ( ឃ្លាំង​ផ្ទុកទំនិញ ) ធំ ដូច្នេះ គេ​អាច​ទិញ​ទំនិញ​ពី​ហុងកុង​ម្ដង​ច្រើន​បាន ហើយ​យក​ដាក់​ក្នុង​ស្តុក​របស់​គេ រួច​ចែកចាយ​ទៅ​ដៃគូ​បន្ត​ទៀត ដូច​ជា​បញ្ជូន​មក​កម្ពុជា ជាដើម អ​ញ្ចឹ​ង​ហើយ​ទើប​ការ​កុម្ម​ង់​ទំនិញ​ពី​វៀតណាម​លឿន​ជាង​ពី​ហុងកុង » ។

អាជីវករ​ម្ចាស់​អាជីវកម្ម​អន​ឡាញ​រូប​នេះ​បាន​បន្ត​ថា ការ​កុម្ម​ង់​ទំនិញ​តាម​រយៈ​វៀតណាម​លឿន​ដូច្នេះ ទើប​មិន​ធ្វើ​អោយ​អតិថិជន​របស់​ខ្លួន​អន់ចិត្ត​ឡើយ ដូច្នេះ នៅ​តែ​អាច​រក្សា​ម៉ូយ​បាន​ដដែល តែបើ​កុម្ម​ង់​តាម​ហុងកុង​ផ្ទាល់ ទាល់តែ​កុម្ម​ង់​អោយ​ច្រើន​ហើយ​យក​មក​ទុក​ក្នុង​ស្តុក​ដោយ​ខ្លួនឯង តែ​យើង​មិន​មាន​ស្តុក​ធំ​សម្រាប់​ផ្ទុក​ទេ អ​ញ្ចឹ​ង​យើង​អាច​កុម្ម​ង់​ទំនិញ​ម្ដង​បន្តិច​មក​លក់ ។ កញ្ញា​និយាយ​ថា​៖« យើង​កុម្ម​ង​ទំនិញ លុះត្រាតែ​មានការ​កុម្ម​ង់​ពី​អតិថិជន​ទើប​យើង​កុម្ម​ង់​បន្ត យើង​មិន​អាច​កុម្ម​ង់​ទំនិញ​រាប់​តោន​មក​ទុក​បាន​ទេ ព្រោះ​យើង​អ្នក​រកស៊ី​អន​ឡាញ​ខ្នាត​តូច មិន​មាន​លទ្ធភាព​អី​សង់​ឃ្លាំង​ធំ​ៗ ដើម្បី​ស្តុក​ទំនិញ​បាន​ទេ » ។ ​អាជីវករ​ខ្លះ​ទៀត​បាន​អះអាង​ថា ដោយសារ​តែ​ការ​យឺតយ៉ាវ​នៃ​កា​រប​ញ្ជួ​ន​ទំនិញ​ពី​ហុងកុង​មក​កម្ពុជា ធ្វើ​ឲ្យ​អតិថិជន​មួយ​ចំនួន​បាន​លុប​ចោលការ​កម្ម​ង់ ធ្វើ​ឲ្យ​ទំនិញ​ដែល​មក​ដល់​កម្ពុជា​យឺតយ៉ាវ​នោះ ពិបាក​នឹង​លក់​ចេញ ឬ​ត្រូវ​លក់​ក្នុង​តម្លៃ​ខាត ។
«​ភ្ញៀវ​ខ្លះ​គាត់​ចង់បាន​ឥ​វ៉ា់​ន់ក​ម្មង់​ត្រឹម ២ ស​ប្តា​ហ៍ តែ​ពេល​នេះ​កា​រប​ញ្ជួ​ន​ឥ​វ៉ា​ន់​ដូច​ជា​ខោអាវ កាបូប និង​ស្បែកជើង​ដែល​មាន​លក្ខណៈ​ជា Top Grade មានការ​យឺតយ៉ាវ អ​ញ្ចឹ​ង​ភ្ញៀវ​របស់ខ្ញុំ​គាត់​អន់ចិត្ត ហើយ​ខ្លះ​មិន​ព្រមយក​ទំនិញ​ពេល​ទំនិញ​មក​យឺត​ពេល​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកស្រី ផា ភួង ដែល​ជា​អាជីវករ​លក់​ខោអាវ និង​កាបូប យក​ពី​ហុងកុង ជាង ៥ ឆ្នាំ​កន្លង​មកនេះ ។ ​អ្នកស្រី​បាន​បន្ត​ថា​ទំនិញ​ប​ញ្ជួ​ន​ពី​ហុងកុង​មក​កម្ពុជា​ពី​មុន​យូរ​បំផុត​ត្រឹម ២ ស​ប្តា​ហ៍ តែ​ឥ​វ៉ា​ន់​ចុង​ក្រោយ​ដែល​អ្នកស្រី​កម្ម​ង់​តាំងពី​ចុងខែ ៦ មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​មក​ដល់​កម្ពុជា​នោះ​ទេ ។ ​អ្នកស្រី​បញ្ជាក់ «​ការ​ពិត​ទៅ តិច​ឬ​ច្រើន គឺ​ការ​ធ្វើ​បាតុកម្ម​នៅ​ហុងកុង​ពិតជា​ប៉ះពាល់​ដល់​ពួក​ខ្ញុំ​អ្នក​រកស៊ី​ពិតមែន ព្រោះ​រយៈពេល​នៃ​ការ​មក​ដល់​នៃ​ទំនិញ​ពី​ហុងកុង​មក​ដល់​ភ្នំ
ពេញ​ឥឡូវនេះ គឺ​យូរ​ជាង​មុន​ខ្លាំង អ​ញ្ចឹ​ង​ខ្ញុំ​ក៏​បាត់​ម៉ូយ​មួយ​ចំនួន​ដែរ ដោយសារ​តែ​មិន​មាន​ឥ​វ៉ា​ន់​ជូន​ភ្ញៀវ​តាម​ការ​កំណត់​» ។

​សូម​បញ្ជាក់​ថា ហុងកុង​នៅ​រយៈពេល​ប្រមាណ​ជិត​៣​ខែ​នេះ បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន បាន​កើតឡើង​ពេញទី​ក្រុង​មួយ​នេះ ហើយ​បាតុករ​បាន​ដើរ​ស្រែក​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ទីក្រុង​កោះ​មួយ​នេះ ។​យ៉ាងណាមិញ​តាម​ប្រភព​ព័ត៌មាន​បរទេស​បាន​សរសេរ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង​ក៏​បាន​ត្រូវ​ផ្អាក​ដោយពេល​ផង​ដែរ ដោយសារ​តែ​មានការ​ប៉ះទង្គិច​រវាង​បាតុករ​និង​កំលាំង​សមត្ថកិច្ច​ហុងកុង ។ ដោយឡែក​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា ក៏​បាន​ប្រកាស​ដល់​អ្នកដំណើរ​ឱ្យ​បើ​មើល​ព័ត៌មាន​ជើងហោះហើរ​ពី​កម្ពុជា​ទៅ​ក្រុង​ហុងកុង​ដែរ ព្រោះថា​ជើងហោះហើរ​មួយ​ចំនួន​មានការ​ប៉ះពាល់​ពី​បាតុកម្មហិង្សារ​នៅ​ហុងកុង ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា អាជីវកម្ម​លក់ទំនិញ​អន​ឡាញ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ក៏​ត្រូវ​បាន​មើលឃើញ​ថា​មាន​កំណើន​ឡើង​គួរ​អោយ​កត់សម្គាល់ ហើយ​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​កំពុង​អនុម័ត​ច្បាប់​ស្ដី​ពី​អាជីវកម្ម​អន​ឡាញ​នេះ​ដែរ​នៅ​កម្ពុជា​ដែរ ដើម្បី​គ្រប់គ្រង​នូវ​ហានិភ័យ​មួយ​ចំនួន​ដែល​នឹង​កើតឡើង​ពី​ការ​រកស៊ី​មិន​ស្មោះត្រង់​ចំពោះ​ជន​មួយ​ចំនួន ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ