រាជធានីភ្នំពេញ ថ្ងៃទី ២៦ សីហា ២០១៩ ៖ ក្រុមហ៊ុន អាយអិនជី ហូលឌីង បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយហៅថា ទីក្រុងនាគ ស្ថិតនៅក្នុងទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក ជាមួយក្រុមហ៊ុន ខូសវ៉េ បេ គ្រុប (Causeway Bay Group) និងក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អីុនវេសមេន (SINO Bay Construction Investment) មកពីទីក្រុងហុងកុង។
ទីក្រុងរណប តំបន់បឹងទំពុន និងជើងឯក ឬហៅថា អ៊ឹង ស៊ីធី (ING City) ដែលជាទីតាំងគម្រោងទីក្រុងនាគត្រូវអភិវឌ្ឍន៍ គឺជាតំបន់មានការរីកចម្រើនខ្លាំងខាងវិស័យធុរកិច្ចចម្រុះ និងលក្ខណៈអំណោយផលល្អសម្រាប់ការអភិវឌ្ឍលំនៅឋាន មានភាពពេញលេញសំបូរបែបជាទីក្រុងមានសុវត្ថិភាព និងបរិស្ថានល្អប្រសើរ ជាមួយសួនច្បារ និងលំហបៃតងនៅភាគខាងត្បូងរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខាបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូកេត្រា ភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនទាំងបីរួមមាន លោកឧកញ៉ា លឹម រស់ និងលោកឧកញ៉ា លឹម ប៊ុនសួរ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយអិនជី ហូលឌីង លោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសវ៉េ បេ គ្រុប និងលោក Zhuang Xiongming អគ្គនាយក ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន ។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងចងសម្ព័ន្ធក្រុមហ៊ុនកម្ពុជា និងក្រុងហុងកុង ដើម្បីរួមកម្លាំងអភិវឌ្ឍន៍ទីក្រុងនាគនៅក្នុងតំបន់បឹងទំពុន និងជើងឯកលើផ្ទៃដី ៥,៤ហិកតា តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលគ្រោងនឹងចាប់ផ្តើមក្នុងឆ្នាំ២០២០ ។ គម្រោងនេះ នឹងពង្រីកគ្របដណ្តប់លើផ្ទៃដីរហូតដល់ ២៥ហិកតា។
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អាយអិនជី ហូលឌីង លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានលើកឡើងថា៖ «ក្រុមហ៊ុន អាយអិនជី ហូលឌីង បានទទួលគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ការពង្រីកទីក្រុងមកភាគខាងត្បូងដែលត្រូវបានគេស្គាល់ថា ទីក្រុង អ៊ឹង ស៊ីធី (ING City) ។ ចក្ខុវិស័យរបស់យើងគឺឲ្យភ្នំពេញមានភាពសំបូរបែបរួមផ្សំដោយហាងទំនិញ ការិយាល័យធ្វើការ និងទីកន្លែងសម្រាកលំហែកម្សាន្ត ប្រកបដោយភាពងាយស្រួល និងបរិស្ថានល្អប្រសើរបំផុត។ ដោយបានសង្កេតឃើញពីភាពជោគជ័យនៃធុរកិច្ចរបស់ក្រុមហ៊ុន ខូសវ៉េ បេ គ្រុប លើទីតាំងចំនួន ១០៩ កន្លែងក្នុងប្រទេសចិន និងទ្វីបអាស៊ី យើងខ្ញុំពិតជាមានសេចក្តីរំភើបចំពោះសម្ព័ន្ធភាព និងកិច្ចការដែលក្រុមហ៊ុនយើងនឹងធ្វើរួមគ្នាដើម្បីបង្កើតឡើងនូវភាពអស្ចារ្យសម្រាប់ទីក្រុង អ៊ឹង ស៊ីធី និងរាជធានីភ្នំពេញ»។
លោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសវ៉េ បេ គ្រុប មកពីទីក្រុងហុងកុង បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយដែលជាការឆ្លើយតបនឹងភាពរីកចម្រើនដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចកម្ពុជា និងការកើនឡើងនៃប្រជាជនក្នុងរាជធានីភ្នំពេញ។
លោក Chen Zhi បន្តថា៖ «បើគេក្រឡេកមើលទីក្រុង ឌូបៃ កាលពី២០ឆ្នាំមុន ទឹកដីនោះគ្រាន់តែជាវាលខ្សាច់ប៉ុណ្ណោះ ក៏ប៉ុន្តែក្រោយមានការអភិវឌ្ឍ និងការវិនិយោគ ទីនោះបានក្លាយជាទីក្រុងលំដាប់ពិភពលោក និងជាមណ្ឌលធុរកិច្ចដ៏សំខាន់នៃតំបន់មជ្ឈិមបូព៌ា ក៏ដូចជាទីក្រុងមួយក្នុងចំណោមទីក្រុងធំជាងគេបំផុតលើលោក។ ហេតុដូចនេះ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង នឹងជួយយើងកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយនៅទីក្រុងភ្នំពេញ ដោយមានផ្សារទំនើប មណ្ឌលរថយន្ត មណ្ឌលសម្ភារសំណង់ អគារស្នាក់នៅរួម មណ្ឌលអាហារខ្នាតអន្តរជាតិ លំនៅឋានគ្រួសារ និងអគារទំនើបៗ ជាមួយនឹងការរចនាយ៉ាងពិសេស»។
នៅក្នុងឱកាសនោះ លោក Zhuang Xiongming អគ្គនាយក ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន ដែលជាក្រុមហ៊ុនម៉ៅការសាងសង់សម្រាប់គម្រោង «ទីក្រុងនាគ» បានគូសបញ្ជាក់ជូនអង្គពិធីថា៖ «គម្រោងទីក្រុងនាគនេះ គឺជាគម្រោងដ៏សំខាន់ដែលរួមគ្នាអភិវឌ្ឍន៍ដោយក្រុមហ៊ុន អាយអិនជី ហូលឌីង ក្រុមហ៊ុន ខូសវ៉េ បេ គ្រុប និងក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន ។ ទីក្រុងនេះនឹងត្រូវរចនាឡើងជាមួយគំនិតរចនាបែបសាកល និងរួមបញ្ចូលប្រព័ន្ធ Habitat-Building ដែលកំពុងមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាដើម្បីបង្កើតនូវគំរូនៃការរស់នៅប្រកបដោយគុណភាព ពោរពេញដោយរស្មីព្រះអាទិត្យ ភ្លៀង ភាពកក់ក្តៅ និងសេចក្តីរីករាយ»។
គួរបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណប អ៊ឹង ស៊ីធី (ING City) បានចាប់ផ្តើមកាលពីឆ្នាំ២០០៧ ហើយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលលាតសន្ធឹងប្រវែង ៩,១គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈកាលពីខែមេសា ឆ្នាំ២០១៧។ ការអភិវឌ្ឍតំបន់បឹងទំពុន និងជើងឯក គឺដើរស្របគ្នានឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានចង្អុលបង្ហាញពីយុទ្ធសាស្ត្រពង្រីកទីក្រុងទៅភាគខាងត្បូងរាជធានីភ្នំពេញ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ