សហរដ្ឋអាមេរិក-អាហ្វហ្គានីស្ថាន ៖ ការចរចារវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់ បានឈានចូលដល់ខ្សែបន្ទាត់ចុងក្រោយហើយដោយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំប្រកាសកាលពីថ្ងៃទី២៩សីហាថា ក្នុងករណីមានកិច្ចព្រមព្រៀងមួយ នោះទាហានអាមេរិក៨៦០០នាក់ នឹងស្ថិតក្នុងគ្រាដំបូងនៅអាហ្វហ្គានីស្ថាន តែលោកពុំបានរៀបរាប់ពីភាពលម្អិតនៃវត្តមានកងទាហានទាំងនោះក្នុងរយៈពេលយូរប៉ុណ្ណាឡើយ។
ក្នុងបទសម្ភាសន៍មួយផ្សាយតាមវិទ្យុរបស់FOX NEWSលោកត្រាំថ្លែងថា គេនឹងកាត់បន្ថយចំនួនកងទាហានមកនៅត្រឹម៨៦០០នាក់ ហើយបន្ទាប់ពីនេះ គេនឹងចាំមើលថាតើមានអ្វីទៀត។ លោកបន្តថាយើងនឹងត្រូវមានវត្តមានបន្តទៀតនៅអាហ្វហ្គានីស្ថាន។
ទាហានអាមេរិករវាងពី១៣.០០០ទៅ១៤.០០០នាក់ បច្ចុប្បន្នដាក់ពង្រាយនៅអាហ្វហ្គានីស្ថាន ជាកន្លែងដែលអាមេរិកធ្វើអន្តរាគមន៍ពីឆ្នាំ២០០១មក ដើម្បីតាមប្រមាញ់ បណ្ដាញជីហាដអាល់កៃដា ជាអ្នកទទួលខុសត្រូវលើការវាយប្រហារភេរវកម្មថ្ងៃទី១១កញ្ញា និងកម្ចាត់ពួកតាលីបង់ឲ្យខ្ទាតចេញពីអំណាច។
ចាប់តាំងពីពេលនោះមក ពួកតាលីបង់ក្លាយជាពួកបះបោរហើយអាមេរិកបញ្ជូនទ័ពមកកាន់ទីនោះ ដល់ទៅ៩៨.០០០នាក់ពេលមានការប្រយុទ្ធគ្នាខ្លាំងក្លាក្នុងឆ្នាំ២០១១។ មុនបញ្ចប់អាណត្តិ អតីតប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា សម្រេចកាត់បន្ថយវត្តមានយោធាអាមេរិកនៅអាហ្វហ្គានីស្ថានចំនួន៨៤០០នាក់ គឺប្រហាក់ប្រហែលគ្នានឹងចំនួនទាហានដែលលោកត្រាំគ្រោងរក្សាទុក៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ