ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ប្រកប​របរ​នេះ​មាន​កម្រៃ និង​ធ្វើ​ឲ្យ​ជីវភាព​ល្អ​ប្រសើរ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា​នេះ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​មើល​វឌ្ឍនៈភាព​នៃ​ការ​បង្កបង្កើន​ផល​លើ​ដំណាំ​ដាំ​ដុះ​របស់​ប្រជា​កសិករ នៅ​ក្នុងស្រុក​ចំនួន​៣​នៃ​ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា​នេះ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​មើល​វឌ្ឍនៈភាព​នៃ​ការ​បង្កបង្កើន​ផល​លើ​ដំណាំ​ដាំ​ដុះ​របស់​ប្រជា​កសិករ នៅ​ក្នុងស្រុក​ចំនួន​៣​នៃ​ខេត្តព្រៃវែង គឺ​ស្រុក​ពារាំង ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​កញ្ជ្រៀច ។

ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ លោក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ពិនិត្យ​មើល​ការ​ដាំ​ដុះ​បន្លែ​ត្រសក់​ចំណារ កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុត ការ​ចិញ្ចឹម​ទា និង​ភ្ញាស់កូនទា នៅ​ក្នុងស្រុក​ពារាំង ពិនិត្យ​ដំណាំ​ស្រូវពូជ​ផ្ការំដួល ចំការ​អំពៅស្ករ និង​រោង​ម៉ាស៊ីនកិនស្រូវ នៅ​ស្រុក​ស្វាយ​យ​អ​ន្ទ​រ និង​បាន​បន្ដ​ចុះ​ពិនិត្យ​សហគមន៍​ផលិត​បន្លែ​សុវត្ថិភាព​នៅ​ស្រុក​កញ្ជ្រៀច​ផង​ដែរ ។

ក្នុង​ពេល​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ពង​នៅ​ស្រុក​ពារាំង បាន​ថ្លែង​អោយ​ដឹង​ថា កសិដ្ឋាន​របស់​គាត់​មាន​មេមាន់​ជាង​៦​ពាន់​មេ ហើយ​ក្នុង​១​ថ្ងៃ​អាច​ផ្តល់​ពង​បាន​ជាង​៥​ពាន់​ពង ចំណែក​តម្លៃនៅលើទីផ្សារ ពង​១​គ្រាប់​អាច​លក់​បាន​តម្លៃ​៣៥០​រៀល បើ​បូក​សរុប​ទៅ​ក្នុង​១​ថ្ងៃ គាត់​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​លក់​ពងមាន់​ប្រមាណ​ជា​២​លាន​រៀល​ដែរ ។

ចំណែក​កសិករ​ដាំ​អំពៅស្ករ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រវិ​ញ​បានអោយ​ដឹង​ថា ក្នុង​១​ឆ្នាំ​ពួក​គាត់​អាច​ដាំ​អំពៅ​បាន​២​ដង ប៉ុន្តែ​កសិករ​ខ្លះ ក្រោយ​ពី​ប្រមូល​ផល​អំពៅ​រួច​ពួក​គាត់​នាំ​គ្នា​ងាក​ទៅ​ដាំ​ស្រូវ ឬ​ដាំ​ដំណាំ​ផ្សេង​ៗ​ដូច​ជា ជី​នាងវង ភ្លៅកង្កែប ម្អម ត្រកួន​ជាដើម ដើម្បី​កែ​លម្អ​គុណភាព​ដី​ឡើង​វិញ ។ កសិករ​ទាំងនោះ​បាន​បញ្ជាក់​ថា មុខរបរ​ដាំ​អំពៅស្ករ​អាច​ផ្តល់​ប្រាក់​ចំណូល​បាន​ប្រមាណ​ជា​៣​ពាន់​ទៅ​៣៥០០​ដុល្លារ ក្នុង​១​ឆ្នាំ​លើ​ផ្ទៃដី​១​ហិ​កតា ហើយ​បើ​បូក​រួម​ទាំង​ប្រាក់​ចំណូល​ពី​ការ​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត ក្នុង​១​ឆ្នាំ​គាត់​អាច​រក​ចំណូល​បាន​ជាង​១​ម៉ឺន​ដុល្លារ ។

ដោយឡែក​កសិករ​នៅ​ក្នុង​សហគមន៍​ផលិត​បន្លែ​ធម្មជាតិ នៅ​ឃុំ​គោក​គង់​លិច ស្រុក​កញ្ជ្រៀច​បានអោយ​ដឹង​ថា តាម​រយៈ​ការ​ដាំ​បន្លែ​ដោយ​ប្រើ​បច្ចេកទេស​ទំនើប​ដូច​ជា ការ​ប្រើ​ប្រ​ព​ន្ធ័​ដំណក់ទឹក​ការ​ប្រើប្រាស់​ផ្លា​ស្ទិ​ច​គ្រប​រង ដើម្បី​រក្សា​សំណើម​ដី និង​កំចាត់​ស្មៅ​ការ​ប្រើ​សំណាញ់​សំរាប់​បន្លែ​វា​តោង ការ​ប្រើ​ពូជ​មាន​ប្រភព​ច្បាស់លាស់ ការ​ប្រើ​ជី និង​ថ្នាំ​គីមី​សម​ស្រប​តាម​បច្ចេកទេស​ជាដើម​បាន​ជួយ​អោយ​ដំណាំ​បន្លែ​របស់​ពួក​គាត់​ផ្តល់​ទិន្នផល​បាន​ខ្ពស់​រហូត​ដល់​គ្រួសារ​កសិករ​ខ្លះ​ឈប់​ធ្វើស្រែ ហើយ​ចាប់​យក​ការងារ​ដាំ​បន្លែ​ធ្វើ​ជា​មុខរបរ​ស្នូល​តែ​ម្តង ។ ប៉ុន្តែ​ទន្ទឹម និង​នេះ​កសិករ​ទាំងនោះ​ក៏​បាន​សំណូមពរ​សុំ​អោយ​រាជរដ្ឋាភិបាល​ជួយ​គិតគូរ​ពី​ការ​ផ្គត់ផ្គង់​អគ្គិសនី​បូមទឹក ដោយ​បញ្ចុះតម្លៃ​ភ្លើង និង​សម្ភារៈ​កសិកម្ម​មួយ​ចំនួន​ផង​ដែរ ។

នៅ​ក្នុង​ពេល​ចុះ​ពិនិត្យ​មើល​ការងារ​បង្កបង្កើន​ផលដំណាំ​កសិកម្ម​របស់​ប្រជា​កសិករ​នេះ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​អោយ​កសិករ​ធ្វើការ​ដាំ​ដំណាំ​បន្ត​បណ្តាក់​គ្នា ជៀសវាង​ការ​ផលិត​នូវ​ផលិតផល​តែ​មួយ​ធ្វើ​អោយ​បរិមាណ​កើន​លើស​តម្រូវការ​ទីផ្សារ​ជា​មូលហេតុ​ធ្វើ​អោយ​អ្នកបញ្ជា​ទិញ​ទម្លាក់​តម្លៃ​បាន ។

ជាមួយ​គ្នា​នោះ​ត្រូវ​ចេះ​បង្កើន​គុណភាព​ដី​តាម​រយៈ​ការ​សន្សំ និង​ប្រើប្រាស់​ជីសរីរាង្គ​អោយ​បាន​ច្រើន ដើម្បី​ធានា​ដល់​គុណភាព​បន្លែ និង​ជា​ពិសេស គឺ​ធានា​ដល់​សុខភាព ទាំង​អ្នក​ផលិត និង​អ្នក​បរិភោគ ហើយ​ក៏​រួមចំណែក​ជួយ​កាត់​បន្ថយ​លើ​ថ្លៃ​ដើមទុន​ផលិត​ផង​ដែរ ។ ដោយឡែក​មន្ទីរ​កសិកម្ម​ខេត្ត​ត្រូវ​ខិតខំ​ជួយ​រៀបចំ​ឃ្លាំង​លក់​ចែកចាយ​មួយ​សម្រាប់​សហគមន៍ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​ក្នុង​តំបន់​មក​រក​ទិញ​យក​ទៅ​បរិភោគ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ