ប្រទេសអង់គ្លេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីសចនសុនបានសម្រេចកាលពីថ្ងៃទី២៨សីហា ផ្អាកសភារយៈពេល៥សប្ដាហ៍រហូតដល់ថ្ងៃទី១៤តុលា ពោល២សប្ដាហ៍ប៉ុណ្ណោះមុនកាលបរិច្ឆេទនៃBREXIT។ នេះជាការសម្រេចដែលនាំឲ្យមានការខឹងសម្បាក្នុងចំណោមបណ្ដាសមាជិកសភា ដែលចង់រាំងខ្ទប់ការចាកចេញពីសហភាពអឺរ៉ុប របស់អង់គ្លេសដោយគ្មានកិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុប។
ប្រាក់ផោនបានធ្លាក់ថ្លែ០,៦%ទល់នឹងប្រាក់អឺរ៉ូព្រមទាំងប្រាក់ដុល្លារ ក្រោយការសម្រេចនេះ ដែលមានទិសដៅចាកចេញពីសហភាពអឺរ៉ុបដោយមិនចាំបាច់មានកិច្ចព្រមព្រៀងមានន័យថាចាកចេញឆៅតែម្ដង។ បែបនេះនាំឲ្យមានការបារម្ភពីការខ្វះទំនិញនិងការស្ដារពន្ធគយឡើងវិញ។
មនុស្សជាច្រើនពាន់នាក់បានលើកគ្នាធ្វើបាតុកម្មនៅទីក្រុងឡុងដ៏ ព្រមទាំងក្នុងទីក្រុងធំៗដទៃទៀតរបស់អង់គ្លេស នាយប់ថ្ងៃទី២៨សីហា។ ម្យ៉ាងទៀតមានញត្តិមួយតាមអុីនធើរណេតប្រឆាំងការសម្រេចនោះ ដែលយល់ស្របដោយព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២។ ពួកប្រឆាំងហៅការសម្រេចនេះជារដ្ឋប្រហារមួយ ខណៈញត្តិនេះមានអ្នកចុះហត្ថលេខា ឡើងដល់១លាននាក់ហើយ។
មនុស្សច្រើនរយនាក់ប្រមូលផ្ដុំគ្នានៅមុខសភាដោយស្រែកពាក្យថា ចូរឈប់ធ្វើរដ្ឋប្រហារទៅ និងលើកទង់អឺរ៉ុប ហើយបន្ទាប់មកលើកគ្នាមកតវ៉ានៅមុខវិមានរដ្ឋាភិបាល៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ