តើ​មាន​វិធីសាស្ត្រ​អ្វី​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​និង​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ក្នុង វិស័ស​សំណង់​និង​កម្មករ​កាត់​ដែរ ?


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងបរិស្ថាន​បាន​ចេញ​នូវ​អនុក្រឹត្យ​មួយ​កាល​ដើមខែ​តុលា ឆ្នាំ​២០១៧ ស្តី​ពី​ការ «​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​» មក គេ​កត់សម្គាល់​ឃើញ​ថា នៅ​តាម​បណ្តា​ផ្សារ​ទំនើប​មិន​បាន​ផ្តល់​ថង់​ជូន​អតិថិជន​ឬ​ពលរដ្ឋ​ដូច​កាលពី​ឆ្នាំ​មុន​ៗ​នោះ ពោល​បើ​អតិថិជន​ចង់បាន​ថង់​ប្លា​ស្ទិ​កមួយ​ត្រូវ​ចំណាយ​ប្រាក់​៤០០រៀល​ ។ ទន្ទឹម​នឹង​នេះ​ដែរ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក៏​ចាប់ផ្តើម​យល់​ដឹង​ពី​ផល​ប៉ះពាល់​ពី​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កដោយ​បង្កើត​ជា​សកម្មភាព​សង្គម​ផ្សេង​ក្នុង​គោលបំណង​ឱ្យ​ពលរដ្ឋ​ផ្សេង​ទៀត​ឈប់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។

លោក ភុំ អ៊​ក កម្មករ​ធ្វើ​សំណង់​មួយ​កន្លែង​នៅ​ក្រុងភ្នំពេញ​បានដឹង​ថា «​កន្លង​មក​ខ្ញុំ​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ផល​ប៉ះពាល់​តាម​រយៈ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។ គេ​ប្រាប់​ថា​ថង់​បា្ល​ស្ទិ​ក​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ អាច​កើតជា​ជំងឺមហារីក​ក៏​ដូច​ជា​ជំងឺ​ផ្សេង​ទៀត​»​។ ​លោក​បាន​បន្ត​ថា «​កន្លង​មក​ក៏​ដូច​ជា​សព្វ​ថ្ងៃនេះ កម្មករ​សំណង់ ក៏​ដូច​ជា​កម្មករ​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត ធម្មតា​ពេល​ទៅ​ទិញ​បាយ ឬ​ម្ហូប គឺ​ប្រើ​ថង់​បា្ល​ស្ទិ​ខ្ចប់​ភាគច្រើន​មិនសូវ​មាន​ប្រើ​កា​តូ ឬ​ចាន​សម្រាប់​ដាក់​ម្ហូបអាហារ​នោះ​ទេ ទោះបី​ដឹង​ថា​ប្រើ​ថង់​ប្លា​ស្ទិ​ក​បារម្ភ​កើត​ជំងឺ​ក្តី តែ​វា​ចៀស​បំផុត​នៅ​ពេល​យើង​ទិញ​ម្ហូប សម្ល​យើង​អត់​មាន​សម្ភារៈ​ខ្លួនឯង​យក​ទៅ ។ អីចឹង​អ្នកលក់​គាត់​ដាក់​ថង់​ខ្ចប់​មក​ឱ្យ​យើង​»​។ ​លោក​បាន​បន្ត​ថា​ថង់​ប្លា​ស្ទិ​ក​និង​ជ័រ​ស្នោ​ដាក់​បាយ គឺ​នៅ​តែ​មានការ​ប្រើប្រាស់​ច្រើន​សម្រាប់​ជីវិត​កម្មករ​សំណង់ និង​កម្មករ​រោងចក្រ​កាត់ដេរ ដោយសារ​តែ​ពុំ​មាន​ជម្រើស បើ​ទោះបីជា​ដឹង​ថា​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រក​ម្ហូបអាហារ ជា​ពិសេស​សម្លរ​ក្តៅ​ៗ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ក៏​ដោយ ។

បើ​តាម​លោក ភុំ អ៊​ក បាន​បន្ត​ថា «​កន្លង​មក​ខ្ញុំ​ក៏​បាន​វេចបាយ​សម្ល​មក​ធ្វើការ ដោយ​ការ​ប្រើ​កា​តូ​ជ័រ និង​ថង់​ប្លា​ស្ទិ​ក​ដែរ តែ​ខ្ញុំ​ដឹង​ថា​វា​ប៉ះពាល់​សុខភាព អ​ញ្ចឹ​ង​ហើយ​ថ្ងៃ​ខាង​មុខ​ខ្ញុំ​នឹង​ប្តូរ​ពី​កា​តូ​ជ័រ​ទៅ​ប្រើ​សម្ភារៈ​វេច​ខ្ចប់​ដែល​ល្អ​ជាង​នេះ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជ័រ​និង​ថង់​ប្លា​ស្ទិ​ក​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្ញុំ​ផង​និង​បរិស្ថាន​សង្គម​ផង​» ។

លោក អៀង សុធា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា ជប៉ុន បានឱ្យ​ដឹង​ថា​ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​និង​ប​ញ្ច្រៀ​ប​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម ក្រុមការងារ​របស់​លោក​បង្កើត​សកម្មភាព​សង្គម​មួយ​ដោយ​បាន​ទិញ​ចានស្រាក់​ចំនួន​១​ពាន់​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ភាគច្រើន​ពួក​គាត់ ធ្វើការ​ក្នុង​វិស័យ​សំណង់​។ ​លោក​បាន​បញ្ជាក់​ថា «​ការ​ផ្តល់​ជូន​ចានស្រាក់​នេះ​យើង​មាន​គោលបំណង​១-) ឱ្យ​កម្មករ​សំណង់​បាន​យល់​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស​ថង់​ប្លា​ស្ទិ​ក ប្រអប់​ស្នោ ហើយ​ក៏​ជា​សារ​អប់រំ​មួយ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​បាន​យល់​ពី​បញ្ហា​នៃ​ការ​ប្រើ​ថង់​ប្លា​ស្ទិ​ក​។​២-)​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កតាម​រយៈ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ម្នាក់​បន្តិច​ៗ​គ្រប់​គ្នា​បែប​នេះ វា​នឹង​ធ្វើ​ឱ្យ​ខូច​ដល់​បរិស្ថាន​និង​ធ្វើ​ឱ្យ​សំរាម​ប្លា​ស្ទិ​ក​មាន​កាន់តែ​ច្រើន​នៅ​ក្នុង​សង្គម​។​៣-) ជា​ការ​តបស្នង​សងគុណ​ដល់​កម្មករ​ជា​អ្នក​សាងសង់ ព្រោះ​បើ​គ្មាន​កម្មករ​នោះ​ទេ មិន​អាច​ឱ្យ​ក្រុមហ៊ុន​ឬ​មនុស្ស​មួយ​ក្រុម​សាងសង់​បាន​នោះ​ទេ និង​៤-) យើង​ចង់ឱ្យ​សារ​ឬ​សកម្មភាព​សង្គម​នេះ​បាន​ទៅ​ដល់​អ្នក​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ត្រូវ​យល់​ថាបើ​បន្ត​ប្រើ​វា​ទៀត​វា​នឹង​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផ្សេង​ទៀត ក្រៅពី​យើង តាម​រយៈ​ជូន​ម្ហូបអាហារ​ខ្ចប់​ដោយ​ថង់​ប្លា​ស្ទិ​ក​»​។

យោង​តាម​អនុក្រឹត្យ «​ស្តី​ពី​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​» បញ្ជាក់​ថា អនុក្រឹត្យ​នេះ​មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​លើ​ការ​កាត់​បន្ថយ ការ​នាំ​ចូល ការ​ផលិត ការ​ចែកចាយ និង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក សំដៅ​ធានា​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សង្គម បរិស្ថាន​និង​សោ​ភ័​ណ្ឌ​ភាព​។​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​មាន​កាតព្វកិច្ច​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក តាមតែ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​នាំ​យក​ថង់​ប្លា​ស្ទិ​កមក​ប្រើប្រាស់​ឡើង​វិញ​ឬ​ប្រើប្រាស់​វត្ថុ​ជំនួស​ថង់​ប្លា​ស្ទិ​ក​។

អនុក្រឹត្យ​បាន​គូសបញ្ជាក់​បន្ថែម​ថា «​ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ទីតាំង​អាជីវកម្ម និង​សេវាកម្ម​នានា​ដែល​ប្រើប្រាស់ ឬ​ផ្តល់​ឱ្យ​ប្រើប្រាស់​នូវ​ថង់​ប្លា​ស្ទិ​ក​ដែល​មាន​កម្រាស់ និង​មាន​ទទឹង​ផ្នែក​បាត​មិន​គោរព​តាម​លក្ខខណ្ឌ​ដូច​មាន​ចែង​នៅ​ក្នុង​ចំណុច​(​ក​) និង​(​ខ​) កថាខណ្ឌ​ទី​១​នៃ​មាត្រា​១៤​នៃ​អនុក្រឹត្យ​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​មួយ ឬ​ច្រើន​ដូច​ជា ការ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​, ការ​ដកហូត​ថង់​ប្លា​ស្ទិ​ក​ដែល​ល្មើស និង​ការ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៥​លាន​រៀល​»៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ