ប៉េកាំង៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន People’s Daily ដែលជារបស់បក្សកុម្មុយនិស្តចិនកំពុងកាន់អំណាចបាននិយាយនៅថ្ងៃអាទិត្យទី ២៥ ខែសីហា ម្សិលមិញនេះថា ប្រទេសចិននឹងប្រយុទ្ធប្រឆាំងតទល់ទៅនឹងជំហានចុងក្រោយរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធលើទំនិញចិន ដែលការលើកឡើងនេះចំពេលសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោកកំពុងតែតានតឹងឡើងៗ ។
ប្រភពខាងលើបានធ្វើសេចក្តីអត្ថាធិប្បាយមួយថា «ប្រទេសចិនមានទំនុកចិត្តថាខ្លួននឹងដើរតាមមាគ៌ារបស់ខ្លួននិងធ្វើអ្វីៗដោយខ្លួនឯងហើយបានយ៉ាងល្អប្រសើរ ហើយនឹងមិនមានការប្រែប្រួលនូវជំហររបស់ខ្លួនក្នុងការប្រឆាំងនឹងការបង្កហេតុណាមួយដោយភាគីសហរដ្ឋអាមេរិកឡើយ» ។ សារព័ត៌មានដែលបានសរសេរថា អ្នកនយោបាយអាមេរិកដែលព្យាយាមរារាំងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិននៅតែចង់ប្រើយុទ្ធសាស្ត្រនៃការដាក់សម្ពាធអតិបរិមាទៅលើប្រទេសចិនដែលទទួលបានលទ្ធផលតិចតួច។
សារព័ត៌មានរបស់បក្សកុម្មុយនិស្តចិនបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនឈ្នះសង្គ្រាម ពាណិជ្ជកម្មនោះទេ ដោយសារតែបញ្ហានៃសង្គ្រាមគឺកំពុងតែធ្វើឲ្យកសិករនិងអាជីវកម្មរបស់អាមេរិកប្រឈមមុខធ្ងន់ធ្ងរជាង ។ ប្រទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថាខ្លួនប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោនក្នុងការយកពន្ធបន្ថែមលើទំនិញចិនដែលមានតម្លៃ ៥៥០ ពាន់លានដុល្លារ ហើយបានព្រមានសហរដ្ឋអាមេរិកអំពីផលវិបាកនានាប្រសិនបើខ្លួនមិនបញ្ចប់សកម្មភាពខុសរបស់ខ្លួន។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានប្រកាសនៅថ្ងៃសុក្រនេះថាទីក្រុងវ៉ាស៊ីនតោននឹងដាក់ពន្ធបន្ថែម ៥ ភាគរយលើទំនិញចិនពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីក្រុងប៉េកាំងបានប្រកាសពន្ធសងសឹកចុងក្រោយរបស់ខ្លួនលើទំនិញអាមេរិកដែលមានតម្លៃប្រហែល ៧៥ ពាន់លានដុល្លារ នៅក្នុងដំណើរការសងសឹកគ្នាទៅវិញទៅមកលើបញ្ហាពន្ធចុងក្រោយក្នុងជម្លោះពាណិជ្ជកម្មទ្វេភាគី។យ៉ាងណាមិញ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែខ្លាំងឡើងៗបង្កឱ្យមានការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចពិភពលោកផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ