ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​បែកគំនិត បែរជា​បង្ក​គ្រោះ​ឱ្យ​នារី​ជា​និស្សិត​ឆ្នាំ​ទី​២​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ជាង​ជួសជុល​រថយន្ត​២​នាក់​ផឹកស្រា​ស្រវឹង ក៏​បែកគំនិត​បើករថយន្ត​ភ្ញៀវ​ដែល​យក​ទៅ​ជួសជុល​បើក​ដើរ​រលេ​ង​យ៉ាង​ឡូយឆាយ​សប្បាយ តែ​ក្លាយជា​ទុក្ខ បន្ទាប់​ពី​បើក​បុក​ម៉ូតូ​គុប​ជ្រុង​១​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា​១​គ្រឿង បណ្ដាល​ឲ្យ​នារី​ជា​និស្សិត​ឆ្នាំ​ទី​២​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ជាង​ជួសជុល​រថយន្ត​២​នាក់​ផឹកស្រា​ស្រវឹង ក៏​បែកគំនិត​បើករថយន្ត​ភ្ញៀវ​ដែល​យក​ទៅ​ជួសជុល​បើក​ដើរ​រលេ​ង​យ៉ាង​ឡូយឆាយ​សប្បាយ តែ​ក្លាយជា​ទុក្ខ បន្ទាប់​ពី​បើក​បុក​ម៉ូតូ​គុប​ជ្រុង​១​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា​១​គ្រឿង បណ្ដាល​ឲ្យ​នារី​ជា​និស្សិត​ឆ្នាំ​ទី​២​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ករណី​ដ៏​រន្ធត់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩​ត្រង់​ចំណុច​ខាង​មុខ​ក្លឹ​ប​ហាត់ប្រាណ​យីហោ​តោះ​ជ៊ី​ម ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១០០៣​កែង​និង​ផ្លូវ​១៩៨២ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

សព​នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ ណុ​ប ពិសី អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ នៅ​សាកល​វិទ្យា
ល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ឆ្លៀត​ទៅ​ធ្វើការ​នៅ​ក្នុង​ហាង​លក់​នាឡិកា​នៅ​ឯ​ផ្សារ​ទំនើប​អ៊ី​អន​ទី​២ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​វត្ត​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​នៅ​ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​គុប​ជ្រុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពត 1G-2379 ដែល​ទើបតែ​ជិះ​ចេញពី​កន្លែងធ្វើការ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​២ បំណង​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ​នៅ​ទឹកថ្លា ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០០៣ ពី​ជើង​ទៅ​ត្បូង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​បង្ក​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-3407 បើកបរ​ដោយ​បុរស​២​នាក់​ស្រវឹង​ជោកជាំ​ទិស​ដៅ​បញ្ច្រាស​គ្នា និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ​រថយន្ត​បង្ក​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ឆ្លង​ទៅ​បុក​ម៉ូតូ​នារី​រង​គ្រោះ​ចំ​ពីមុខ​ពេញទំហឹង​ធ្វើ​ឱ្យ​ម៉ូតូ​ខ្ទាត​ផ្លោង​ទៅ​ក្រោយ​វិញ បណ្តាល​ឲ្យ​ទៅ​បុក​នឹង​ម៉ូតូ​កង់​បី​ឥណ្ឌា​១​គ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង​1N-9540 បើក​ដោយ​បុរស​ម្នាក់​មក​តាម​ពីក្រោយ​ម៉ូតូ​នារី​រង​គ្រោះ បណ្តាល​ឲ្យ​ក្រពឹត​កា​តា​បូ​ខាង​មុខ ចំណែកឯ​ម៉ូតូ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង រីឯ​នារី​រង​គ្រោះ​បាន​ដួល​អូស​ប្រមាណ​១០​ម៉ែត្រ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​។ ដោយឡែក​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ ទាំង​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​។ ប៉ុន្តែ​រថយន្ត​បង្ក​បាន​បើក​ទៅ​ឈប់​ចត​លាក់ខ្លួន ហើយ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ចាប់​ឃាត់​ភ្លាម​ៗ​នៅ​ក្បែរ​នឹង​ផ្សា​របឹង​បៃតង តាម​បណ្ដោយ​ផ្លូវ​បេតុង​កែង និង​ផ្លូវ​សម្តេច​ជា​ស៊ី​ម ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​តែ​ម្តង។

តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​ប្រាប់​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​បង្ក​ទាំង​២​នាក់​ខាងលើ គឺជា​ជាង​ជួសជុល​រថយន្ត​ធ្វើការ​នៅ​ក្នុង​កា​រ៉ា​ស់​ជួសជុល​រថយន្ត​មួយ​កន្លែង​នៅ​ម្ដុំ​អតីត​រង្វង់​មូល​ទួល​គោក​។ ហើយ​មុន​កើតហេតុ ពួក​គេ​ទាំង​២​នាក់​នោះ​គឺ​នាំ​គ្នា​ផឹកស៊ី​នៅ​ក្នុង​កា​រ៉ា​ស​ដោយ​មាន​គ្នា​៦​នាក់​បាន​ផឹកស្រា​ថ្នាំ​អស់​ចំនួន​២​លី​ត្រ​។ លុះ​ពេល​ស្រវឹង​រៀង​ៗ​ខ្លួន​ពួក​គេ​ទាំង​២​នាក់​នោះ ក៏​នាំ​គ្នា​យក​រថយន្ត​ខាងលើ​ដែល​ជា​រថយន្ត​របស់​ភ្ញៀវ​យក​មក​ដាក់​ជួសជុល​នៅ​ក្នុង​កា​រ៉ា​ស​នោះ​បើក​ចេញ​ទៅ​ដើរ​លេង​នៅ​ខាងក្រៅ រួច​ក៏​បង្ក​ជា​គ្រោះថ្នាក់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​ម៉ូតូ​កង់​បី​ឥណ្ឌា ព្រមទាំង​រថយន្ត​បង្ក រួម​ទាំង​អ្នកបើកបរ​រថយន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​។ ដោយឡែក​សព​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តកំពត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ