ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយ​អគ្គិភ័យ​មិន​ធ្លាប់​មានជា​ប្រវត្តិសាស្ត្រ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៥ សីហា ស្នូរ​សំឡេង​ស៊ី​រ៉ែ​ន​រថយន្ត​ពន្លត់​អគ្គិភ័យ​ នៅ​តែ​បញ្ចេញ​សំឡេង​យ៉ាង​គ្រលួចនៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១ ឆ្ពោះទៅ​កាន់​កន្លែង​ដែល​ឆេះ តាំង​តែ​ពី​ថ្ងៃ​ទី​២៣ សីហា​កន្លង​មកនេះ​មាន​រយៈពេល​២​យប់​៣​ថ្ងៃ​ហើយ​នោះ គឺ​ភ្លើង​ឆេះ​រោងចក្រ​ផលិត​ពូក…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៥ សីហា ស្នូរ​សំឡេង​ស៊ី​រ៉ែ​ន​រថយន្ត​ពន្លត់​អគ្គិភ័យ​ នៅ​តែ​បញ្ចេញ​សំឡេង​យ៉ាង​គ្រលួចនៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១ ឆ្ពោះទៅ​កាន់​កន្លែង​ដែល​ឆេះ តាំង​តែ​ពី​ថ្ងៃ​ទី​២៣ សីហា​កន្លង​មកនេះ​មាន​រយៈពេល​២​យប់​៣​ថ្ងៃ​ហើយ​នោះ គឺ​ភ្លើង​ឆេះ​រោងចក្រ​ផលិត​ពូក ដ៏​ធំ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​8BT ក្រុម​៤ ក្នុងភូមិ​ចំរើន​ផល​១ សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ឆ្ងាយ​បន្តិច​ដែល​មក​ដល់​ពេល​នេះ​គ្រោះ​អគ្គិភ័យ​បាន​បំផ្លាញ​អស់​គ្មាន​សល់។

ទីតាំង​ផលិត​ពូក​ដ៏​ធំ​មួយ​នេះ ស្ថិត​នៅ​លើ​ផ្ទៃដី​ប្រមាណ​១​ហិ​កតា ដោយ​សង់​ឡើង​ពីរ​បង​ថ្ម ប្រង់​ស័ង្កសី រួម​ជាមួយ​អគារ​ដ៏​ធំ កម្ពស់​៦​ជាន់​នៅ​ជាប់​គ្នា​ផង​ដែរ​សម្រាប់​ស្តុក​ផលិតផល​សម្រេច ។ ការ​ឆេះ​ដ៏​ខ្លាំងក្លា​នោះ​ពិតជា​មិន​ធ្លាប់​មាន​ប្រវត្តិ​ពី​មុន​មក​នោះ​ទេ ក្នុង​រាជធានី​ភ្នំពេញ ដែល​ការ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​៤៥​ជើង និង​ប្រើប្រាស់​ទឹក​មាន​ប្រមាណ​ជាង​៣០០​គ្រឿង​ឯណោះ ។ តាំងពី​ហេតុការណ៍​កើតឡើង​នៅ​រសៀល​ថ្ងៃ​២៣ សីហា រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២៤ សីហា ទើប​អាច​គ្រប់គ្រង​អណ្តាតភ្លើង​បាន​១០០​ភាគរយ ពោល​គឺ​ការ​ឆេះ មាន​រយៈពេល​រហូត​ទៅ​ដល់​ជាង​២០​ម៉ោង ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន ពី​ក្រុម​កម្មករ​រោងចក្រ​ខាងលើ ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បានឮ​សូរ​សម្លេង​ផ្ទុះ​ចេះ​ពី​កាប៊ី​ន​ភ្លើង​នៃ​រោងចក្រ​នេះ លុះ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បានការ​ឆ្លង​ចរន្ត​ភ្លើង រួច​បង្ក​ជា​អណ្តាត​ភ្លើង​ឆេះ​ខ្សែភ្លើង និង​រាលដាល​ដល់​សម្ភារ​ដែល​សុទ្ធតែ​ជ័រ​ដែល​មាន​ក្នុង​រោងចក្រ ហើយ​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​កម្មករ​កម្មការិនី​រត់​ជាន់​ជើង​គ្នា​ប្រសាច​យករួចខ្លួន ។

សូម​បញ្ជាក់​ថា ជុំវិញ​ការ​ឆេះ​ខាងលើ ដែល​មាន​រយៈពេល​រហូត​ដល់​២​យប់​៣​ថ្ងៃនេះ គេ​ស​ង្គេ​ត​ឃើញ​វត្តមាន​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​អំពី​ស្ថានភាព​នៅ​ទីតាំង​នោះ​ដូច​ជា លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រេ​ាះ​មហន្តរាយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស លោក​ឧត្តមសេនីយ៍ នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ​និង​ពន្លត់​គ្រោះ​អគ្គិភ័យ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​វត្តមាន​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​ដើម្បី​ជួយ​អន្តរាគមន៍ និង​ដើម្បី​រក្សា​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។

ជំ​ុ​វិញ​គ្រោះ​អគ្គិភ័យ​ដែល​ពំ​ុ​ធ្លាប់​កើត​មាននៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​នេះ លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា រយៈពេល​២​យប់​៣​ថ្ងៃ​កន្លង​មកនេះ គណៈកម្មាធិការ រួម​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង​ជា​ខ្លាំង​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់ទី​តាំង​ដែល​ឆេះ​នេះ ដោយ​កម្លាំង​ចម្រុះ​ទាំងអស់​បាន​ផ្លាស់​ប្តូរ​វេន​គ្នា​ជា​បន្តបន្ទាប់​ក្នុង​ការ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន ដើម្បី​ពន្លត់​អណ្តាតភ្លើង​រហូត​បាន​រលត់​ទាំងស្រុង​១០០​ភាគរយ មិន​ឱ្យ​មានការ​រីក​រាលដាល​ទៅ​ដល់​លំនៅ​ឋា​ន្ឋ​ដ៏​ទៃ​ទៀត​ដែល​នៅ​ក្បែរ​នេ​ាះ ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា សម្រាប់​អគារ​រោងចក្រ​ទាំងមូល គឺ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ទៅ​ហើយ ដូច្នេះ​ហើយ​គណៈកម្មាធិការ​ជាតិ ដែល​មាន​លោក​ជា​អនុប្រធាន​ទី​១ និង​អាជ្ញាធរ​ទាំ​អស់​បាន​សម្រេច​រុះរើ កម្ទេច​ទីតាំង​ទាំងមូល​ចោល​តែ​ម្តង ដោយ​ត្រូវ​វាយ​បំផ្លាញ​អគារ​ទាំង​២​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​កម្ពស់​៦​ជាន់។ តាម​ការ​អះអាង​បញ្ជាក់​ឱ្យ​ដឹង​ពី​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​សំណង់ ដែល​ទទួល​បន្ទុក​វាយ​កម្ទេច​អគារ​ធំ​ៗ នៃ​ទីតាំង​រោងចក្រ​ដែល​ឆេះ​នេះ បានឱ្យ​ដឹង​ថា ចំពោះ​ថេរវេលា​ដែល​ក្រុម​ជំនាញ​ត្រូវ​ប្រើ​ពេល​ក្នុង​ការ​រុះរើ និង​វាយ​កម្ទេច​អគារ​ទាំងមូល​ចោល​នោះ គឺ​ត្រូវ​ចំណាយពេល​ក្នុង​ចន្លោះ​ពី​១៥ ទៅ​២០​ថ្ងៃ ដោយ​ត្រូវ​ប្រើ​អេ​ស្កា​វ៉ា​ទ័​រ​រហូត​ទៅ​ដល់​៧​គ្រឿង រថយន្ត​ជា​ច្រើន​គ្រឿង​សម្រាប់​ដឹក​កា​កក​សំណល់​ចេញ រួម​ទាំង​រថយន្ត​ជា​ប្រភេទ​រថយន្ត​សម្រាប់​វាយ​កម្ទេច​ថ្ម​ផង​ដែរ ។

ក្រុម​មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​វាយ​កម្ទេច គឺ​ត្រូវ​បែងចែក​ជា​២​ដំណាក់កាល ដំបូង ត្រូវ​ប្រើ​អេ​ស្កា​វ៉ា​ទ័​រ​វាយ​ទម្លុះ​របង​ជញ្ជាំង​ជា​មុន​សិន រួច​ចូល​ទៅ​វាយ​កម្ទេច​ដែក​ដែល​ត្រូវ​ភ្លើង​ឆេះ ហើយ​កាយ​ប្រមូល​ដឹក​ចេញ ដើម្បី​យក​បរិវេណ​ដី​ឱ្យ​ទំ​លំ​ទូលាយ ទើប​ឈាន​ដល់​ដំណាក់​កាលពី​២ ឈាន​ទៅ​វាយ​កម្ទេច​អគារ​កម្ពស់​៦​ជាន់​តែ​ម្តង ។ លោក​ថា អំឡុង​នៃ​ការ​វាយ​កម្ទេច​នោះ ក៏​មាន​ក្រុម​មន្ត្រី​នគរបាល​ផ្នែក​អគ្គិភ័យ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង បាន​ចាំ​បាញ់​ទឹក​អម​ជាមួយ​ការ​វាយ និង​កាយ​ជា​និច្ច ដើម្បី​ងាយស្រួល​ទប់ស្កាត់ ក្រែង​កើត​មាន​អណ្តាតភ្លើង​ឆេះ​ឡើង​មក​វិញ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ចំពោះ​ស្ថានភាព​ផ្លូវ​នៅ​ជំ​ុ​វិញ​តំបន់​កើតហេតុ គឺ​ត្រូវ​បាន​បិទ​ចរាចរណ៍​ធ្វើ​ដំណើរ​ទៅ​មក​ទាំងស្រុង ដោយ​មាន​កម្លាំង​ចម្រុះ​ជា​ច្រើន​នាក់ ដាក់​កម្លាំង​ឈរ​ចាំ​យាមកាម​ផង​ដែរ មិន​ឱ្យ​ពលរដ្ឋ ឬ​អ្នកដំណើរ​ចូល​បាន​ឡើយ ក្រែង​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​ដល់​ពួក​គេ កំឡុង​ពេល​ប្រតិបត្តិការ​វាយ​កម្ទេច​អគារ​របស់​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​សំណង់ និង​ក្រុម​សមត្ថកិច្ច ។ ទន្ទឹម​នឹង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ក៏​បាន​ត្រៀម​នៅ​ជុំវិញ​តំបន់​នោះ​ផង​ដែរ ។

មហន្តរាយ​ដោយ​អគ្គិភ័យ​ដ៏​ធំ​មួយ​នេះ គឺ​បាន​បំផ្លាញ​អគារ​រោងចក្រ​ទាំងស្រុង​ដែល​មាន​អគារ​ធំ​ៗ​ចំនួន​២​ខ្នង មួយ​ខ្នង​កម្ពស់​៤​ជាន់ និង​មួយ​ខ្នង​ទៀត​កម្ពស់​៦​ជាន់ រួម​ទាំង​ទីតាំង​សង្វា​ក់​ផលិតកម្ម ដោយ​បាន​ឆេះ​ឧបករណ៍ និង​ម៉ាស៊ីន​ផលិត​ជា​ច្រើន​គ្រឿង រួម​ទាំង​ផលិតផល​សម្រេច​រួច​អស់​ជា​ច្រើន​ផង​ដែរ ដែល​សរុប​គិត​ជា​ទឹកប្រាក់ គឺ​អស់​ប្រហែល​ជិត​៤​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ