ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​នឹង​អញ្ជើញ​មក​កម្ពុជា​នៅ​ដើមខែ​កញ្ញា​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា លោក​បណ្ឌិត​មហា​ធា មហាម៉ាត់ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ភរិយា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា លោក​បណ្ឌិត​មហា​ធា មហាម៉ាត់ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ភរិយា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២-៤ ខែកញ្ញា​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ក្រសួងការបរទេស​របស់​កម្ពុជា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​សហប្រតិបត្តិការ និង​អន្តរជាតិ ចេញផ្សាយ នៅ​ថ្ងៃ​ទី​៣០ ខែសីហា​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ទស្សនកិច្ច​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡា​ស៊ី​នឹង​ចូល​ជួប​សំដែង​ការ​គួរសម​ដាច់​ដោយឡែក​ពី​គ្នា​ចំពោះ​សម្តេច សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នៃ​កម្ពុជា និង​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។ បន្ថែម​ពី​នេះ​ទៀត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡា​ស៊ី​នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​នៅ​ក្នុង​ឱកាស​នោះ​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេង​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ។

នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​មាន​ផលប្រយោជន៍​រួម​ផង​ដែរ ។ បន្ទាប់​មក​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួម​គ្នា ។ ក្នុងអំឡុងពេល​ស្នាក់​នៅ​រាជធានី​ភ្នំពេញ លោក​បណ្ឌិត មហា​ធា មហាម៉ាត់ អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមាន​ឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌល​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​សីហ​នុ «​ព្រះ​បរម​រតន​កោដ្ឋ​អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​បណ្ឌិត​មហា​ធា មហាម៉ាត់ នៅ​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុង​ការ​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ