ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AEPW៖ ដើម្បី​កាត់​បន្ថយ​កាក​សំណល់​ប្លា​ស្ទិ​ក​តម្រូវ​គ្រប់​ស្ថាប័ន​និង​វិស័យ​ឯកជន​ចូលរួម

4 ឆ្នាំ មុន

​បាងកក ៖ ក្នុង​ពេល​ដែល​ចំនួន​កាក​សំណល់​ប្លា​ស្ទិ​ក​មាន​កាន់តែ​ច្រើន​នៅ​លើ​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង​នោះ ការ​ដោះស្រាយ​បញ្ហា​សម្រាម​និង​កាក​សំណង់​ប្លា​ស្ទិ​ក​មិនមែន​ពឹង​តែ​លើ​ប្រទេស​មួយ អង្គការ​មួយ ឬ​ក្រុមហ៊ុន​មួយ​នោះ​ទេ តែ​វា​ទាមទារ​អោយ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។ ​…

​បាងកក ៖ ក្នុង​ពេល​ដែល​ចំនួន​កាក​សំណល់​ប្លា​ស្ទិ​ក​មាន​កាន់តែ​ច្រើន​នៅ​លើ​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង​នោះ ការ​ដោះស្រាយ​បញ្ហា​សម្រាម​និង​កាក​សំណង់​ប្លា​ស្ទិ​ក​មិនមែន​ពឹង​តែ​លើ​ប្រទេស​មួយ អង្គការ​មួយ ឬ​ក្រុមហ៊ុន​មួយ​នោះ​ទេ តែ​វា​ទាមទារ​អោយ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។

ដោយ​កត់សម្គាល់​ឃើញ​ថា សំណល់​នេះ​មានការ​កើនឡើង​មិន​ស្រកស្រុត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ សម្ព័ន្ធ​ដើម្បី​លុប​បាត់​កាក​សំណល់​ផ្លា​ស្ទិ​ក (Alliance To End Plastic Waste ) ដែល​មាន​សមាជិក​ជិត ៣០ មក​ពី​បណ្តា​ក្រុមហ៊ុន​ដែល​ផលិត ប្រើប្រាស់ លក់​ដំណើរការ​ប្រមូល​និង​កែ​ច្នៃ​ប្លា​ស្ទិ​ក អះអាង​ថា​ខ្លួន​នឹង​ផ្ដល់​ប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​កាត់​បន្ថយ​កាក​សំណល់​ពី​ផ្លា​ស្ទិ​ក​។

លោក Jim Seward តំណាង​សម្ព័ន្ធ AEPW បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​មួយ​នាទី​ក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី ២៧ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ថា បញ្ហា​សំណល់​ប្លា​ស្ទិ​ក គឺជា​បញ្ហា​ពិភពលោក ហើយ​ទទូច​ដល់​ក្រុមហ៊ុន​ទាំងអស់ ទាំង​តូច​ក្ដី ធំ​ក្ដី និង​មក​ពី​គ្រប់​តំបន់ និង​គ្រប់​វិស័យ សូម​ចូលរួម​ជាមួយ​ពួក​យើង​ក្នុង​ការ​ធ្វើ​ការងារ​នេះ ដើម្បី​ពិភពលោក ។ ​លោក​បាន​បន្ត​ថា « ពេល​នេះ គឺជា​ពេលវេលា​ដែល​យើង​ត្រូវធ្វើ​សកម្មភាព​ហើយ ។ ភាព​ជោគជ័យ គឺ​ទាមទារ​នូវ​កិច្ច​សហប្រតិបត្តិការ និង​កិច្ច​ប្រឹងប្រែង​ដែល​មានការ​សម្របសម្រួល​មួយ មក​ពី​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​សម្រេច​បាន​លទ្ធផល​និង​ជោគជ័យ​ដែល​មាន​និរន្តរភាព​» ។

យោង​តាម​សេចក្តី​ប្រកាស​របស់ AEPW ថា សម្ព័ន្ធ​ដើម្បី​លុប​បំបាត់​សំណល់​ផ្លា​ស្ទិ​ក តំណាង​ឲ្យ​ក្រុមហ៊ុន​ចំនួន ៤០ ដែល​មាន​មូលដ្ឋាន​នៅ​អា​មេ​រិ​ក​ខាងជើង និង​ខាងត្បូង​, អឺរ៉ុប​, អាហ្វ្រិក​, មជ្ឈិមបូព៌ា​, និង​អាស៊ី ។ ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនេះ មាន​ប្រតិបត្តិការ​ធំ​ៗ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ សម្ព័ន្ធ​នេះ គិត​មក​ទល់​នឹង​បច្ចុប្បន្ន បាន​សន្យា​ផ្ដល់​មូលនិធិ​ជិត ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក រួម​ជាមួយនឹង​គោលដៅ​វិនិយោគ​ទឹកប្រាក់ ១,៥​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៥​ឆ្នាំ​បន្ទាប់ ដើម្បី​បង្កើត​នូវ​ដំណោះស្រាយ​នានា ដែល​នឹង​កាត់​បន្ថយ​និង​គ្រប់គ្រង​សំណល់​ផ្លា​ស្ទិ​ក និង​ជំរុញ​នូវ​ដំណោះស្រាយ​នៅ​ក្រោយ​ពេល​ប្រើប្រាស់ ។

លោក Brendan Edgerton មន្ត្រី​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​ពិភពលោក​ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ហៅ​កាត់​ថា WBCSD មាន​ប្រសាសន៍​ថា ទោះបីជា​ប្លា​ស្ទិ​ក​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាជន​នៅ​ទូ​ទាំង​ពិភពលោក រាប់​ទាំង​ការ​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ សុខភាព​-​សុវត្ថិភាព និង​និរន្តរភាព​ក្ដី ក៏​ប៉ុន្តែ​សំណល់​ផ្លា​ស្ទិ​ក​ដែល​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ បាន​ក្លាយជា​ភាព​ប្រឈម​របស់​ពិភពលោក ។ ​លោក​បាន​បញ្ជាក់​ថា « យើង​កំពុងធ្វើការ​ដើម្បី​ធ្វើ​ឲ្យ​ក្ដី​សុបិន​ដែល​ចង់បាន​ពិភពលោក​មួយ​ដែល​គ្មាន​សំណល់​ផ្លា​ស្ទិ​ក ក្លាយជា​ការ​ពិត​» ។

​ចំណែក​លោក Cholanat Yanaranop អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន SCG បាន​និយាយ​ថា ៦០% នៃ​សំណល់​ផ្លា​ស្ទិ​ក​នៅ​ក្នុង​សមុទ្រ អាច​កំណត់​ប្រភព​ចេញ​មក​ពី​ប្រទេស​ចំនួន ៥ នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ហើយ​យើង​យល់​ស្រប​ថា នេះ​គឺជា​បញ្ហា​ប្រភព​ដ៏​ធ្ងន់ធ្ងរ​របស់​ពិភពលោក ដែល​ទាមទារ​ឲ្យ​មានការ​ធ្វើ​សកម្មភាព​បន្ទាន់ និង​ការ​ដឹកនាំ​រឹង​មាំ​សម្រាប់​សកម្មភាព​នេះ ។ ​លោក​បាន​បន្ថែម​ថា «​យើង​បាន​ទទួល​ជោគជ័យ​នូវ​គំនិត​ផ្ដួចផ្ដើម​សាកល្បង​ជា​ច្រើន ព្រមទាំង​គម្រោង​គ្រប់គ្រង​សំណល់ និង​ដំណោះស្រាយ ដែល​ផ្អែក​លើ យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​វិល​ជុំ រួម​ជាមួយនឹង​គម្រោង​សហប្រតិបត្តិការ​ក្នុងស្រុក » ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សន្និសីទ​លើក​ទី​១០ នៃ​សេដ្ឋកិច្ច​វិល​ជុំ​កាលពី​ថ្ងៃ​ទី ២៦ ខែសីហា​កន្លង​ទៅ​នេះ​ដែរ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា បញ្ហា​នេះ ជា​បញ្ហា​របស់​បណ្ដា​ប្រទេស​ទាំងអស់​នៅ​ក្នុង​ពិភពលោក ហើយ​ក្នុង​នាម​ជា​សមាជិក​មួយ​របស់​អាស៊ាន លោក​ប្រា​យុទ្ធ​ថា​នឹង​យក​ករណី​នេះ ទៅ​ពិភាក្សា​បន្ថែម​ទៀត​ជាមួយនឹង​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​ចូលរួម​ដោះស្រាយ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ