ផលនៃកម្មក្នុងបច្ចុប្បន្ន នាំមនុស្សទាំងបួនពួកឲ្យយោនយកកំណើត កើតនៅអនាគតជាតិប្រាកដជាក់គឺ មនុស្សមនុស្សោ ចាប់ជាតិជាមនុស្ស, មនុស្សទេវោ ចាប់ជាតិជាទេវតា, មនុស្សបេតោ ចាប់ជាតិជាប្រេត, មនុស្សតិរច្ឆានោ ចាប់ជាតិជាសត្វតិរច្ឆាន ។
បើតាមព្រះអភិធម្មបានពន្យល់ថា សត្វលោកដឹកនាំដោយចិត្ត ។ ចិត្តនេះហើយដែលបញ្ជាមនុស្សឲ្យប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ហើយយោនយកកំណើតនៅក្នុងភពផ្សេងៗតាមយថាកម្ម។ ចិត្តនេះហើយ ដែលមនុស្សទូន្មានបានដោយកម្រ ។
ការពិតចិត្តជាធម្មជាតិស្អាតផូរផង់ ពន្លឺត្រចះត្រចង់ពីកំណើត ប៉ុន្តែចិត្តនេះ កាលបើមានឧបក្កិលេសចូលទៅរុំព័ទ្ធហើយ ក៏បណ្តោយឲ្យយើងប្រព្រឹត្តនូវអកុសលកម្មផ្សេងៗ ។
ហេតុនេះហើយបានជាពុទ្ធបរិស័ទដែលមានជំនឿមុតមាំលើកម្មផល នាំគ្នាខំហាត់ពត់លត់ដំចិត្ត ខំជម្រះមន្ទិលសៅហ្មង ខំប្រព្រឹត្តនូវកុសលកម្ម ដើម្បីកសាងខ្លួន ឲ្យបានកើតជាមនុស្ស ឬទេវតា នៅអនាគតជាតិ ។ ការអប់រំបន្ទុំចិត្តឲ្យបរិសុទ្ធ ពុទ្ធបរិស័ទធ្វើឡើងតាមរយៈការធ្វើបុណ្យឬប្រព្រឹត្តអំពើល្អ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ