រាជធានីភ្នំពេញ ៖ បុរសម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេខ៦ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ក្នុងករណីមួយ ដោយសង្ស័យថា គូដណ្តឹងរបស់ខ្លួន ត្រូវបានមេខ្យល់នាំយកទៅលក់នៅប្រទេសចិន ព្រមទាំងទទូចសុំអោយសមត្ថកិច្ចហៅបងស្រីរបស់មេខ្យល់មកធ្វើការសាកសួរផងដែរ ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ បន្ទាប់ពីនារីជាគូដណ្តឹងបានទាក់ទងតាមហ្វេសប៊ុកថា ខ្លួនត្រូវបានគេនាំយកទៅប្រទសចិន ហើយកំពុងតែលតោលអត់ផ្ទះសំណាក់នៅព្រំប្រទល់ក្នុងប្រទេសវៀតណាមនិងចិន ។ ទោះបីជាយ៉ាងណានេះ ជាការព្រួយបារម្ភរបស់បុរសជាគូដណ្តឹងព្រោះនារីដែលជាគូរដណ្តឹងបានចាកចេញពីប្រទេសទៅជាមួយនារីម្នាក់ទៀតដែលគេសង្ស័យថាជាមេខ្យល់ ដោយពុំបានប្រាប់ឪពុកម្តាយ និងគូដណ្តឹងអោយបានដឹងឡើយ។
បុរសម្នាក់ខាងលើដែលមកដាក់ពាក្យបណ្តឹងនោះឈ្មោះអ៊ុក សុជាតិ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ជាអតីតពលករកូរ៉េ និងកំពុងរៀនភាសាជប៉ុនត្រៀមទៅធ្វើជាពលករនៅប្រទេសជប៉ុននាពេលខាងមុខនេះ ។ ចំណែកនារីជាគូដណ្តឹងឈ្មោះញ៉ សុខចន្ទ័ ហៅតក់ អាយុ២១ឆ្នាំ រស់នៅភូមិអ្នកលឿន ឃុំរ៉ាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ រីឯនារីដែលរងការចោទប្រកាន់ថាជាមេខ្យល់ខាងលើនេះឈ្មោះ ថោង ស្រី
រ័ត្ឋ អាយុជាង២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។
តាមប្រភពពីបុរសខាងលើបានអោយដឹងថា គាត់បានស្គាល់នារីជាគូដណ្តឹងតាមរយៈការលេងហ្វេសប៊ុក ហើយបានស្រលាញ់គ្នាអស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ ខណៈពេលដែលគាត់ជាពលករនៅប្រទេសកូរ៉េ ។ បន្ទាប់ពីស្រលាញ់គ្នាយ៉ាងល្អូកល្អឺនហើយ លុះពេលគាត់ត្រឡប់មកពីកូរ៉េវិញ គាត់ក៏បានចូលដណ្តឹងនាងកាលពី១ឆ្នាំមុន ដើម្បីយកធ្វើជាគូអនាគត ។ លុះក្រោយមកពួកគាត់ក៏បានសម្រេចចិត្តប្រឡងចូលរៀនភាសាជប៉ុនជាប់ទាំ២នាក់ ដើម្បីទៅធ្វើជាពលករនៅប្រទេសជប៉ុន តែគាត់រៀនចប់មុនហើយត្រៀមទៅធ្វើពលករនៅប្រទេសជប៉ុននាខែធ្នូ ឆ្នាំនេះ ចំណែកនារីជាគូដណ្តឹងគឺទៅជប៉ុននៅវគ្គបន្ទាប់។
តាមប្រភពដដែលបានបន្តថា ស្រាប់តែនៅវេលាម៉ោងប្រមាណ២យប់រំលងអធ្រាត្រចូលថ្ងៃទី២៣ ខែសីហា នារីជាគូដណ្តឹងបានទូរស័ព្ទមកគាត់តាមរយៈហ្វេសប៊ុក ដោយប្រាប់ថា រូបគេត្រូវបានស្ត្រីឈ្មោះ ថោង ស្រីរត្ឋ័ នាំយកទៅប្រទេសចិន ហើយបានទៅដល់ព្រំប្រទល់ប្រទេសវៀតណាម-ចិនតាំងពីថ្ងៃ២០ សីហា ដោយពុំមានផ្ទះសំណាក់ដេកនោះទេ ។ ការទាក់ទងគ្នារហូតដល់វេលាម៉ោងប្រមាណជាង១រសៀលក៏ត្រូវនារីជាគូដណ្តឹងប្រាប់គាត់ថា មានថៅកែជាជនជាតិចិនយករថយន្តមកដឹកនាងចូលប្រទេសចិនហើយបន្ទាប់មកទាក់ទងលែងបានទៀត ដោយសារហ្វេសប៊ុកត្រូវគេ BLOCK ចោល។
តាមប្រភពដដែលបានបន្តទៀតថា នៅព្រឹកថ្ងៃទី២៥ ខែសីហា គាត់បានទទួលឆាតពីស្ត្រីម្នាក់ដែលសង្ស័យជាមេខ្យល់ ដោយស្ត្រីនោះបានប្រាប់គាត់ថា បើចង់អោយនាងជាគូដណ្តឹងត្រឡប់មកវិញ ត្រូវផ្ញើលុយទៅអោយ ។ ក្រោយមក ហ្វេសប៊ុកក៏ត្រូវបាន BLOCKចោលទៀត ។
បន្ទាប់ពីដាក់ពាក្យបណ្តឹងរួចមក នគរបាលក៏បានហៅបងស្រីរបស់ស្ត្រីជាមេខ្យល់មកធ្វើការសាកសួរដែរ តែនាងប្រាប់ថា អត់ដឹងនោះទេ ។ ទោះបីជាយ៉ាងណា បុរសម្នាក់ខាងលើនោះថា នៅមុនពេលឡើងរថយន្តធ្វើដំណើរទៅប្រទេសវៀតណាម គឺស្ត្រីជាមេខ្យល់ឈ្មោះថោង ស្រីរត្ឋ័ បានមករៀបចំអីវ៉ាន់ចេញពីផ្ទះបងស្រីរបស់ខ្លួននៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦។
តាមប្រភពពីអ្នកធ្លាប់ស្គាល់ស្ត្រីឈ្មោះថោង ស្រីរត្ឋ័ បានរៀបរាប់ឱ្យដឹងថា កន្លងមកនាងគឺជាអ្នកធ្លាប់រកស៊ីនាំនារីក្រមុំៗយកទៅឱ្យតាៗដែលមានលុយ ជាហេតុធ្វើអោយគេមានការសង្ស័យថា នាងបាននាំនារីដែលជាគូដណ្តឹងបុរសខាងលើយកទៅលក់នៅប្រទេសចិន។
តាមប្រភពពីបុរសម្នាក់ខាងលើបានអោយដឹងទៀតថា នៅថ្ងៃច័ន្ទ ទី២៦ សីហា គាត់នឹងទៅដាក់ពាក្យបណ្តឹងនៅស្ថានទូតចិន ដើម្បីអោយជួយអន្តរាគមន៍នាំនារីជាគូដណ្តឹងបានត្រឡប់មកប្រទេសកម្ពុជាវិញ ។
ទោះបីជាយ៉ាងណា ទាក់ទិននឹងករណីខាងលើនេះដែរ គេពុំដឹងអោយច្បាស់ថា នាងត្រូវបានគេនាំយកទៅលក់ពិតប្រាកដ ឬយ៉ាងណានោះទេ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ