ខេត្តបាត់ដំបង ៖ យោងតាមប្រភពព័ត៌មានបានរាយការណ៍ថា មន្ត្រីជំនាញបានចុះត្រូវពិនិត្យសំណង់អគារមហាកុដិនៅក្នុងវត្តពោធិវង្ស ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង នៅរសៀលថ្ងៃទី២៧ សីហា នេះ ដែលកំពុងមានការរិះគន់យ៉ាងខ្លាំងអំពីបញ្ហាសាងសង់ ហាក់មិនត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ។ សូមរំលឹកថា៖ បារម្ភខ្លាំងគុណភាពសំណង់អគារមហាកុដិ…ចាក់មិនត្រង់ ហើយតច្រើនកំណាត់
ប្រភពបានឱ្យដឹងថា ការចុះត្រួតពិនិត្យរបស់មន្ត្រីជំនាញទាំងនោះ ក៏មានការចូលរួមពីចៅអធិការវត្ត ប្រធានគណ:កម្មការវត្ត ពុទ្ធបរិស័ទមួយចំនួន និងមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។ ប៉ុន្តែប្រភពមិនទាន់មានព័ត៌មាននៃការវាយតំលៃបែបណាពីមន្ត្រីជំនាញ ដែលពាក់ព័ន្ធនឹងបច្ចេកទេសនៃការសាងសង់អគារមហា
កុដខាងលើនេះនៅឡើយទេ តែគេឃើញក្រុមជាងប៉ុន្មាននាក់បានដើរចេញពីកន្លែងការដ្ឋានសំណង់នោះយ៉ាងរហ័សភ្លាមៗដែរ ពេលឃើញមន្ត្រីជំនាញចុះទៅដល់ទីនោះ ព្រោះមិនហ៊ានប្រឈមមុខខ្លាចគេសួរនាំដេញដោល ។
សូមរំលឹកថា សំណង់អគារមហាកុដិដ៏ធំមួយនេះ ត្រូវបានពុទ្ធបរិស័ទ និងអ្នកជំនាញខាងសំណង់បានរិះគន់
ចំៗថា ផ្នែកខ្លះនៃសំណង់ធ្វើឡើងដោយមិនត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ។ កំហុសដែលធ្វើឲ្យមានការរិះគន់ទាំងនោះ មានដូចជា សសរមួយដើមចាក់បណ្ដុះឡើងមានតំណរ៣កំណាត់ទើបរួច ហើយវៀចវ៉ចក្រងិក្រង៉ក់ ធ្នឹមខ្លះចាក់ជួសមុខគ្នា និងកន្លែងខ្លះ មានសភាពវៀចប៉ោង ដែលមើលទៅដូចកូនក្មេងធ្វើលេង
។ល។ ដែលធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំងអំពីគុណភាព ។
ប៉ុន្តែជុំវិញនឹងការព្រួយបារម្ភនេះ លោកគ្រូចៅអធិការវត្តនិងប្រធានគណ:កម្មការវត្តនេះ បានអះអាងជំនួសជាងថា «អត់មានបញ្ហាអ្វីទេ» បើទោះជាព្រះអង្គបានពិនិត្យឃើញផ្ទាល់ភ្នែក ហើយទទួលស្គាល់ថា ចំណុចទាំងនោះ ពិតជាមិនប្រក្រតីមែន តែព្រះអង្គបានបន្ទោសខ្លះៗដែរថា «នេះជាការធ្វេសប្រហែស និងភាពខ្ជីខ្ជាររបស់ពួកជាង ដែលធ្វើការមិនយកចិត្តទុកដាក់» ។
ទោះយ៉ាងណា គេកំពុងតាមដាន និងរង់ចាំការវាយតំលៃរបស់មន្ត្រីជំនាញ ដែលបានចុះទៅពិនិត្យសំណង់នេះផ្ទាល់ តើគេនឹងវាយតំលៃបែបណាទៅលើសំណង់អគារមហាកុដិដ៏ធំសម្បើមមួយខ្នងនេះ ឬ ក៏មន្ត្រីជំនាញមើលមិនឃើញកំហុស ហើយពេញចិត្តពេញថ្លើមនឹងសំណង់ ដែលមានសសរវៀចវេផ្ទុយពីការមើលឃើញ និងការភ័យខ្លាចរបស់ពុទ្ធបរិស័ទ.? (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ