ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំហូរ​ជនជាតិ​ចិន ៖ ត្រូវ​ទប់​ឬ​ត្រូវ​បណ្តោយ

4 ឆ្នាំ មុន

កាលពី​មុនគេ​នាំ​គ្នា​និយាយ​ច្រើន​ពី​បញ្ហា​ជនជាតិ​វៀតណាម​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ សម្អប់​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​ក៏​មាន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ ប៉ុន្តែ​ពេល​នេះ​គេ​នាំ​គ្នា និយាយ​ច្រើន​ពី​វត្តមាន​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​វិញ ខណៈ​ដែល​ជនជាតិ​ចិន​បាន​ចូល​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រូបភាព​ជា​អ្នក​ទេសចរណ៍ អ្នក​វិនិយោគ អ្នក​ប្រកប​របរ​តូចតាច…

កាលពី​មុនគេ​នាំ​គ្នា​និយាយ​ច្រើន​ពី​បញ្ហា​ជនជាតិ​វៀតណាម​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ សម្អប់​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​ក៏​មាន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ ប៉ុន្តែ​ពេល​នេះ​គេ​នាំ​គ្នា និយាយ​ច្រើន​ពី​វត្តមាន​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​វិញ ខណៈ​ដែល​ជនជាតិ​ចិន​បាន​ចូល​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រូបភាព​ជា​អ្នក​ទេសចរណ៍ អ្នក​វិនិយោគ អ្នក​ប្រកប​របរ​តូចតាច អ្នករក​ការងារ​ធ្វើ ហើយ​ខ្លះ​ជា​ឧក្រិដ្ឋជន​ក៏​មាន ។

ចម្រុះ​ភាព​នៃ​ជនជាតិ​ចិន​ទាំងនេះ​បាន​នាំ​ឱ្យ​អារម្មណ៍​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ចំពោះ​ជនជាតិ​ចិន​មាន​លក្ខណៈ​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមានបើ​ទោះបីជា​ចិន​បាន​ក្លាយជា​ប្រទេស​ផ្តល់​ជំនួយ​ច្រើន​ជាងគេ​បំផុត​ដល់​កម្ពុជា ហើយ​ចិន​គឺជា​វិនិយោគ​បរទេស​ដ៏​ធំ​ជាងគេ​បំផុត​សម្រាប់​កម្ពុជា​ក្តី ។ របាយការណ៍​មួយ​របស់​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​២០១៨ ជនជាតិ​ចិន​ជាង​២​លាន​នាក់​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជនជាតិ​ចិន​ជាង​២៥០.០០០​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស កម្ពុជា ពិសេស​ក្រុងភ្នំពេញ​និង​ខេត្ត​ព្រះ​សីហ​នុ ។

ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ គេ​នឹង​ឃើញ​ជនជាតិ​ឬ​ក៏​ផ្លា​ក​សញ្ញា​ថ្មី​ៗ​ជា​អក្សរ​ចិន​ជា​ច្រើន​នៅ​តាម​ដងផ្លូវ ទីក្រុង​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ។ នៅ​ពេល​ដែល​ចិន​ចូល​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន វា​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់ ជា​អវិជ្ជមាន​មួយ​ចំនួន ដូច​ជា​ល្បែងស៊ីសង ឧក្រិដ្ឋកម្ម​ចាប់ជម្រិត អំពើ​អសកម្ម​ផ្សេង​ៗ និង ការ​បាត់បង់​ការងារ និង​មុខរបរ​មួយ​ចំនួន​ដោយសារ​ជនជាតិ​ចិន​ទាំងមូល ។ ក្រសួង​ការងារ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ស្តី​ពី​ការ​ហាមឃាត់​ជនបរទេស​មិន​ឱ្យធ្វើ​ការងារ​ចំនួន​១០​ប្រភេទ ដោយ​ក្នុង​នោះ​រួម​មាន អ្នក​លក់ដូរ​តាម​មធ្យោបាយ​ថ្មើរជើង​និង​យាន្ត​ជំនិះ អ្នក​កាត់សក់ អ្នក​កាត់ដេរ​ជាដើម ។ ចំណែក​ក្រសួងមហាផ្ទៃ​ក៏​បាន​លើក​ឡើង ពី​ភាព​ចាំបាច់​នៃ​ការ​គ្រប់គ្រង​ជនបរទេស​នៅ​កម្ពុជា ឱ្យ​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ផង​ដែរ ។

រីឯ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​គឺ​លោក សម រ​ង្ស៊ី ក៏​បាន​បង្វែរ​ការ​រិះគន់​ខ្លាំង ចេញពី​វត្តមាន​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​មក​រក​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា ។ ចិន​ក៏​បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​នយោបាយ​ថ្មី​មួយ ។ នៅ​លើ​ទិដ្ឋភាព​វិជ្ជមាន​ចិន​បាន​នាំ​មក​នូវ​ភាព​រុងរឿង​សេដ្ឋកិច្ច ។ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​បាន​ពឹងផ្អែក​ខ្លាំងបំផុត​ទៅ​លើ​ជំនួយ​ចិន​និង​វិនិយោគ​ចិន ។ ខណៈ​ដែល​ការ​វិនិយោគ​ចិន​បាន បង្កើត​ការងារ​ជា​ច្រើន​នោះ ប្រជាជន​កម្ពុជា​ជា​ច្រើន​ក៏​បាន​ក្លាយជា​អ្នក​មានបាន​ដោយសារ​ចិន រហូត​ដល់​អ្នកខ្លះ ក៏​ចាប់ផ្តើម​ឱ្យ​កូន​រៀនសូត្រ​ភាសា​ចិន​ថែម​ទៀត ។ ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ចិន​បាន​វិនិយោគ​ជា​ទឹកប្រាក់​រហូត​ដល់​ជាង ១២.៦០០​លាន​ដុល្លារ​នៅ​កម្ពុជា ។ ចំណែក​កាលពីដើម​ឆ្នាំ​២០១៩ ប្រទេស​ចិន​បាន​សន្យា​ជំនួយ​៤.០០០​លាន​យន់​លុយ​ចិន ឬ​ក៏​ជិត​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ជួយ​កម្ពុជា​ក្នុង​រយៈពេល​បី​ឆ្នាំ​គឺ​ពី​២០១៩​ដល់​២០២១ ។ ប៉ុន្តែ​ចេញពី​ទិដ្ឋភាព​អវិជ្ជមាន​វិញ ការ​ចាប់ជម្រិត​មនុស្ស​តាម​អន​ឡាញ ការ​លេង​ល្បែងស៊ីសង​នៅ​ខេត្ត​ព្រះ​សីហ​នុ ការ​ដណ្តើម​ការងារ​មួយ​ចំនួន​ពី​ប្រជាជន​កម្ពុជា​និង​បញ្ហា​សង្គម​មួយ​ចំនួន​ទៀត​បាន​ក្លាយជា​កង្វល់ ។

អ្នកខ្លះ​ក៏​មាន​មតិ​ថា គេ​មិន​ត្រូវ​បណ្តោយ​ឱ្យ​ជនជាតិ​ចិន​ហូរ​ចូល​កម្ពុជា​យ៉ាងច្រើន​បែប​នេះ​ឡើយ ហើយ​គេ​ចាំបាច់​ត្រូវ​តែ​ទប់ស្កាត់​ចរន្ត​នេះ ។ ការ​បណ្តុះ​សម្អប់​ពូជសាសន៍ និង​ការ​បិទ​ច្រក​ទ្វារ​កម្ពុជា នឹង​មិនមែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​ដោះស្រាយ​បញ្ហា​ចិន​នៅ​កម្ពុជា​ឡើយ ។
ការ​បើកចំហ​ប្រទេស​ជា​នយោបាយ ដែល​ប្រទេស​ភាគច្រើន​បំផុត​នៅ​លើ​ពិភពលោក​ប្រកាន់​យក​ដើម្បី​ភាព​រីក​ចម្រើន​សេដ្ឋកិច្ច ។ ឧទាហរណ៍​យ៉ាង​សាមញ្ញ​មួយ​គឺ​ប្រទេស​ជប៉ុន​ដែល​ធ្លាប់​ជា​សង្គម​ដ៏​បិទ​ជិត​មួយ ក៏​បាន​ចាប់ផ្តើម​បើកទ្វារ​កាន់តែ​ទូលាយ​ទទួល​ជនបរទេស​។ ជំនួស​ឱ្យ​ការ​បិទទ្វារ​ប្រទេស​កម្ពុជា​ឬ​ជំនួស​ឱ្យ​ការ​រើសអើង​សម្អប់​ពូជសាសន៍ កម្ពុជា​ត្រូវ​តែ​មាន​ភាព​ឆ្លាត​វៃ​ជាង​នេះ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​កម្ពុជា​ទាំងអស់ ។ ទ្វារ​ប្រទេស​កម្ពុជា​ត្រូវ​តែ​បើក​ទទួល​ស្វាគមន៍​រាល់​ជនបរទេស​ទាំងអស់ ដែល​ផ្តល់​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​ប៉ុន្តែ​កម្ពុជា​ត្រូវ​ចេះ​ខ្ទប់ទ្វារ​មិន​ទ​ទូល​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ជនបរទេស ។

កម្ពុជា​អាច​ធ្វើ​ដូច្នេះ​បាន​តាម​រយៈ​ការ​បង្កើត​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​ធានា​ថា​ជនបរទេស​ទាំងអស់​មិន​ថា​ចិន​ឬ វៀតណាម​ឡើយ ពួក​គេ​ត្រូវ​តែ​ស្ថិត​ក្រោម​សំណាញ់​ច្បាប់​កម្ពុជា ។ ការ​ពង្រឹងសមត្ថភាព និង​ភាព​ស្អាតស្អំ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ឬ​ក៏​ប៉ូលិស​គឺជា​ភាព​ចាំបាច់​បំផុត ដែល​កម្ពុជា​ត្រូវធ្វើ​ដើម្បី​កសាង​ប្រទេស​ជាតិ​មួយ​ដែល​ជា​នីតិរដ្ឋ​ដ៏​ពិតប្រាកដ ។

ដូច្នេះ​កម្ពុជា​មិន​ត្រូវ​ខ្លាច​ចំពោះ​ការ​ហូរ​ចូល​របស់​ជនបរទេស​ឡើយ ។ កម្ពុជា​ត្រូវ​តែ​ស្វាគមន៍​ពួក​គេ​ជាមួយ​ស្នាមញញឹម ។ ប៉ុន្តែ​កម្ពុជា​ត្រូវ​តែ​ម៉ឺងម៉ាត់​និង​ខ្លាំង​នៅ​ក្នុង​ការ​គ្រប់គ្រង​ជនបរទេស​ដើម្បី​ធានា​ថា ពួក​គេ​មក​កម្ពុជា​ដោយ​ផ្តល់​ផលប្រយោជន៍ដល់​កម្ពុជា​ហើយ​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​ផ្តេសផ្តាស​បង្ក​ការ​ក្តៅក្រហាយ​ដល់​ប្រជាជន​កម្ពុជា​ឡើយ ៕

                                                  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ