ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យ​ខែ្ម​រ​ថោក​ជាង​អាចារ្យ​ចិន​ដាច់

4 ឆ្នាំ មុន

មុខរបរ​អាចារ្យ​មិនមែន​ចេះ​តែ​កាក់កប​ដូច​គ្នា​ទាំង​អស់នោះ​ទេ អាចារ្យ​ពួក​ខ្លះ​ក៏​កាក់កប​ខ្លាំង ឯ​អាចារ្យ​ខ្លះ​ក៏​មិនសូវ​ជា​ទទួលផល​នៅ​តាម​ពិធីការ​នានា ពិសេស​ក្នុង​ពិធី​បុណ្យសព អាចារ្យ​ខ្មែរ​នឿយហត់​ខ្លាំង តែ​ទទួល​បាន​ប្រាក់​កម្រៃ​ចាញ់​អាចារ្យ​ចិន​ដាច់​តែ​ម្តង ។ អ្នកស្រី សុ​គឿ​ន រស់នៅ​ភូមិ​អូរ​អណ្តូង​១…

មុខរបរ​អាចារ្យ​មិនមែន​ចេះ​តែ​កាក់កប​ដូច​គ្នា​ទាំង​អស់នោះ​ទេ អាចារ្យ​ពួក​ខ្លះ​ក៏​កាក់កប​ខ្លាំង ឯ​អាចារ្យ​ខ្លះ​ក៏​មិនសូវ​ជា​ទទួលផល​នៅ​តាម​ពិធីការ​នានា ពិសេស​ក្នុង​ពិធី​បុណ្យសព អាចារ្យ​ខ្មែរ​នឿយហត់​ខ្លាំង តែ​ទទួល​បាន​ប្រាក់​កម្រៃ​ចាញ់​អាចារ្យ​ចិន​ដាច់​តែ​ម្តង ។

អ្នកស្រី សុ​គឿ​ន រស់នៅ​ភូមិ​អូរ​អណ្តូង​១ បាន​ឲ្យ​ដឹង​ថា គាត់​ធ្លាប់​រៀបចំ​បុណ្យសព​ម្តាយ​របស់​គាត់ នៅ​ពេល​នោះ​ក៏​បាន​អញ្ជើញ​អាចារ្យ​ចិន​មក​រៀបចំ​ផង​ដែរ ព្រោះ​គាត់​ជាប់សែស្រឡាយ​ចិន​ខ្លះ​ដែរ ។ បើ​តាម​អ្នកស្រី​សុ​គឿ​ន​ប្រាប់​ថា ៖ «​ការ​រៀបចំ​ពិធី​តាម​បែប​ចិន​នោះ ខ្ញុំ​បាន​ចំណាយ​លើ​ការ​ចាយវាយ​អស់​ប្រមាណ​ជិត​៣​ពាន់​ដុល្លារ​សម្រាប់​មួយ​ចប់​កម្មវិធី​» ។ គាត់​ថា អាចារ្យ​ចិន​បាន​បង្គាប់​ឲ្យ​យើង​ទិញ​គ្រឿង​ប្រដាប់​សម្រាប់​បុណ្យ​តាម​ការ​គូសវាស​របស់​គាត់ ហើយ​ការ​ទិញ​នោះ​ទៀត​សោត​មិន​ត្រូវ​ឲ្យ​មានការ​តថ្លៃ​អ្វី​នោះ​ឡើយ គឺ​គាត់​ត្រូវ​ចំណាយ​អស់ប្រាក់​ជិត​៣​ពាន់​ដុល្លារ​មួយ​ចប់​កម្មវិធី តែបើ​បូក​រួម​នឹង​ជូន​អាចារ្យ​ធំ​១៨៧​ដុល្លារ និង​អាចារ្យ​រង​បី​នាក់ ម្នាក់​១០០​ដុល្លារ​ទៀត​ផង សរុប​ជាង​៣​ពាន់​ដុល្លារ ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ «​ចំពោះ​អាចារ្យ​ខ្មែរ​វិញ​យើង​ក៏​មិន​ចោល​ដែរ ព្រោះ​ជា​ទំនៀមទម្លាប់ គឺ​តម្រូវ​ឲ្យ​អាចារ្យ​ខ្មែរ​ជា​អ្នក​ធ្វើ​ពិធី​មុន​ទាំងអស់​ទើប​ឲ្យ​អាចារ្យ​ចិន​ធ្វើ​ពិធី​តាម​ក្រោយ តែ​បន្តិចបន្តួច​ក៏​រួចរាល់ ។ គាត់​ថា អាចារ្យ​ខ្មែរ​ដែល​មក​រៀបចំ​ពិធី​នោះ គឺ​មិន​បាន​ទាមទារ​តម្លៃ​ខ្លួន​ប៉ុន្មាន​នោះ​ឡើយ ពោល គឺ​តាម​សទ្ធា​របស់​ម្ចាស់​ទាន​តែ​ប៉ុណ្ណោះ ហើយ​តម្លៃ​នោះ​ទៀត​សោត​ក៏​មិន​ខ្ពស់​ដូច​អាចារ្យ​ចិន​ដែរ អ្នកមាន​ធនធាន​ល្មម​ៗ​ក៏​អាច​ធ្វើ​បាន​តាម​ការ​គួរ ។

បើ​និយាយ​ពី​រឿង​អាចារ្យ​ចិន និង​អាចារ្យ​ខ្មែរ ដូនជី​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ស្នាក់​នៅ​វត្ត​មួយ ក្នុង​សង្កាត់​ព្រែក​ប្រា បាន​ប្រាប់​ឱ្យ​ដឹង​ថា តាម​ធម្មតា​អាចារ្យ​សព ឬ​ហៅ​ថា អាចារ្យ​យូគី​នោះ គឺ​មិន​អាច​ខ្វះ​បាន​ឡើយ​នៅ​ក្នុង​ពិធី​បុណ្យសព ដើម្បី​រៀបចំ​ទៅ​តាម​ទំនៀមទម្លាប់​ខ្មែរ ។ គាត់​ថា តាម​ពិត​ទៅ​អាចារ្យ​សព​មិនមែន​ទាល់តែ​អ្នក​នោះ​ស្លាប់ ហើយ​បាន​អញ្ជើញ​មក​នោះ​ទេ ប្រសិនបើ​ឃើញ​អ្នកជំងឺ​បែប​មិន​ស្រួល​ហើយ សាច់ញាតិ​ក៏​ទៅ​អញ្ជើញ​អាចារ្យ​នោះ​មក​មុន អាច​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ឬ​ក៏​លើស​នេះ​ទៅ​តាម​ថ្ងៃ​អង្សា ដើម្បី​សូត្រធម៌ មុន​នឹង​អ្នក​នោះ​ស្លាប់ ។

ដូច្នេះ​អាចារ្យ​ទាំងនោះ​ត្រូវ​មក​សូត្រធម៌ និង​ដេក​កំដរ​សព​២ ឬ​៣​ថ្ងៃមុន ប៉ុន្តែ​បើ​និយាយ​ពី​ប្រាក់​កម្រៃ​ដែល​ទទួល​បាន​នោះ​មិន​ច្រើន​ឡើយ ពោល គឺ​ទៅ​តាម​សទ្ធា​ដែល​ម្ចាស់​បុណ្យសព​ឲ្យ​តែ​ប៉ុណ្ណោះ ។ លោកយាយ​ប្រាប់​ថា តាមតែ​ធ្លាប់​ដឹង​ជា​ច្រើន​មក គ្រួសារ​សព​ល្មម​ៗ​យ៉ាងច្រើន​ជូន​អាចារ្យ​ពី​១០​ទៅ​១៥​ម៉ឺន​រៀល តែបើ​ប៉ះ​ចំ​គ្រួសារ​គេ​ធូរធារ​ក៏​អាច​លើស​នេះ​បន្តិចបន្តួច ។

ដោយឡែក​សម្រាប់​អាចារ្យ​ចិន​វិញ គេ​មក​រៀបចំ​ពិធី​តែ​មួយ​ភ្លែត​ៗ អាច​ទទួល​បាន​ប្រាក់​កម្រៃ​យ៉ាងតិច​ក៏​ក្បែរ​រយ​ដុល្លារ បើ​ប្រៀប​ទៅ​នឹង​អាចារ្យ​ខ្មែរ​វិញ​ខុស​គ្នា​ដាច់​ស្រឡះ ។ ជាមួយ​គ្នា​នេះ​លោកយាយ​បាន​អំពាវនាវ​សូម​ឲ្យ​មហាជន​ជួយ​អភិរក្ស​អាចារ្យ​ខ្មែរ និង​ឲ្យ​តម្លៃ​អាចារ្យ​ខ្មែរ​ផង ព្រោះ​ប្រសិនបើ​មាន​សាច់ញាតិ​ណា​ម្នាក់​ជិត​ស្លាប់ ឬ​ស្លាប់​នោះ គឺ​មាន​តែ​អាចារ្យ​ខ្មែរ​ប៉ុណ្ណោះ​ដែល​ជួយ​ដឹកនាំ​ពិធី​មុនគេ ចំណែក​អាចារ្យ​ចិន​ទាល់តែ​ជិត​ឆ្លង​ពិធីបុណ្យ​បាន​គេ​អាច​មក​ធ្វើ​កិច្ច​តែ​បន្តិចបន្តួច​ក៏​ត្រឡប់​ទៅ​វិញ​បាន​ទាំង​លុយ​ច្រើន​សន្ធឹក ៕ (​អត្ថបទ​ដោយ​សាន សា​រិ​ន​) កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ