ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ជីវិត​អើយ​! ធ្លាក់​ពីលើ​ឡាន​ក្លាយជា​ជន​ពិការ ប្រពន្ធ​រត់​ចោល កូន​ក៏​មិន​ឱ្យ​ជួប(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មនុស្ស​មួយ​ចំនួន​ដែល​បើកបរ​ម៉ូតូ និង​រថយន្ត តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ មានការ​អាណិតអាសូរ​ដល់​បុរស​កំសត់​ម្នាក់ ខណ​:​កំពុង​យកដៃ​ទាំង​ទ្វេ​រុញ​រទេះ​យឺត​ៗ​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​ស្ទើរតែ​រលាក​ស្បែក​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ រួច​យក​ឈើ​ដ៏​តូច​១​ដើម​ប្រវែង​ជាង​១​ម៉ែត្រ​ឆ្កឹះ​សំបក​ដប សំបក​កំប៉ុង ព្រមទាំង​របស់​ចាស់​ៗ​ដែល​គេ​បោះចោល​តាម​ដងផ្លូវ…

ខេត្ត​ប៉ៃលិន ៖ មនុស្ស​មួយ​ចំនួន​ដែល​បើកបរ​ម៉ូតូ និង​រថយន្ត តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ មានការ​អាណិតអាសូរ​ដល់​បុរស​កំសត់​ម្នាក់ ខណ​:​កំពុង​យកដៃ​ទាំង​ទ្វេ​រុញ​រទេះ​យឺត​ៗ​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​ស្ទើរតែ​រលាក​ស្បែក​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ រួច​យក​ឈើ​ដ៏​តូច​១​ដើម​ប្រវែង​ជាង​១​ម៉ែត្រ​ឆ្កឹះ​សំបក​ដប សំបក​កំប៉ុង ព្រមទាំង​របស់​ចាស់​ៗ​ដែល​គេ​បោះចោល​តាម​ដងផ្លូវ រួច​ដាក់​ក្នុង​កា​រ៉ុ​ង​ទាំង​ផ្នែក​ខាង​មុខ និង​ខាងក្រោយ​រទេះ ដើម្បី​ផ្សំ​បាន​ច្រើន​ទុក​លក់​អេ​ត​ចាយ យក​ប្រាក់​ទិញ​អាហារ​ចិញ្ចឹមជីវិត ពោល​គឺ​ទ្រាំរ​ស់ទាំង​ត្រដាបត្រដួស ក្រោយ​ពី​ទទួល​រងគ្រោះថ្នាក់​ធ្លាក់​ពីលើ​រថយន្ត​អស់​រយ​:​ពេល​៦​ឆ្នាំ​កន្លង​ទៅ ហើយ​ក្លាយ​ខ្លួន​ជា​ជន​ពិការ​ដើរ​លែង​រួច ត្រូវ​ប្រពន្ធ​នាំ​កូន​រត់​ចោល ដោយ​គ្មាន​ក្តី​អាល័យ​សូ​ម្បី​តែ​បន្តិច ។

ជួប​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ បុរស​ពិការ​រូប​នេះ បាន​រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ឱ្យ​ដឹង​ថា គាត់​មាន ឈ្មោះ ទូច វ​ណ្ណា អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត នៅ​ភូមិ​អូរ​តាថុក ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មា​ន​ប្រពន្ធ​ឈ្មោះ ហុ​ន ហៀ​ង អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ដុំ ឃុំ​ពាម​រក៍ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ហើយ​ក៏​បាន​រៀប​ការ​យក​គ្នា​ជា​ប្តី​ប្រពន្ធ រួច​ផ្លាស់​លំនៅ​ទៅ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បង្កើត​បានកូន​ម្នាក់​ឈ្មោះ ផង់ សុ​ផានិត ភេទ​ស្រី អាយុ​៦​ឆ្នាំ បច្ចុប្បន្ន គាត់​រស់នៅ​ម្នាក់ឯង​ក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សា លា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក​បន្ត​ទៀត​ថា ដោយសារ​ជីវភាព​ក្រីក្រ​លោក​បាន​ទៅ​ស៊ីឈ្នួល​លើក​ផ្លែស្វាយ​ដាក់​រថយន្ត​ឱ្យ​ថៅកែ​ម្នាក់ ដើម្បី​ដឹក​បន្ត​ឆ្លង​ដែន​ពី​ភូមិ​ផ្សារ​ព្រំ​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ ។ ប៉ុន្តែ​ជា​អកុសល​លោក​បាន​ទទួល​រងគ្រោះថ្នាក់​ដោយ​ធ្លាក់​ពីលើ​រថយន្ត​កាលពី​ឆ្នាំ​២០១៤ បណ្តាល​ឱ្យ​បោក​ប៉ះ​ចំ​ក្បាល​របួស​កកឈាម​ក្នុង​ខួរក្បាល តែ​សំណាង​មិន​ស្លាប់​ក៏​ក្លាយទៅជា​ជន​ពិការ​ដើរ​លែង​រួច​តែ​ម្តង ។

លោក​បន្ថែម​ថា ពេល​រង​របួស​ដំបូង ប្រពន្ធ​របស់​ខ្លួន​បាន​មើលថែ​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយ​:​ពេល​១​ឆ្នាំ​ដែរ ប៉ុន្តែ​ដោយ​ដឹង​ថា លោក​ក្លាយទៅជា​មនុស្ស​ពិការ​ដើរ​លែង​រួច គ្មាន​សមត្ថភាព​រកស៊ី​ចិញ្ចឹម​គេ ក៏​នាំ​កូនស្រីរ​ត់ទៅ​ស្រុក​កំណើត​របស់​គេ​វិញ​បាត់​ស្រមោល​ទៅ​ហើយ ។

បើ​មើលទៅ​មុខមាត់​របស់​គាត់​ហាក់ដូចជា​អស់សង្ឃឹម​ខ្លាំង​ណាស់​ដោយ​និយាយ​បន្ត​ទៀត​ថា តាំងពី​ប្រពន្ធ​រត់​ចោល​លោក​ជា​មនុស្ស​តែលតោល ដាំបាយ​ហូប គឺ​ត្រូវ​អង្គុយ​លើ​រទេះ ងូតទឹក​លើ​រទេះ ដោយ​ឥឡូវនេះ​ធ្វើការ​ឱ្យ​គេ​លែង​កើត​ទៀត​ហើយ គឺ​ដើរ​រក​អេ​ត​ចាយ​ពឹង​លើ​កម្លាំង​ផ្ទាល់​ខ្លួន​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​លោក​តាំងចិត្ត​ថា បើ​នៅ​មាន​កម្លាំង​អ្វី​ដែល​អាច​ធ្វើ​ទៅ​កើត លោក​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជីវិត គឺ​មិន​សុំទាន​គេ​ជា​ដាច់ខាត ។

លោក​បញ្ជាក់​ថា គាត់​ពិតជា​នឹក​ដល់​កូនស្រី​របស់​ខ្លួន​ខ្លាំង​ណាស់ ថែម​ទាំង​ចង់​ជួប​មុខ​នាង​ជា​លើក​ចុង​ក្រោយ តែ​ពេល​គាត់​ទូរស័ព្ទ​ទៅ​រក​កូនស្រី​ម្តង​ៗ ប្រពន្ធ​មិន​ឱ្យ​ជួប​នោះ​ទេ ដោយ​ដឹង​ថា រូបគេ​មាន​ប្តី​ថ្មី​ចោល​គាត់​ទៅ​ហើយ ខណ​:​នាំ​កូនស្រី​របស់​ខ្លួន​រត់​ចោល​តាំងពី​នាង​ទើបតែ​អាយុ​៥​ទៅ​៦​ឆ្នាំ​ប៉ុណ្ណោះ ។ ពិតជា​ទុក្ខ​ជាន់​លើ​ទុក្ខ​មែន កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ខណៈ​លោក​យកដៃ​រុញ​រទេះ​ឆ្លងផ្លូវ ហើយ​ខំ​លើក​ស្រែក​ប្រាប់​គេ ស្រាប់តែ​មាន​ម៉ូតូ​អ្នក​ស្រវឹងស្រា​បើកបរ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​គាត់​ពេញទំហឹង​បណ្តាល​ឱ្យ​ខូច​រទេះរុញ​អស់​១​គ្រឿង ហើយ​រង​របួស​ជើង​ទាំង​ពីរ​បន្ថែម​ទៀត ។

លើស​ពី​នេះ ពេល​ឈឺ​ម្តង​ៗ គាត់​ពិតជា​មានការ​លំបាក​រក​លុយ​មក​ទិញ​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល​ជំងឺ​ខ្លាំង​ណាស់ ព្រោះ​រាល់ថ្ងៃ​រកបាន​ព្រឹក​ខ្វះ​ល្ងាច ។ តែ​ទោះបីជា​យ៉ាងណា ក៏​លោក​មិនតូច​ចិត្តនឹង​វាសនា​ដែរ ព្រោះ​អ្វី​ៗ​ស្ទើរតែ​ចប់​សព្វគ្រប់​អស់​ទៅ​ហើយ​នៅ​ក្នុង​ជីវិត​នេះ គឺ​ដេក​រង់​ចាំតែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ស្វាយ ហឿ​ន អនុ​ភូមិ​អូរ​រអិល បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ខាងលើ គឺជា​ជន​ពិការ​អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ ដោយ​មុន​ដំបូង​គាត់​រង​របួស​ដោយ​ផ្ទុះ​មីនតោន លុះ​ទៅ​រកស៊ី​លើក​ផ្លែស្វាយ​ឱ្យ​គេ ស្រាប់តែ​ធ្លាក់​ពីលើ​រថយន្ត​ប៉ះ​ក្បាល លុះ​ពេល​ជា​ក៏​ស្ពឹក​ជើង​ទាំង​ពីរ​ក្លាយទៅជា​ជន​ពិការ ដើរ​លែង​រួច ត្រូវ​ប្រពន្ធ​នាំ​កូន​រត់​ចោល​ទៀត ។ លោក​បន្ត​ទៀត​ថា បុរស​ខាងលើ​រស់នៅ​ឯកោ គ្មាន​ទីពឹង​ពំនាក់​នោះ​ទេ ដោយ​សុំ​ដី​សុំ​ផ្ទះ​គេ​ស្នាក់​នៅ ហើយ​រុញ​រទេះ​រើស​អេ​ត​ចាយ​លក់​សម្រាប់​ទិញ​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ