ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ប្រាសាទនាងខ្មៅ ប្រមូល​ក្មេង​អនាថា ក្រលំបាក រាប់រយ​នាក់​ឱ្យ​បួស​រៀន​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ វត្ត​ប្រាសាទនាងខ្មៅ នៅ​ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ បាន​ប្រមូល​កូន​អ្នកក្រ ឬ​កូន​អ្នក​សុំទាន ឱ្យ​បួស​ជា​ព្រះសង្ឃ និង​ឲ្យ​សិក្សា​រៀនសូត្រ…

ខេត្តតាកែវ ៖ វត្ត​ប្រាសាទនាងខ្មៅ នៅ​ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ បាន​ប្រមូល​កូន​អ្នកក្រ ឬ​កូន​អ្នក​សុំទាន ឱ្យ​បួស​ជា​ព្រះសង្ឃ និង​ឲ្យ​សិក្សា​រៀនសូត្រ ។ នេះ​ជា​គំនិត​ផ្តួចផ្តើម​ពី​ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា ព្រះ​វិន័យ​ធម៌​ខេត្ត និង​ជា​នាយក​សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ប្រាសាទនាងខ្មៅ ។

ជួប​ជាមួយ​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ព្រះ​ធម្ម​វិជ្ជា​ជួន កក្កដា ឲ្យ​ដឹង​ថា ព្រះ​អង្គ​បាន​ប្រមូល​ក្មេង​កំព្រា ក្មេង​អនាថា​រស់នៅ​គ្មាន​ទីពឹង​ឱ្យ​បួស និង​ឱ្យ​សិក្សា​រៀនសូត្រ​ចាប់ពី​អាយុ​៨​ឆ្នាំ​ឡើង ចំនួន​៣១៨​អង្គ ។ ទាំង​៣១៨​អង្គ​នេះ​ជា​ក្មេង​កំព្រា ក្មេង​អនាថា និង​ជា​កូន​អ្នកក្រ​ជាង​៩០​ភាគរយ ។ ក្នុង​១​ថ្ងៃ​ត្រូវ​ចំណាយ​ចង្ហាន់​២​ពេល ព្រឹក និង​ថ្ងៃត្រង់​អង្ករ​អស់​ជិត​៣​បាវ ស្មើនឹង​ជិត​១៥០​គីឡូក្រាម ។ ចំណែក​ម្ហូប​១​ថ្ងៃ​ចំណាយ​ចាប់​៨០​ម៉ឺ​ន​ទៅ​១​លាន​រៀល​ជា​ប្រចាំ ។ ចំពោះ​ការ​ចំណាយ​ទៅ​លើ​ចង្ហាន់​ដល់​ព្រះសង្ឃ​នេះ គឺ​មានការ​ជួយ​ឧបត្ថម្ភ​ពី​ញាតិ​ញោម​ចំណុះ​ជើងវត្ត ក៏​ដូច​ជា​ញាតិ​ញោម​ដែល​រស់នៅ​ក្នុង និង​ក្រៅប្រទេស ទើប​អាច​ដំណើរការ​ទៅ​រួច​មក​ដល់​បច្ចុប្បន្ន​បាន ។

ព្រះ​ធម្ម​វិជ្ជា​ជួន កក្កដា មាន​សង្ឃដីកា​បន្ត​ទៀត​ថា​ចំពោះ​សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ប្រាសាទ​នាងខ្មៅ​នេះ​មាន​សា​លាម​តេ្ត​យ្យ​ចំនួន​៣​ថ្នាក់ បឋម​សិក្សា​៣​ថ្នាក់ និង​សាលា​ភាសា​អង់គ្លេស​ចំនួន​៦​ថ្នាក់រៀន​រាល់ថ្ងៃ ។ សាលា​មាន​៣​អគារ សា​លាម​តេ្ត​យ្យ សាលា​ពុទ្ធិកបឋមសិក្សា និង​ថ្នាក់​ភាសា​អង់គ្លេស ។

នៅ​ពេល​នេះ​កំពុង​តែ​សាងសង់​មហា​កុដិ​ដោយ​គម្រោង​សាងសង់​ត្រូវ​ចំណាយ​អស់​៣៧​ម៉ឺ​ន​ដុល្លារ ។ កុដិ​នេះ​ធ្វើ​ជិត​រួចរាល់​ហើយ នៅ​តែ​ប្រក់​ដំបូល លាបថ្នាំ និង​រៀបចំ​ខាងក្នុង​ទៀត​ប៉ុណ្ណោះ ។ នេន តូច​ៗ ខ្លះ​ទើបតែ​បួស​មិន​ទាន់​បាន​១​វស្សា ខ្លះ​២​វស្សា ភាគច្រើន​ពី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ។

ព្រះ​ធម្ម​វិជ្ជា​ជួន កក្កដា មាន​សង្ឃដីកា​ថា «​អាត្មា​នឹង​បន្ត​ប្រមូល​ក្មេង​កំព្រា ក្មេង​អនាថា និង ក្មេង​ៗ ដែល​មាន​ជីវភាព​ក្រលំបាក​យក​មក​បួស​រៀនសូត្រ​ជា​បន្តបន្ទាប ់និង​សូម​សប្បុរសជន​នានា ក្នុង និង​ក្រៅប្រទេស​ជួយ​ឧបត្ថម្ភ​ជា​ចង្ហាន់​ជា​អង្ករ និង​ជា​ថវិកា ដើម្បី​យក​មក​ផ្គត់ផ្គង់​ដល់​សមណ​សិស្ស​ដែល​កំពុង​សិក្សា​នៅ​សាលា​ពុទ្ធិក​ក្នុង​វត្ត​ប្រាសាទនាងខ្មៅ​ទៅ​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​ផង​ចុះ​» ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ