ខេត្តកំពង់ឆ្នាំង ៖ វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចក្រោម គឺជាវត្តមួយដែលមានវ័យចំណាស់ជាងគេអ្វីដែលពិសេសគឺមានផ្ទាំងគំនូរបុរាណ ដែលបន្សល់ទុកជាស្នាដៃមរតកវប្បធម៌ដ៏មានតម្លៃរបស់បុព្វបុរសខ្មែរយើងដល់បច្ចុប្បន្ន ។ ប៉ុន្តែគួរសោកស្តាយ ផ្ទាំងមួយភាគធំត្រូវបានខូចខាតដោយកត្តាធម្មជាតិ (ទឹក ភ្លៀង) និងមួយចំនួនទៀត ខូចខាតដោយសារតែសម័យប៉ុល ពត យកព្រះវិហារដែលមានផ្ទាំងគំនូរបុរាណនេះ ធ្វើជាកន្លែងឃុំឃាំង អ្នកទោស នឹងធ្វើឃ្លាំងដាក់អំបិល ។ វត្តដ៏មានវ័យចំណាស់មួយនេះស្ថិតនៅក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង លោក សុខ ធួក បានអោយដឹងថា វត្តពោធិរុក្ខរាម ហៅវត្តកំពង់ត្រឡាចក្រោមនេះ កសាងឡើងក្នុងសម័យឧត្តង្គ-លង្វែក គឺក្រោយសម័យអង្គរ ដោយលោកបានបញ្ជាក់ពីសម័យកាលថា បើគេកំណត់សតវត្សមិនបានទេ គេបានចែកជា៣ គឺសម័យកាល គឺទីសម័យមុនអង្គរទី២ សម័យអង្គរ និងទី៣សម័យក្រោយអង្គរ គឺក្នុងសន្លោះសតវត្សទី១៤ ដល់១៧ ។
ដោយឡែក ចាប់ពីសតវត្តទី១៨ឡើងទៅ គេហៅសម័យមួយផ្សេងទៀត គឺសម័យជឿនលឿន ។ ចំពោះផ្ទាំងគំនូរបុរាណដែលនៅក្នុងព្រះវិហារនៃ វត្តពោធិរុក្ខរាមហៅវត្តកំពង់ត្រឡាចក្រោម គឺជាមរតកដ៏មានតម្លៃពុំអាចកាត់ថ្លៃបានឡើយ ។ គំនូរទាំងនេះ ថ្វីបើមិនដូចទាំងស្រុង ប៉ុន្តែវាប្រហាក់ប្រហែលទៅគំនូរបុរាណនៅក្នុងព្រះវិហារព្រះកែវមរកត នៃព្រះបរមរាជវាំងយើងដែរ អាចថាជាស្នាដៃតែមួយនៃវិចិត្រករ នាសម័យនោះ ។
នៅលើផ្ទាំងគំនូរទៀតសោត គឺបានបង្ហាញអំពីជីវភាពរស់នៅរបស់បុព្វបុរសយើងនាសម័យលង្វែក និងសម័យឧត្តង្គ ដោយបានរៀបរាប់ពីជីវភាពរស់នៅប្រចាំថ្ងៃ មានដូចជាការប្រណាំងរទេះគោ, ក្បាច់គុណល្បុក្កតោ, របាំសៀក, ជល់មាន់, ជល់ដំរី និង បោកចំបាប់ ផ្សេងៗដើម ។ ជាមួយគ្នានេះ ក៏បានបង្ហាញពីការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ តាមទីអារាម និងតាម រាជវាំងជំនាន់នោះផងដែរ ។
លោកបានបញ្ជាក់ដែរថាគំនូរនេះទោះបីតែបានរលុបបាត់មួយចំនួនធំ ទៅហើយក្តី ក៏ប៉ុន្តែបានបង្ហាញយ៉ាងច្បាស់អំពីគំនូរដែលមានអាយុកាលរាប់ រយ ពាន់ ឆ្នាំ មកដល់បច្ចុប្បន្នដែលសម័យនោះគ្មានទឹកថ្នាំគីមីនោះទេប្រើដោយជ័រឈើតែប៉ុណ្ណោះប៉ុន្តែបាននៅច្បាស់ដល់សព្វថ្ងៃ ។ លោកសុខ ធួក បានបញ្ជាក់ថា កន្លងទៅមានការលើកឡើងថាហេតុដូចម្ដេច ក៏គេមិនគូរគំនូរនោះឡើងវិញ…? ។ លោកបានពន្យល់ថា គំនូរបុរាណ តែកាលណាគូរឡើងវិញ វាលែងបុរាណ និងវាក៏ អស់មានតម្លៃទៅហើយដែរ លើសពីនេះទៀត វាក៏លែងជាសម្បត្តិបេតិកភណ្ឌបុរាណទៅទៀត ។
បច្ចុប្បន្ន ទោះបីព្រះវិហារមានសភាពទ្រុឌទ្រោមយ៉ាងណាក្តី ក៏ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រឹមតែចំណាយថវិកា ក្នុងការជួសជុល ព្រះវិហារឲ្យនៅរឹងមាំ ជាពិសេសបាយអរ ។ ក៏ប៉ុន្តែចំពោះលើផ្ទាំងគំនូរគឺមិនអាចលុបគូរឡើងវិញជាដាច់ខាត ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ