ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្លាស់​ប្ដូរ​កងទ័ព​… ​មុន​បាតុកម្ម​ហាម​ឃាត់ (មាន​វីដេអូ)

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ កងទ័ព​ចិន​កាលពី​ថ្ងៃ​ទី​២៩ ខែ​​សីហា ឆ្នាំ​២០១៩ បាន​ធ្វើការ​ផ្លាស់​ប្ដូរ​កងទ័ព​របស់​​ខ្លួន​ដែល​ដាក់​ពង្រាយ​ជា​អចិន្ត្រៃយ៍​នៅ​ហុងកុង ដែល​នៅ​ទីនោះ​ប៉ូលិស​បាន​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​ធំ ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​សៅរ៍​ទី​៣១​ សីហា ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ…

ក្រុង​ហុងកុង ៖ កងទ័ព​ចិន​កាលពី​ថ្ងៃ​ទី​២៩ ខែ​​សីហា ឆ្នាំ​២០១៩ បាន​ធ្វើការ​ផ្លាស់​ប្ដូរ​កងទ័ព​របស់​​ខ្លួន​ដែល​ដាក់​ពង្រាយ​ជា​អចិន្ត្រៃយ៍​នៅ​ហុងកុង ដែល​នៅ​ទីនោះ​ប៉ូលិស​បាន​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​ធំ ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​សៅរ៍​ទី​៣១​ សីហា ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ ដោយ​លើក​ពី​គ្រោះថ្នាក់​នៃ​អំពើ​ហិង្សា​។

រថយន្ត​កាំ​មី​ញ៉ុ​ង​យោធា ព្រមទាំង​រថពាសដែក​ដឹក​ទ័ព​ច្រើន​សិប​គ្រឿង បាន​បើក​ឆ្លងកាត់​នា​ពេល​យប់ ព្រំដែន​ដែល​បែក​ចែក​រវាង​ចិនដីគោក​និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។ នេះ​បើ​តាម​បណ្ដា​រូបភាព​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន​។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​គូសបញ្ជាក់​ថា នោះ​ជា​ការ​ផ្លាស់​ប្ដូរ​វេន​គ្នា​ប្រចាំឆ្នាំ​ធម្មតា របស់​កងទ័ព​តែ​ប៉ុណ្ណោះ​។

កងទ័ព​ចិន​មាន​ទាហាន​ច្រើន​ពាន់​នាក់​នៅ​ហុងកុង ចាប់តាំងពី​ដែនដី​នោះ​ប្រគល់​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧​មក​។ ស៊ី​ន​ហូប​ន្ត​ថា​កង​ទាហាន​ថ្មី​ដែល​ប្ដូរ​វេន​គ្នា​នឹង​មក​ដល់ តាម​ជើង​គោក ជើង​ទឹក​និង​ជើង​អាកាស​។ កងទ័ព​ចិន​ជា​គោលការណ៍​មិន​ធ្វើ​អន្តរាគមន៍​នៅ​ហុងកុង តែ​អាច​ស្នើ​ឲ្យ​ជួយ​ស្ដារ​របៀបរៀបរយ​ឡើង​វិញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ដូច​ការ​រំឭក​នា​ពេល​ថ្មី​ៗ​នេះ​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ចិន​។

វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ពី​សមយុទ្ធ​របស់​កងកម្លាំង​យោធា​ចិន​នៅ​ហុងកុង បង្ក្រាប​ការ​បះបោរ​ត្រូវ​បាន​បង្ហាញ​កាលពីដើម​ខែសីហា ដែល​នោះ​ហាក់ដូចជា​ការ​ព្រមាន​មួយ​ចំពោះ​ពួក​បាតុករ ដែល​បរិហារ​ចាប់តាំងពី​ខែមិថុនា​មក​ដល់ រដ្ឋាភិបាល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​REN GUOQIANG​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២៩​សីហា​ថា ចិន​មាន​ទំនុកចិត្ត​និង​មាន​សមត្ថភាព​ចាំបាច់ ដើម្បី​ការពារ​ក្នុង​រយៈពេល​យូរអង្វែង​ភាព​រុងរឿង​និង​ស្ថេ​រ​ភាព​របស់​ហុងកុង ក៏​ដូច​ជា​សន្តិភាព​និង​សណ្ដាប់ធ្នាប់​នៅ​ទីនោះ​ដែរ​។

ការ​ប្ដូរ​វេន​កងទ័ព​នេះ​កើត​មាន ក្នុង​ពេល​ដែល​ប៉ូលិស​ហុងកុង​បាន​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​ធំ​ថ្មី​នា​ថ្ងៃ​ទី​៣១​សីហា​។ ប៉ូលិស​ហុងកុង​លើក​ពី​ហេតុផល​សន្តិសុខ ដោយ​រំឭក​ថា​ការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន កើត​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​នានា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Le Huffington Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ