ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន នឹង​ប្រើ​ធម៌​ក្តៅ​ចាត់ការ​សំណង់​ណា​គ្មាន​ច្បាប់ទម្លាប់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ កន្លង​មក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​សហ​ការណ៍​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​កិច្ចប្រជុំ ស្តី​ពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ កន្លង​មក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​សហ​ការណ៍​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​កិច្ចប្រជុំ ស្តី​ពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់ ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ​ដោយ​បទដ្ឋាន​បច្ចេកទេស​សំណង់ ក្រោម​អធិបតី​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះ​សីហ​នុ និង​លោក គួ​ច ចំរើន អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​មានការ​អញ្ជើញ​ចូលរួម​ពី​អ្នកម៉ៅការ​សំណង់ អ្នកលក់​សម្ភារ​សំណង់ និង​ក្រុមហ៊ុន​ក្រឡុក​បេតុង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​មក​ចូលរួម​យ៉ាង​កុះករ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​បញ្ជាក់​នៅ​ក្នុង​បើក​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ​ដោយ​បទដ្ឋាន​បច្ចេកទេស​សំណង់​នៅ​តាម​ការដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ការដ្ឋាន​ត្រូវ​មានច្បាប់​អនុញ្ញាតិ​សាងសង់ ។

ក្រុមហ៊ុន​សាងសង់​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ។ រដ្ឋបាល​ខេត្ត​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​គុណភាព​សំណង់ កន្លង​មក​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​រៀប​ដែនដី បាន​រក​ឃើញ​បញ្ហា​ប្រឈម​មួយ​ចំនួន ក្នុង​ការ​ត្រួតពិនិត្យ​សំណង់​ជាង ៥០០​កន្លែង​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ជាក់ស្តែង​បាន​រក​ឃើញ​ការដ្ឋាន​១៤​កន្លែង មិន​មានគុណ​ភាព តម្រូវ​ឲ្យ​រុះរើ​សំណង់​ចេញ​វិញ​និង​៧០​ការដ្ឋាន​ផ្សេង​ទៀត​ត្រូវធ្វើ​កោសល​វិច័យ​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ជាក់​ពី​គុណភាព​សំណង់ ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​ខុសឆ្គង​បន្ត​ទៀត ។ បន្ទាប់​ពី​ក្រុមការងារ​បាន​រក​ឃើញ​នូវ​ចំណុច​ខ្វះខាត ត្រូវ​រុះរើ​សំណង់​ចេញ យើង​ក៏​មានការ​សោកស្តាយ​ផង​ដែរ ព្រោះ​នេះ​ជា​កំហុសឆ្គង​របស់​អ្នកម៉ៅការ​សាងសង់ ។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ការ​សាងសង់​ខ្វះ​គុណភាព បណ្តាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ មិន​អាច​ឱ្យ​សាងសង់​បន្ត​ទៀត​បាន​ទេ​ក្រុមការងារ​របស់​ក្រសួង​រៀបចំ​ដែនដី អាជ្ញាធរ​ខេត្ត បាន​អញ្ជើញ​អ្នកម៉ៅការ​សាងសង់​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​ពេលវេលា​ខាងលើ សំដៅ​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមការងារ​បច្ចេកទេស​ដោយ​តម្រូវ​ឱ្យ អ្នកម៉ៅការ​សំណង់​ទាំងអស់ ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ដែនដី ។

អ្នកម៉ៅការ​សាងសង់​នៅ​លើ​ទីតាំង​ដែល​បាន​សុំ​ច្បាប់​អនុញ្ញាត​តាម​លក្ខណ​បច្ចេកទេស ។ អគារ​សំណង់​ធំ​ៗ ត្រូវ​មាន​អាង​ប្រព្រឹត្តិកម្ម​ត្រឹមត្រូវ នៅ​តាម​ការដ្ឋាន​របស់​ខ្លួន ប្រសិនបើ​សំណង់​ណា​មិន​បាន​អនុវត្ត​តាម​ការ​ណែរ​នាំ​របស់​មន្ទីរ​ជំនាញ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​រដ្ឋបាល​ខេត្ត រដ្ឋបាល​ខេត្ត និង​មន្ត្រី​ជំនាញ​ខាងលើ និង​អនុវត្ត​វិធានការ​រដ្ឋបាល ហើយ​យើង​ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា ។

លោក​អភិបាល​បាន​បញ្ជាក់​ថា រាល់​ម្ចាស់​ការដ្ឋាន​ណា ដែល​មិន​បាន​សហការ​តាម​ការ​អញ្ជើញ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការ​ចូក​រួម​កិច្ចប្រជុំ ស្តី​ពី​ការ​ផ្សព្វផ្សាយ អំពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ ដោយ​បទដ្ឋាន​បច្ចេកទេស​សំណង់ នឹង​ចុះ​ទៅ​ផ្អាក​ការដ្ឋាន​ទាំងនោះ ជា​បណ្តោះអាសន្ន ។

លោក ឡៅ ទិព្វ​សីហា ប្រធាន​គណៈ​មក​ម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​បទ​បង្ហាញ​ថា វិធានការ​នានា​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​លើ​វិស័យ​សំណង់ ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ​ដោយ​បទដ្ឋាន​បច្ចេកទេស​សំណង់ និង​ទទួលខុសត្រូវ​ក្នុង​កិច្ចសន្យា និង​ក្រៅ​កិច្ចសន្យា ចំពោះ​ការ​ខូចខាត​បង្ករ​ឡើង​ដោយ​សំណង់ ទទួលខុសត្រូវ​លើ​គំនូរ​ប្លង់ សោភ័ណ​ភាព ជ្រើសរើស​សម្ភារ​ការ​ជ្រើសរើស​បច្ចេកវិទ្យា ។

ត្រូវ​ត្រួតពិនិត្យ​ការដ្ឋាន​ឱ្យ​បាន​ហ្មត់ចត់ ចៀសវាង​ការ​ធ្វេសប្រហែស​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ។ ពិសេស​ត្រូវ​អនុវត្ត​នូវ​វិធានការ​ចំនួន​៤​គឺ ទី​១/-​កាតព្វកិច្ច និង​លក្ខខណ្ឌ​ចំបង​ៗ​ដែល​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម សិក្សា​គម្រោង​ប្លង់ ត្រូវ​គោរព និង​អនុវត្ត, ទី​២/-​កាតព្វកិច្ច និង​លក្ខខណ្ឌ​ចំបង​ដែល​ក្រុមហ៊ុន​ប្រកបការងារ​សាងសង់​និង​ក្រុម​ជាងសំណង់ ត្រូវ​គោរព និង​អនុវត្ត, ទី​៣/-​ម្ចាស់​សំណង់​ទទួលខុសត្រូវ​ចាត់ចែង និង​ទី​៤/-​វិធានការ​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់​ចំពោះ​ម្ចាស់​សំណង់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ