លោក អេឡិច ចាន់ត្រា និងក្រុមការងារបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ដោយសម្តែងខុសពីពេលកន្លងទៅ ព្រោះលោកបានរំលេចនូវវប្បធម៌ខ្មែរស្របពេលប្រឡងបវរកញ្ញាខ្មែរ-អូស្ត្រាលីផងដែរ ។
ដូច្នេះហើយទើបតារាចម្រៀងសាច់សខ្ចីថា នេះជាមោទនភាពមួយដែលលោកមានឱកាសបានចូលរួម ។ អេឡិច ចាន់ត្រា មិនមែនទើបតែហោះទៅកាន់ប្រទេសអូស្ត្រាលីជាលើកទី១ នោះទេ គឺជាច្រើនដងមកហើយ តែប្រជាប្រិយភាពរបស់លោកនៅតែទាក់ទាញសម្រាប់ បងប្អូនខ្មែររស់នៅទីនោះ ។
សូម្បីតែភរិយាលោក ស៊ុក សុភា ក៏បានសរសើរ អេឡិច ចាន់ត្រា ថា លោកចេះគោរពចាស់ទុំ រួសរាយរាក់ទាក់ មិនវាយឫកនោះទេ សមជាតារាដែលគេឲ្យតម្លៃ ។ លោក អេឡិច ចាន់ត្រា ធ្លាប់ប្រាប់ឲ្យដឹងមុនពេលចាកចេញទៅអូស្ត្រាលី ដែរថា ក្នុងដំណើរចេញទៅលើកនេះ មិនមែនចេញទៅច្រៀងដើម្បីរៃអង្គាសប្រាក់ ដើម្បីមនុស្សធម៌ដូចលើកមុនៗឡើយ ។
ហើយក៏មិនមែនជាការចេញទៅលំហែអារម្មណ៍ឲ្យសប្បាយដែរ តែសម្រាប់ការចាកចេញលើកនេះ គឺទទួលបានការអញ្ជើញពីសមាគមវប្បធម៌ និងកីឡាខ្មែរនៅអូស្ត្រាលី សម្រាប់ការសម្តែង ដើម្បីលើកស្ទួយពីវប្បធម៌ខ្មែរ និងចូលរួមកម្មវិធីប្រលងបវរកញ្ញាខ្មែរនៅអូស្ត្រាលី ក៏ដូចជា សម្តែងជូនបងប្អូនខ្មែរនៅទីនោះបានរាំកម្សាន្ដសប្បាយ ។
ចំណែកតារាប្រុស-ស្រីដែលចេញដំណើរទៅជាមួយគ្នានោះរួមមាន ៖ ព្រះកាយ ច័ន្ទ , កញ្ញា វុទ្ធ គន្ធា , លោក សៅ ឧត្តម និងតន្ត្រីករល្បីឈ្មោះលោក សម ប៉ិទី ជាដើម ។
បើគិតរហូតមកទល់ពេលនេះ លោកបានចាកចេញទៅប្រទេសអូស្ត្រាលី មានរយៈពេល ប្រមាណជិត១ខែមកហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ