រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានលេចធ្លោនៅលើសង្វៀនប្រដាល់នាពេលចុងក្រោយនេះ កីឡាករជើងខ្លាំងវ័យក្មេង ហ៊ឹម គឹមរៀង បាន ឡើងកូដដោយឡើងប្រកួតនៅលើសង្វៀនអន្តរជាតិតែម្ដង ។ នៅថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០១៩ គេនឹងប៉ះជាមួយកីឡាករថៃ ផ្លយ ដេង ដែលជាជើងខ្លាំងម្នាក់នៅប្រទេសថៃ ។ សម្រាប់ គូនេះ គេរំពឹងថាពិតជាធ្វើឲ្យរញ្ជួយសង្វៀនអន្តរ ជាតិនៅក្នុងព្រឹត្តិការណ៍ Tv5 Knock out Serie by K-Cement ដែលជាការប្រកួតឈានដល់ការជម្រុះពី៣២នាក់យក១៦នាក់ក្នុងសប្ដាហ៍បន្ទាប់។
ការប្រកួតដែលចាប់ផ្ដើមនៅម៉ោង៦ល្ងាច ត្រូវគេរំពឹងខ្ពស់ថាក៏មិនខុសពីការប្រកួតអន្តរ ជាតិមុនៗនោះដែរ ដោយសារតែភាពជាក់ស្ដែងគឺដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពឹសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក៏មានកំណើនអ្នករស់នៅច្រើនឡើង ។
កីឡាករកម្ពុជាដែលជាជើងថ្មីឡើងកូដ ត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណ ក្រោយពីមានការប្រកាសថា តម្រូវឲ្យស្វាគមន៍ជើងខ្លាំងមកពីប្រទេសថៃ ផ្លយ ដេង ដែលអ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំង ធ្លាប់ប្រកួតឈ្នះកីឡាករកម្ពុជាកន្លងមក ។
វត្តមានកីឡាករកម្ពុជានិងថៃក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្តភាពនោះទេ ពិតជាធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់ មានការចាប់អារម្មណ៍ ។ ជាពិសេស វត្តមានរបស់កីឡាករ ហ៊ឹម គឹមរៀង ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកីឡាកររូបនេះ បាត់មុខមួយរយៈមកហើយ ។
សមាសភាពគូអន្តរជាតិនេះត្រូវបានគេអះអាងថា មានការសម្រាំងយ៉ាងពិសេសដើម្បីឲ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ ក្នុងពេលដែលសប្ដាហ៍នេះគឺជាសប្ដាហ៍ដែលតម្រូវឲ្យអ្នកមានឈ្មោះក្នុងវគ្គថ្មីទាំង៤នាក់ឡើងប្រកួតចាញ់ធ្លាក់ៗ ដើម្បីប្រកួតដណ្ដើមយកកៅអី១៦នាក់ ក្នុងជំហានដំបូងឆ្ពោះទៅកាន់ជើងឯក ។
លោក សេង កដិកា អ្នករៀបចំការប្រកួត បញ្ជាក់ថា សមាសភាពខាងកម្ពុជាសម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ ហ៊ឹម គឹមរៀង ដោយសារតែរូបគេគឺជាជើងខ្លាំង ហើយបើទោះជាគេទើបតែឡើងកូដ ប៉ុន្តែសមត្ថភាពល្អលោកពេញចិត្ត ។ លោកសម្រេចដាក់ឲ្យប្រកួតជាលក្ខណៈអន្តរជាតិ គឺដោយសារតែកីឡាកររូបនេះមានសមត្ថភាពខ្លាំងក្នុងរយៈ ពេលចុងក្រោយនេះ និងទទួលបានការចាប់ អារម្មណ៍នៅក្នុងវិស័យប្រដាល់ ។
លោក សេង កដិកា ប្រកាសថា វត្តមានរបស់កីឡាករ ផ្លយ ដេង លោកចង់ផ្ដល់ឱកាសឲ្យ ហ៊ឹម គឹមរៀង ដោយសារតែអ្នកទាំងពីរសុទ្ធតែជាជើងខ្លាំងដូចគ្នា ទើបលោកហ៊ានសម្រេច ផ្គូផ្គង បើទោះជាអ្នកគាំទ្រភាគច្រើនថាកីឡាករកម្ពុជាអាចនឹងពិបាកទប់ជាមួយកីឡាករថៃ ព្រោះគេជាជើងថ្មីក៏ដោយ ។
លោកបានកំ ណត់ឲ្យកីឡាករកម្ពុជា ហ្វឹកហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍ផងដែរ មុនពេលផ្គូផ្គង ទើបលោកយល់ថាកីឡាករកម្ពុជារូបនេះ គ្រប់គ្រាន់សម្រាប់ឲ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដាក់ឲ្យប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍ទី៣១ ខែសីហា ។
លោក សេង កដិកា និយាយថា កីឡាករកម្ពុជានិងថៃ សុទ្ធតែត្រូវបានអះអាងថាមានការតៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងៗខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។
គូនេះ មានការចាប់អារម្មណ៍ភាគច្រើន ដោយរំពឹងថានឹងមានអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្ត និងចង់ដឹងពីបទពិសោធន៍អ្នកទាំងពីរ នៅពេលប៉ះគ្នា ។ ម្យ៉ាង កីឡាករកម្ពុជា ហុឹម គឹមរៀង មិនសូវមានទម្លាប់ឡើងវ៉ៃលាក់ដៃស្រាប់ ស្របគ្នានឹងភាពក្លាហាននិងវាយស៊ូផង ទើបលោកពេញចិត្ត។
លោក សេង កដិកា បន្តថា ជំនួបជាលក្ខណៈអន្តរជាតិដែលបានធ្វើឡើងនៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកឲ្យអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២ លោកជឿជាក់ថានឹងកក្រើក ដោយសារកីឡាករថៃលោកស្គាល់ថ្វីដៃច្បាស់ហើយថា មិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជាវិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តលោក តាំងពីមុនផ្គូផ្គង ។
ទោះជាយ៉ាងណា កីឡាករកម្ពុជាដ្បិតថារូបលោកនិងអ្នកគាំទ្រទុកចិត្តពីសមត្ថភាពក្តី តែបើគេប្រកួតមិនល្អ ឬមិនអស់ពីសមត្ថភាព ក៏ពិតជារងការរិះគន់មិនតិចដែរ ទើបតម្រូវឲ្យគេត្រូវតែប្រកួតឲ្យខ្លាំង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ