ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​វាល​រំពេ​ខែវស្សា​ទឹក​ស្រក ខែ​ប្រាំង​ទឹក​​ឡើង ព្រោះតែ​មាន​ស្ដេច​នាគ​រស់​នៅ​​ទី​នោះ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អ្នកស្រុក​រស់នៅ​ក្បែរ​បឹង​វាល​រំពេ ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ចង់​ឃើញ​ការ​អភិ​វឌ្ឍន៍​បឹង​នេះ​ឱ្យទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​មួយ សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ព្រោះ​ទឹក​បឹង​នេះ​មាន​ស្ថានភាព​ចម្លែក ខែប្រាំង​ទឹក​ឡើង លុះ​ខែវស្សា​ទឹក​ស្រក​ខុស​ពី​ធម្មតា…

ខេត្តស្ទឹងត្រែង ៖ អ្នកស្រុក​រស់នៅ​ក្បែរ​បឹង​វាល​រំពេ ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ចង់​ឃើញ​ការ​អភិ​វឌ្ឍន៍​បឹង​នេះ​ឱ្យទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​មួយ សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ព្រោះ​ទឹក​បឹង​នេះ​មាន​ស្ថានភាព​ចម្លែក ខែប្រាំង​ទឹក​ឡើង លុះ​ខែវស្សា​ទឹក​ស្រក​ខុស​ពី​ធម្មតា ។

បឹង​វាល​រំពេ​ស្ថិត​នៅ​ក្នុងភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ជាប់​ផ្លូវជាតិ​លេខ​៧៨ ។ ស្រី្ត​ឈ្មោះ​ភ្លិ នឿ​ន រស់នៅ​ក្បែរ​បឹង​វាល​រំពេ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រៀបរាប់​ឲ្យ​ដឹង​ថា ភាព​ចម្លែក​តាម​ចាស់ទុំ​និយាយ ត​ៗ​គ្នា គឺ​កើត​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ ចំណែក​បច្ចុប្បន្ន​ស្ថានភាព​ទឹក​បឹង​នៅ​តែ​មាន​កម្រិត​ចុះឡើង​ធ្វើ​ឱ្យ​អ្នកទេសចរ​ទៅ​មក​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៧៨​ចាប់​អារម្មណ៍ ដោយសារ​នៅ​ខែប្រាំង​ទឹក​បឹង​បាន​ឡើង​លិច​ផ្ទះសម្បែង និង​ផលដំណាំ​ខ្ទេចខ្ទី​អស់​ចំណែកឯ​ខែវស្សា​ភ្លៀង​ធ្លាក់​ជោកជាំ​ហូរ​ចូល​បឹង​បែរជា​ស្រក​ទៅ​វិញ ។

ស្រី្ត​ងួ​ន ស៊ី​ន រស់នៅ​ក្បែ​នោះ​ដែរ​បាន​លើក​ឡើង​ថា អ្នក​ភូមិ​ពុំ​សូវ​ចាប់អារម្មណ៍​ទេ ដោយសារ​តែ​ស្ថានភាព​កើត​មាន​រាល់​រដូវ​ទៅ​ហើយ តែ​វា​ប្លែក​សម្រាប់​អ្នក​ទេចរ​ជាតិ និង​អន្តរជាតិ​ដោយ​ចាប់​អារម្មណ៍​ចង់​ឃើញ ហើយ​ចង់ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ឱ្យទៅ​ជា​កន្លែង​ង​កម្សាន្ត ។

ស្រី្ត​ដដែល​បន្ត​ថា «​ចម្លែក​មួយទៀត​នៅ​ក្នុង​បឹង​វាល​រំពេ​នេះ​រាល់​ថ្ងៃសីល ពេល​ព្រលប់​ឡើង​មាន​សត្វ​មរ​ទឹកបាន​ផុស​ឡើង​បង្ហាញខ្លួន​ឱ្យ​អ្នក​ទៅ​រក​ត្រី​ដង​កំពឹស​នៅ​បឹង​នេះ​ឃើញ​ស្ទើរតែ​គ្រប់​គ្នា»។

លោកតា​សៅ មី អាយុ​៨៦​ឆ្នាំ មាន​ប្រសាសន៍​ថា «​ទីតាំង​តំបន់​បឹង​វាល​រំពេ ចាស់ទុំ​ជំនាន់​ដើម​បាន​ប្រមូលផ្តុំ​គ្នា​រៀបចំ​កន្លែង​នេះ​សម្រាប់​ធ្វើបុណ្យ នៅ​រដូវប្រាំង​ទឹក​ឡើង​ពេញព្រៀប​ចាប់ពី​ខែតុលា​ដល់​ខែមីនា មុន​រដូវ​ចូល​ឆ្នាំ ។ ចំណែក​នៅ​រដូវវស្សា​ទឹក​ស្រក​ដោយសារ​សត្វ​ស្តេច​នាគ​ទឹក​ចេញពី​រូង ពេល​ភ្លៀង​មក​ទឹក​ហូរ​ទៅ​តាម​រូង​នោះ​ចុះ​ទៅ​ក្នុង​ទន្លេ​អស់ ។ លុះដល់​ខែប្រាំង ទឹក​ស្រក​ដោយសារ​សត្វ​ស្តេច​នាគ​ទឹកបាន​ចូល​មក​នៅ​ក្នុង​រូង​វិញ ទើប​ខែប្រាំង​បឹង​វាល​រំពេ​មានទឹក​ឡើង​លិច​មក​ដល់​ថ្នល់ »​។

ចំណែក​មន្ត្រី​ជំនាញ​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​បាន​អះអាង​ថា «​នេះ​ជា​អព្ភូតហេតុ​ចម្លែក «​ភ្លៀង​ច្រើន​អត់​ទឹក​» ចំណែក​ខែប្រាំង​អត់​ភ្លៀង​បែរ​ទឹក​ឡើង​ច្រើន​ទៅ​វិញ ។ រឿង​បែប​នេះ​មាន​យូរ​មក​ហើយ តែ​មិន​ទាន់​មាន​អ្នកជំនាញ​ណា​មក​សិក្សា​ស្រាវជ្រាវ​រកហេតុ​ផល​ទេ ដូច្នេះ​សូម​អំពាវនាវ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​មក​សិក្សា​ស្រាវជ្រាវ​ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ទឹក​ឡើង​នៅ​រដូវប្រាំង​បែប​នេះ​ដើម្បី​ថែរក្សា​ទុក និង​បង្កើត​តំ​នប់​នេះ​ឱ្យទៅ​ជា​តំបន់​អេកូ​ទេស​ចរណ៍​ធម្ម​ជាតិ​ថែម​ទៀត​ផង »៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ