អ្នកស្រុក​ក្តៅក្រហាយ​គ្រប់​គ្នា​ព្រោះតែ​រឿង​នេះ និង​សុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ


ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​៣​ភូមិ នៅ​ក្នុង​ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាមរ​ក៌ បាន​លើកគ្នា​បិទផ្លូវ​ជាតិ​លេខ​១១ បណ្តាល​អោយ​មានការ​កកស្ទះ​រថយន្ត​រាប់រយ​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ដោយ​ទាមទារ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់ ។

ពលរដ្ឋ​ទាំងនោះ​បាន​ចោទប្រកាន់​ទៅ​លើ​ពលរដ្ឋ​១​គ្រួសារ​ដែល​មាន​ប្តី​ឈ្មោះ ម៉ៅ ហេង និង​ប្រពន្ធ​ឈ្មោះ បួន ឆេ​ង ថា បាន​ចាក់​ដី​រំលោភ​យក​ប្រឡាយ​ទឹក និង​សាលាឆទាន​ដែល​ជា​សម្បត្តិ​សាធារណៈ និង​បណ្តាល​អោយ​ដីស្រែ​របស់​ពួក​គាត់​ចំនួន​៣​ភូមិ គឺ​ភូមិ​ពន្លៃ ភូមិ​ស្តៅ និង​ភូមិ​ព្រៃ​កណ្តៀង ត្រូវ​ទឹក​ជន់​លិច​រាល់​ឆ្នាំ​ពេល​មាន​ភ្លៀង​ធ្លាក់​ដោយសារ​តែ​ប្រឡាយ​ទឹក​ត្រូវ​គេ​ចាក់​ដី​លុប​ជិត ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា គ្រួសារ​អ្នកស្រី បួន ឆេ​ង បាន​ចាក់​ដី​រំលោភ​យក​ប្រឡាយ​ទឹក និង​សាលាឆទាន តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ ហើយ​កាល​ណោះ​ពួក​គាត់​បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ឃុំ​ដែរ តែ​ដោះ​មិន​ចេញ ទើប​ឃុំ​រុញ​រឿង​ទៅ​ស្រុក រួច​ក៏​ស្ងាត់បាត់​រហូត​តែ​ម្តង ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា​នេះ អ្នក​ភូមិ​ទាំង​៣​ភូមិ​នាំ​គ្នា​មក​រៀប​ឥដ្ឋ​ធ្វើ​របង​ការពារ​ដី​សាលាឆទាន និង​មាន​បំណង​ធ្វើ​សាលាឆទាន​ថ្មី​តែ​ម្តង ប៉ុន្តែ​ត្រូវ​គ្រួសារ​អ្នកស្រី បួន ឆេ​ង មក​ធាក់​បំផ្លាញ​របង​ដែល​អ្នកស្រុក​កំពុង​រៀង​ធ្វើ​ទើប​ធ្វើ​អ្នកស្រុក​ក្តៅក្រហាយ​ក៏​នាំ​គ្នា​យក​គោ​យន្ត និង​រថយន្ត​ធំ​មក​ដាក់​បិទផ្លូវ​តែ​ម្តង ដើម្បី​អោយ​អាជ្ញាធរ​ចេញ​មក​ដោះស្រាយ ។

ដោយឡែក​គ្រួសារ​អ្នកស្រី បួន ឆេ​ង ដែល​រង​នូវ​ការ​ចោទប្រកាន់​នោះ​បានអោយ​ដឹង​ថា គាត់​មិន​បាន​ចាក់​ដី​រំលោភ​យក​ដី​ប្រឡាយ​ទេ ចំណែក​ទីតាំង​ដី​សាលាឆទាន​នោះ គឺជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​គាត់ គឺ​គាត់​មាន​ប្លង់​រឹង​ដែល​ចេញ​ដោយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ត្រឹមត្រូវ ហើយ​សាលាឆទាន​នោះ គឺ​គាត់​ជា​អ្នក​សាងសង់​ឡើង​ទេ ក្នុង​បំណង​ទុក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ចូល​ជ្រក​ម្លប់​ជ្រក​ភ្លៀង ហើយ​ក៏​មិន​ទាមទារ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែរ ។

អ្នកស្រី បួន ឆេ​ង បាន​បញ្ជាក់​ថា រឿង​អ្នក​ភូមិ​ទាំងអស់​នាំ​គ្នា​តវ៉ា​នេះ គឺ​ដោយសារ​តែ​មាន​មនុស្ស​មួយ​ក្រុម​ដែល​ស្អប់​គ្រួសារ​អ្នកស្រី​ជា​អ្នក​ចាក់រុក​នៅ​ពីក្រោយ​ញុះញុង​អោយ​អ្នក​ភូមិ​យល់​ច្រឡំ​ស្អប់​គ្រួសារ​អ្នកស្រី តែ​អ្នកស្រី​មិន​ខឹង​នោះ​ទេ គ្រាន់តែ​សុំ​អោយ​ខាង​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​អោយ​គ្រួសារ​អ្នកស្រី​ផង ។ ក្នុង​ពេល​ដែល​អ្នក​ភូមិ​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​១១​នោះ នៅ​វេលា​ម៉ោង​១​រសៀល គេ​ឃើញ​អាជ្ញាធរ​ស្រុក និង​ខេត្ត​បាន​ចុះ​ទៅ​អន្តរា​គម​ផង​ដែរ ដោយ​បាន​លួងលោម​អោយ​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត ហើយ​បើកផ្លូវ​ជាតិ​លេខ​១១ អោយ​មាន​ចរាចរណ៍​ឡើង​វិញ​កុំអោយ​កកស្ទះ​តទៅ​ទៀត ។

លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌​បានអោយ​ដឹង​ថា បញ្ហា​នេះ​លោកស្រី​មិន​ដែល​ទទួល​បាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ទេ ព្រោះ​លោកស្រី​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី ឯ​រឿង​នេះ​ជា​រឿង​ចាស់​កើត​កាលសម័យ​អភិបាលស្រុក​មុន ដូច្នេះ​ទើប​លោកស្រី​មិន​បានដឹង ។ ទោះជា​បែប​នេះ​ក្តី លោកស្រី​មិន​ព្រងើយកន្តើយ​នោះ​ទេ លោកស្រី និង​កោះ​អញ្ជើញ​ភាគី​ពាក់​ព​ន្ធ័​ទាំង​សងខាង ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​អោយ​បាន​លឿន​បំផុត ប៉ុន្តែ​ចំពោះ​មុខ​ពេល​នេះ លោកស្រី​ស្នើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ស្ងប់​អារម្មណ៍​សិន ហើយ​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ការ​សម្រួល​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​១១​ឡើង​វិញ ដើម្បី​កុំអោយ​មានការ​កកស្ទះ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដទៃ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ត្រូវ​បាន​បិទ និង​កកស្ទះ​ចាប់ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៩ សីហា​នេះ ហើយ​បាន​បន្ត​កកស្ទះ​រហូត​ដល់​ម៉ោង​ជិត​២​រសៀល ថ្ងៃ​ដដែល​ទើប​ផ្លូវ​១​នេះ​អាច​ធ្វើ​ចរាចរណ៍​បាន​ស្រួល​ឡើង​វិញ ក្រោម​ការ​ជួយ​សម្របសម្រួល​ពី អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ជា​ច្រើន​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ