លែង​កូន​ត្រី និង​មេ​ពូជ​ត្រី​ជាង​9​ម៉ឺន​ក្បាល​ក្នុងស្រុក​ទឹកផុស


ខេត្តកំពង់ឆ្នាំង ៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា បឹងបួរ ត្រពាំង ធម្មជាតិ នៅ​តាម​មូលដ្ឋាន​ភូមិ​-​ឃុំ និង​ចិញ្ចឹម​ត្រី​នៅ​តាម​ផ្ទះ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ។

មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​លែង​កូន​ត្រី និង​មេ​ពូជ​ត្រី​នៅ​បឹង​ខ្សែ​ត ស្ថិត​នៅ​ក្នុងភូមិ​ចោ​ង​ម៉ោង ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស នា​ព្រឹក​ថ្ងៃ​ទី​29 ខែសីហា ឆ្នាំ​2019 ដោយ​មាន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ចូលរួម​ជា​ច្រើន​រូប​ទៀត ។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ការ​លែង​កូន​ត្រី និង​មេ​ពូជ​ត្រី ចូល​បឹង​ធម្មជាតិ គឺជា​កម្មវិធី​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​សម្រាប់​ឱ្យ​មន្ត្រីរាជការ​ថ្នាក់​ខេត្ត​ជា​អ្នក​អនុវត្ត​និង​មួយ​ឆ្នាំ​ម្តង​គឺ​ប្រារព្ធ​ពិ​ធៅ​ថ្នាក់​ជាតិ​ម្ដង ។ ពិធី​នេះ​ផង​ដែរ​គឺ​ចង់​ក្រើនរំលឹក​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ការ​ចិញ្ចឹម​ត្រី​នៅ​តាម​ផ្ទះ តាម​សាលារៀន វត្ត​អារាម​និង​តាម​អង្គភាព​របស់​រដ្ឋ​នៅ​តាម​មូលដ្ឋាន ។

អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ដែរ​ថា​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​មនុស្ស​យើង​ម្នាក់​ៗ​ត្រូវការ​ហូប​ត្រី​ក្នុង​មួយ​ឆ្នាំ​ចំនួន​ជាង 52 គីឡូក្រាម គឺ​បរិភោគ​ត្រី​ច្រើន​ជាង​សាច់ ។ ហេតុ​ដូច្នេះ​ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​យើង​ទាំងអស់​គ្នា​គួរតែ​ចូលរួម​ការ​ចិញ្ចឹម​ត្រី​នៅ​តាម​ផ្ទះ​និង​សហគមន៍​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ជា​ចុង​ក្រោយ​លោក​ក៏​បាន​សំណូមពរ​ប្រជាពលរដ្ឋ​សូម​ចូលរួម​ថែរក្សា ពូជ​មច្ឆា​ជាតិ ដោយ​មិន​ត្រូវ​នេសាទ​ត្រី​ក្នុង​រដូវ​ហាមឃាត់​ពិសេស​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ដែល​ជា​អំពើ​ល្មើសច្បាប់ និង​មានទោស​ព្រហ្មទណ្ឌ ។

យោង​របាយការណ៍​របស់​លោក ងិ​ន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានអោយ​ដឹង​ថា​ពិធី លែង​កូន​ត្រី នៅ​ក្នុង​បឹង​ខ្សែ​ត​ដែល​មាន​ទំហំ​ជាង 14 ហិ​កតា នៅ​ព្រឹក​នេះ​មាន​ចំនួន​ជាង 8 ម៉ឺន​ក្បាល និង​ត្រី​មេ​ពូជ​ចំនួន​ជាង​1 ម៉ឺន​ក្បាល ក្នុង​នោះ​មាន​ត្រី​ឆ្ពិន ត្រី​អណ្ដែង ត្រី​រ៉ស់ ត្រី​ក្រាញ់ អន្ទង់ កង្កែប​ខ្យង ជាមួយ​គ្នា​នេះ​ក៏​មាន​ដាំ​កូន​ឈើ ព្រៃ​លិច​ទឹក ចំនួន 200 ដើម​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ