ប្រទេសកេនយ៉ា ៖ កាលពីថ្ងៃទី២៦សីហាប្រធានាធិបតីកេនយ៉ាលោកUHURU KENYATTA ក្នុងពិធីសម្ពោធនាំប្រេងចេញជាលើកដំបូងរបស់ប្រទេសលោកថ្លែងថា ប្រទេសរបស់យើងពេលនេះបានចូលក្នុងរង្វង់បណ្ដាប្រទេសនាំប្រេងកាតចេញដែរហើយ ដែលនោះជាការសម្រេចក្ដីសង្ឃឹមមួយ។ វាជាពេលវេលាពិសេសកំណត់ពីរបត់មួយនៃភ័ព្វវាសនារបស់ប្រជាជាតិយើង។ នេះជាការនាំប្រេងឆៅចេញលើកដំបូងរបស់ប្រជាជាតិយើង រួចក៏ជាឱកាសប្រវត្តិសាស្ត្រមួយរបស់ប្រជាជាតិយើងដែរ។
យោងតាមរដ្ឋមន្ត្រីប្រេងកេនយ៉ាលោកJOHN MUNYESថា ការនាំប្រេងចេញដំបូងគឺក្នុងតមៃ្ល៦០ដុល្លារក្នុង១ធុង ហើយប្រេងរបស់យើងគេត្រូវការខ្លាំងណាស់។ មានក្រុមហ៊ុនអន្តរជាតិយ៉ាងតិច៨បានស្នើទិញប្រេងកាតយើង រួចក្រុមហ៊ុនចិនជាអ្នកនាំចេញប្រេងឆៅរបស់យើងមុនគេផ្ដល់ឲ្យម៉ាឡេស៊ី។
នាវាដឹកប្រេងមួយបានបញ្ចូលប្រេង២០០.០០០ធុងនៅកំពង់ផែក្រុងមុមបាសា សម្រាប់នាំទៅកាន់ម៉ាឡេស៊ី។ ប្រេងឆៅនោះបូមចេញពីទីតាំងប្រេងមួយស្ថិតនៅTURKANA ជាតំបន់មួយនាភាគពាយ័ព្យប្រទេស ដែលសម្បូរប្រេងកាតហើយអាចផ្គត់ផ្គង់ប្រេងពេញសមត្ថភាពក្នុងឆ្នាំ២០២២។ ពេលនោះកេនយ៉ានឹងជាអ្នកនាំចេញប្រេង១០០.០០០ធុងក្នុងមួយថ្ងៃ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ