ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់​ជាតិ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី « ការ​ផ្សព្វផ្សាយ​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ…

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់​ជាតិ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី « ការ​ផ្សព្វផ្សាយ​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ។

ពិធី​បើក​សិក្ខាសាលា​នោះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២៩ ខែសីហា​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក​ឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន សុខា រួម​ទាំង​មន្ត្រី​ជំនាញ​ធុរជន​ជាតិ អន្តរជាតិ​ជា​ច្រើន​ទៀត ។

លោក ជា សុ​ផា​រ៉ា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា «​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍ ក្រុង​បូកគោ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​គណៈកម្មាធិការ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ថ្នាក់​ជាតិ រួម​សហការ​ជាមួយ​ក្រសួងទេសចរណ៍​ក្រសួងបរិស្ថាន និង​ក្រុមហ៊ុន​សុខា​ផង​ដែរ ។

លោក​ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​សិក្សា​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​ដែល​បាន​ខិតខំ​ព្យាយាម​ទាំង​កម្លាំងកាយ​ប្រាជ្ញា និង​ស្មារតី​ប្រកបដោយ​ការ​ទទួលខុសត្រូវ រហូត​បាន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​ចក្ខុវិស័យ​ឆ្នាំ​២០៣៥ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​យុទ្ធសាស្ត្រ​ចតុ កោណ​ដំណាក់កាល​ទី​៤ បាន​ផ្តោត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ពង្រឹង​ការ​គ្រប់គ្រង​នគ​រូប​នី​យ កម្ម​និង​ការ​អភិវឌ្ឍន៍​ទីក្រុង​ដែល​មាន​បរិស្ថាន​រស់នៅ​ល្អ​ធានា​គុណភាព សុវត្ថិភាព សោភ័ណ ភាព សុខុមាលភាព និង​ប្រសិទ្ធភាព​សង្គម​សេដ្ឋកិច្ច តាម​គោលការណ៍​ទីក្រុង​វៃឆ្លាត ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព និង​បរិ​យា​ប័ន្ន​តាម​រយៈ​ការ​ជំរុញ​អភិវឌ្ឍន៍​និង ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត​បទដ្ឋាន​បច្ចេកទេស​ការ​កសាង ផែនការ​រៀបចំ​ដែនដី ប្លង់​គោល ផែនការ​ប្រើប្រាស់​ដី​ផ្សារ​ភ្ជាប់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង​ហិរញ្ញ វត្ថុ​ទីក្រុង​ជាមួយ​ការ​អនុវត្ត និង​ការ​អភិវឌ្ឍន៍​នគរូបនីយកម្ម ។

លោក​បន្ត​ថា ដើម្បី​គាំទ្រ​ដល់​ការ​រីក​លូតលាស់​នៃ​នគរូបនីយកម្ម​រាជរដ្ឋាភិបាល​បាន សម្រេច​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​រៀបចំ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​កំណត់​តំបន់​ដែល​មាន​សក្កា​នុ​ពល​សម្រាប់​អភិវឌ្ឍន៍ និង​អភិរក្ស​ធនធានធម្មជាតិ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើនប្រជាជន និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មាន​ជា​អាទិ៍ ប៉ូ​ល​អភិវឌ្ឍន៍ រាជធានី​ភ្នំពេញ​ប៉ូ​ល​អភិវឌ្ឍន៍​ខេត្តសៀមរាប​ប៉ូ​ល​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​ក្រុង​ទីប្រជុំជន​តាម​ព្រំដែន និង​ក្រុង​តាម​បណ្តោយ​អ័ក្ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​បាន​រៀបចំ និង សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​នូវ​ផែនការ​រៀបចំ​ដែនដី​ប្លង់​គោល​ប្រើប្រាស់​ដី​និង​ផែន ការ​ប្រើប្រាស់​ដី​ទៅ​តាម​លំដាប់​អ​ទិ​ភាព ។

លោក ជា សុ​ផា​រ៉ា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឃើញ​ថា ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស «​បូកគោ » ស្ថិត​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ខេត្តកំពត ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពង់ស្ពឺ​ដែល មាន​កម្រិត​កម្ពស់​អតិបរមា​១០៧៥​ម៉ែត្រ​ធៀប​នឹង​នីវ៉ូទឹក​សមុទ្រ និង​ជា​អតីត​ទីក្រុង​ប្រវត្តិសាស្ត្រ នៅ​ឆ្នាំ​១៩២៥-១៩៦២​ដ៏​មាន​សក្កា​នុ​ពល ។ លោក​បន្ថែម​ថា​តំបន់​ភ្នំ​បូកគោ​នេះ​មាន​អាកាសធាតុ​ត្រជាក់​ល្អ​បរិសុទ្ធ​ទេសភាព ធម្មជាតិ​តំបន់​ភ្នំ​-​សមុទ្រ​ល្អ​ឯក​ដ៏​ពិសិដ្ឋ​គ្មាន​ពីរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មាន​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ជាទី​ក្រុង​រដ្ឋបាល ដែល​បាន​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​ដូច​ជា អគារ​រដ្ឋបាល ព្រះរាជ​ដំណាក់ លំនៅ​ដ្ឋា​ន អគារ​សេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អគារ​សុរិយា​ដី សាលារៀន វត្ត​អារាម ព្រះ​វិហារ​កាតូលិក គិលានដ្ឋាន ប៉ុស្តិ៍​នគរបាល ទីបញ្ជាការ​យោធា កា​សី​ណូ សណ្ឋាគារ ស្ថានីយ​ទឹក​ស្អាត ស្ថានីយ​អគ្គិសនី ទំនប់​ទឹក​បារាំង ផ្ទះ​ជប៉ុន ។

ទន្ទឹម​នោះ​ក្រុមការងារ​ក៏​បាន​ធ្វើការ​សិក្សា​វិភាគ​ឃើញ​អំពី​សក្កា​នុ​ពល​រូប​វន្ត​ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម ទេសចរណ៍ វប្បធម៌ កិច្ចការពារបរិស្ថាន និង​ធនធានធម្មជាតិ ប្រកបដោយ ចិ​រ​ភាព និង​ប្រសិទ្ធភាព​នៃ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស « បូកគោ » ។ ផ្អែក​តាម​របកគំហើញ​នៃ ការ​សិក្សា​ស្រាវជ្រាវ​នេះ​និង​ដើម្បី​រក្សា​បាន​នូវ​ភាព​ជាទី​ក្រុង ប្រវត្តិសាស្ត្រ​លើ​ភ្នំ​បូកគោ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន ផ្តួចផ្តើម​សិក្សា និង​រៀបចំ ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​ចក្ខុវិស័យ​ឆ្នាំ​២០៣៥ និង​ត្រូវ​បាន​សម្រេច ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​អនុក្រឹត្យ​លេខ​៨៨ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ គឺជា​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​នៃ​ការ អនុវត្ត​គោល នយោបាយ​ជាតិ​ស្តី​ពី​ការ​រៀបចំ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​បន្ថែម​ថា គម្រោង អភិវឌ្ឍន៍​ក្រុង​បូកគោ​បាន កំណត់​ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៣៥ គឺ​សំដៅ​រៀបចំ​និង​អភិវឌ្ឍន៍ « ភ្នំ​បូកគោ ជា​ក្រុង​ឆ្លាត​វៃ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​បៃតង​ធម្មជាតិ​និង​អាកាសធាតុ​ភ្នំ​សមុទ្រ​ដី ពិសិដ្ឋ​គ្មាន​ពីរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា » តាម​រយៈ​ការ​កំណត់​គោលនយោបាយ​និង​បទដ្ឋាន គតិ​យុ​ត្ត​បង្កើត​ជា​ក្រុង​សម្រាប់​លំនៅ​ដ្ឋា​ន​សម្រាកលម្ហែ​កម្សាន្ត​សិក្សា​ការងារ​និង​ធុរកិច្ច ប្រកបដោយ​សុខភាព​គុណភាព​បរិស្ថាន​ល្អ​និង​ជា​ទិស​ដៅ​ទេសចរណ៍​ដ៏​ប្រណិត​កម្រិត​ខ្ពស់ សម្រាប​ការ​ទាក់ទាញ​និង​ប្រកួតប្រជែង​ក្នុង​តំបន់​និង​អន្តរជាតិ ។

លោក ជា សុ​ផា​រ៉ា អំពាវនាវ និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ និង​ធុរជន​ជាតិ និង​អន្តរ ជាតិ​ទាំងអស់​ពិនិត្យ​លទ្ធភាព​ចូលរួម​វិនិយោគ​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​ក៏​ដូច​ជា វិនិយោគ នៅ​កម្ពុជា​មាន​ជា​អាទិ៍ ការ​អភិវឌ្ឍន៍​ទេសចរណ៍ លំនៅ​ដ្ឋា​ន ពាណិជ្ជកម្ម សេវាកម្ម ហេ​ដ្ឋា​រចនា សម្ព័ន្ធ​រូប​វន្ត បរិស្ថាន សេដ្ឋកិច្ច និង​សង្គម​ដូច​ជា អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ បណ្តាញ​ផ្លូវ ទឹក​ស្អាត អគ្គិសនី ប្រព័ន្ធ​លូ​និង​ប្រព័ន្ធ​ការពារ​ទឹកជំនន់ ស្ថានីយ​និង​ម៉ាស៊ីន​ប្រព្រឹត្តិកម្ម​ទឹក កខ្វក់​ការ​គ្រប់គ្រង​សំណង់​រឹង​មាំ​និង​រាវ លំហ​សាធារណៈ​និង​ផ្ទៃ​បៃតង បរិក្ខារ​ទីក្រុង ដែល​សុទ្ធ សឹង​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​មាន បរិ​យា​ប័ន្ន មាន​ភាព​ធន់​និង​មាន​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់​និង​អន្តរជាតិ ។

សូម​ជម្រាប​ថា សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​ខាងលើ​នេះ​មាន​អ្នកចូលរួម​សរុប ប្រមាណ​១.១០០​នាក់ ក្នុង​នោះ​មក​ពី​វិស័យ​ឯកជន​ជាតិ​និង​អន្តរជាតិ​ប្រមាណ​៩៥០​នាក់ រួម​ទាំង​តំណាង​ស្ថានទូត​នានា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​ចូលរួម​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ