៣គ្រឿងពន្លះបន្តគ្នាលើផ្លូវជាតិលេខ​៤


ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​រថយន្ត​ចំនួន​៣​គ្រឿង​បុក​បន្ត​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម្នាក់​រង​របួស ចំណែក​រថយន្ត​ចំនួន​៣​គ្រឿង​រង​ការ​ខូចខាត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៨៧-១៨៨ ស្ថិត​នៅ​ភូមិ​ទួល​ទទឹង ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ រួម​មាន​១-​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៨៧៣៧ បើកបរ​ដោយ​ឈ្មោះ ជា កេះ​ស​ន្នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ស្រះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​រង​របួស ២-​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្តាល ៣A-១១១៣ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ និង​៣-​រថយន្ត មួយ​គ្រឿង​ម៉ាក​ស្តា​រិច (STAREX) ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BA-៦៣៣១ បើកបរ​ដោយ​ឈ្មោះ HOU LIENGMENG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ចិន ។

តាម​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៨៧៣៧ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​ធ្លាក់​ជង្ហុក​ហើយ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្តាល ៣A-១១១៣ ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​រថយន្ត​ពាក់​ផ្លា​ក​លេខ កណ្តាល ៣A-១១១៣ មិន​ទាន់​អស់​ល្បឿន​នោះ​ទេ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ចូល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BA-៦៣៣១ ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​ឲ្យ​រថយន្ត​ទាំង​៣​គ្រឿង​រង​ការ​ខូចខាត ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៨៧៣៧ រង​របួស​។​ដោយឡែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពាក់​ស្លាក​លេខ កណ្តាល ៣A-១១១៣ រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​ក្នុង​ឃុំ​ទួល​ទទឹង រីឯ​រថយន្ត​ទាំង​៣​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ