ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​អង្គការ WHO ៖ ពលរដ្ឋ​​មាន​ជំងឺ​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម មាន​ចរិត​ពិបាក​ព្យាបាល​ជាង​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​យើង​ឈាន​ដល់​មាន​ជំងឺ​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម​ជាដើម ហើយពី​នោះ​ទៀត​ជំងឺ​ដែល​មាន​ចរិត​ពិបាក​ព្យាបាល​ជាង​មុន ។…

រាជធានី​ភ្នំពេញ ៖ នាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​យើង​ឈាន​ដល់​មាន​ជំងឺ​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម​ជាដើម ហើយពី​នោះ​ទៀត​ជំងឺ​ដែល​មាន​ចរិត​ពិបាក​ព្យាបាល​ជាង​មុន ។ ការ​បញ្ជាក់​របស់​លោកនាយក​អង្គការ​ធ្វើ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៦ សីហា​នៅ​វិមាន​សន្តិភាព ។

ក្នុង​ជំនួប​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច តេ​ជោ ហ៊ុន សែន លោក​វេជ្ជបណ្ឌិត Takeshi Kasai នាយក​អង្គរ WHO ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​លើក​ឡើង​ថា លោក​បាន​មក​កាន់​កម្ពុជា​កាលពី​គ្រា​មុន​ក្នុង​ទស​វត្ស៍​ឆ្នាំ 2000​ជាង ហើយ​នៅ​ពេល​ដែល​លោក​បាន​មក​ដល់​កម្ពុជា​ពេល​នេះ លោក​បាន​ក៏​សង្កេត​ឃើញ​ថា កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ជឿនលឿន​ជាទី​បំផុត ។ ទន្ទឹម​នឹង​នេះ លោក​បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​ចំពោះ​ការ​រីក​ចម្រើន កា​រវិ​វ​ឌ្ឍ និង​វឌ្ឍនភាព​របស់​កម្ពុជា ។

វេជ្ជបណ្ឌិត Takeshi Kasai បាន​មាន​ប្រសាសន៍​ថា រាល់​ជោគជ័យ​ដែល​ទទួល​បាន​នេះ ជា​ពិសេស​ទទួល​បាន​សម្រេច​នូវ​គោលដៅ ការ​អភិវឌ្ឍ​ដោយ​ចីរភាព ហើយ​តាម​រយៈ​នេះ​ដែរ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ពេល​នេះ​មាន​អាយុ​វែង​ជាង​កាលពី​ទសវត្សរ៍​មុន​ៗ ។ ជាមួយ​នេះ​ដែរ លោក​វេជ្ជបណ្ឌិត Takeshi Kasa បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ឥឡូវនេះ​យើង​កំពុង​តែ ស្ថិត​នៅ​ដំណាក់កាល​អន្តរកាល​មួយ​ឆ្លងកាត់​ពី​ការ​ដោះស្រាយ​បញ្ហា​ជំងឺ​រាតត្បាត​បែប​បុរាណ​មក​ជំងឺ​បែប​សម័យ នោះ​សោត គឺ​ប្រជាពលរដ្ឋ​យើង​ឈាន​ដល់​មាន​ជំងឺ​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម​ជាដើម ហើយពី​នោះ​ទៀត​ជំងឺ​ដែល​មាន​ចរិត​ពិបាក​ព្យាបាល​ជាង​មុន ដូច​ជា ជំងឺប៉េស្ត​ជ្រូក និង​ជំងឺ​ដទៃ​ៗ​ទៀត ។

ក្នុង​ន័យ​នេះ​លោក​វេជ្ជបណ្ឌិត​ក៏​បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​ថា អង្គការ WHO គឺ​មាន​ជំនឿ​ជឿជាក់​លើ​កម្ពុជា ជាមួយនឹង​គោលដៅ​អភិវឌ្ឍន៍​ជាតិ​ដោយ​ចីរភាព ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ដែល​ជា​មូលដ្ឋាន​ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា ។ កម្ពុជា​នឹង​អាច​ឆ្លង​ផុត និង​ទទួល​បាន​ជោគជ័យ​លើ​ជំងឺ នា​ពេល​អន្តរកាល​នេះ ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ជូន​ចំពោះ​វេជ្ជបណ្ឌិត Takeshi Kasai ដែល​ត្រូវ​បាន​តែងតាំង និង​ទទួល​តំណែង​ថ្មី​ជានា​យក​អង្គការ WHO នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នេះ ។ សម្ដេច​តេ​ជោ​បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​ដែល​បាន​ធ្វើ​ជា​ដៃគូ​ដ៏​ល្អ​ជាមួយនឹង​អង្គការ WHO ក៏​ដូច​ជា កិច្ច​សហប្រតិបត្តិការ​ល្អ​ទទួល​បាន​ពី​ប្រទេស​ជិតខាង ។ តាម​រយៈ​នេះ​ហើយ​ដែល​កម្ពុជា​បាន​ទប់ស្កាត់ និង​ទទួល​បាន​ជោគជ័យ​យ៉ាងច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ជំងឺ​ដែល​មាន​ចរិត​ជា​ប្រពៃណី ដែល​រួម​មាន​ជំងឺ​ស្វិតដៃជើង ជំងឺ​ក​ញ្ជ្រិ​ល ជំងឺ​តេតាណូស ជំងឺសារ ជំងឺ​គ្រុនផ្ដាសាយ​បក្សី ហើយ​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍ កម្ពុជា​ក៏​បាន​ធ្វើការ​ទប់ស្កាត់​បាន​ជោគជ័យ​ពុំ​មានការ​រីក​រាលដាល ហើយ​ក៏​មានការ​ថយ​ចុះ​ផង​ដែរ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ក៏​មាន​ទិស​ដៅ​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ ២០២៥ នេះ​នឹង​ដាក់​ចេញ​នូវ​កម្មវិធី​សុខភាព​ធ្វើ​យ៉ាងណា​បញ្ចប់​នូវ​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​ជាមួយ​នេះ​ដែរ រាជរដ្ឋាភិបាល​ក៏​មាន​មហិច្ឆតា​ធ្វើ​យ៉ាងណា​កែប្រែ​ក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​មួយ​ដែល​មិន​មាន​ផ្សែង​បារី ។ ទន្ទឹម​នឹង​នេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​វេជ្ជបណ្ឌិត Takeshi Kasai ជាមួយនឹង​ប្រតិភូ​ផង​ដែរ​ថា កម្ពុជា​កំពុង​តែ​អនុវត្ត​នូវ​កម្មវិធី​របប​សន្តិសុខ​សង្គម​ដែល​បាន​ជួយ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ហើយ​ដែល​មាន​ជីវភាព​ក្រីក្រ ក្នុង​នោះ​កម្ពុជា គឺ​បាន​កំពុង​តែ​ផ្ដល់​នូវ​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ តាំងពី​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​រហូត​ដល់​កូន​មាន​អាយុ​២​ឆ្នាំ ។

ដោយឡែក​ចំពោះ កម្មករ​នៅ​តាម​រោងចក្រ​វិញ​មានកម្ម​វិធី​ជួយ​ឲ្យ​កម្មករ បាន​ឈប់​សម្រាក​រយៈពេល​៣​ខែ ដោយ​បាន​ទទួល​នូវ​ប្រាក់ខែ ១២០% នៃ​ប្រាក់ខែ​ដែល​ត្រូវ​បាន ។ ជាង​នេះ​ទៅ​ទៀត​រាជរដ្ឋាភិបាល​ក៏​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន ១០០​ដុល្លារ ដល់​ស្ត្រី​ជា​កម្មករ ដែល​មានកូន​១ និង ២០០ ដុល្លារ ដល់​កម្មករ​ដែល​មានកូន​ភ្លោះ​២ ។ នេះ​ជា​កម្មវិធី​របប​សន្តិសុខ​សង្គម ដែល​កម្ពុជា​កំពុង​តែ​ជំរុញ ហើយ​តាម​រយៈ​កម្មវិធី​នេះ​រាជរដ្ឋាភិបាល​សង្ឃឹមថា នឹង​ជួយ​កាត់​បន្ថយ​មិន​ឱ្យ​មាន​ជំងឺ​រាតត្បាត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ព្រោះ​ថាបើ​ប្រជាពលរដ្ឋ​មាន​អាហារូបត្ថម្ភ​ល្អ​ហើយ គឺ​ជំងឺ​រាតត្បាត​ក៏​វា​ត្រូវ​កាត់​បន្ថយ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ