ម្សិលមិញ​ ឡានកកស្ទះរាប់​រយ​គ្រឿង​ឯណោះ…អស់​៥ម៉ោងលាងសម្អាតប្រេង


ខេត្តកំពង់ស្ពឺ ៖ រហូត​មក​ដល់​វេលា​រសៀលថ្ងៃទី២៨ សីហា ​ដដែល រថយន្ត​រាប់រយ​គ្រឿង​ទាំង​ទៅ​-ទាំង​មក​ឈប់​កកស្ទះ​ទាំងអស់ ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សម្របសម្រួល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ​ឡើង​វិញ ក្រោយ​ការ​បាញ់​ទឹង​លាង​សម្អាត​រួចរាល់ដោយ​ចំណាយពេល​អស់​ប្រមាណ​៥​ម៉ោង ។ មន្ត្រី​ប៉ូលិស​និយាយ​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​ខូចខាត​ធ្ងន់ ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

សូមរំលឹកថា ចរាចរណ៍​នៅ​ចំណោត​លោកយាយ​ម៉ៅ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​ផ្អាក​បណ្តោះ​អាសន្ន​អស់​មួយ​រយៈពេល បន្ទាប់​ពី​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដោយ​រថយន្ត​បែន​បុក​គ្នា​ជាមួយ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ខ្មៅ បណ្តាល​ឱ្យ​ប្រេង​ខ្មៅ​ខាប់​ហូរ​ស្រោច​លើ​ផ្លូវជាតិ បង្ក​ឱ្យ​មានការ
រអិល​ដូច​គេ​លាប​ខ្លាញ់ មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​បាន​អន្តរា​គម៍​ដឹក​ទឹក​មក​បាញ់​លាង​សម្អាត​ទើប​បើក​ឱ្យ​មានការ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​ដូច​ធម្មតា ។ ហេតុការណ៍​ដែល​កម្រ​កើត​មាន​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ សីហា វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ នៅ​ចំណុច​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១០២-១០៣ ចំណោត​លោកយាយ​ម៉ៅ ពេជ្រនិល ស្ថិត​ភូមិ​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បានឱ្យ​ដឹង​ថា មុន​មានការ​ហូរ​កំពប់​ប្រេង​ខ្មៅ​នេះ មាន​រថយន្ត​បែន​១​គ្រឿង ម៉ាក FUSO ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1880 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ​បាន​បើក​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-​3815 ជា​ប្រភេទ​រថយន្ត​ស៊ីទែន​ប្រេង​លេខ 4A-1088 ដឹក​ប្រេង​ខ្មៅ អ្នកបើកបរ​ឈ្មោះ​ឃុំ វង់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ទាំង​២​គ្រឿង ​បើកបរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យ​រថយន្ត​ដឹក​ប្រេង​ធ្លាយ​ហូរ​ប្រេង​ខ្មៅ​ក្រាល​ពេញ​ផ្លូវជាតិ បណ្ដាល​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​ចំណុច​នោះ​ផង​ដែរ ។ ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ៗ​ទៀត ​សមត្ថកិច្ច​បាន​ស្នើ​សុំ​លាង​សម្អាត​ផ្លូវ​ឱ្យ​ស្អាត​សិន និង​បិទ​ចរាចរណ៍​មួយ​រយៈ មុន​ពេល​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ ​។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ