ម្តងនេះ​មិន​ទុក​ទេ​! រុះរើ​ដុត​កម្ទេច​ជម្រក​អនាធិបតេយ្យ និង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ


ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជម្រក​អនាធិបតេយ្យ​របស់​ជន​អាណា​ថា ជាប់​របង និង​ក្នុង​បរិវេណ​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ក្រុង​ប៉ោយ​ប៉ែ​ត រួម​ទាំង​កម្លាំង​ប្រជា​ការពារ​ភូមិ ចុះ​ធ្វើការ​រុះរើ​ដុត​បំផ្លាញ​ចោល ហើយ​រទេះ​ដែល​ចត​ចោល​តាម​ចិញ្ចើម​ផ្លូវជាតិ ចំនួន​៦​គ្រឿង ត្រូវ​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​រក​ម្ចាស់ ។ ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា​នេះ ។

ជម្រក​បោះ​តង់​តូច​ៗ​ដែល​កន្លែង​ខ្លះ​សង្ស័យ​ជាទី​តាំង​លួច​សេព​ថ្នាំ​ញៀន​ក៏​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​រុះរើ​រួច​ដុត​កម្ទេច​ចោល ។ បើ​ទោះជា​ទីតាំង​ខ្លះ​រក​ឃើញ​មាន​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ណា​ឡើយ ដោយ​គ្រាន់​អប់រំ​ណែនាំ​ឲ្យ​ពួក​គេ​ទៅ​រក​កន្លែង​រស់នៅ​ឲ្យ​បាន​សមរម្យ ។

ចំណែក​រទេះ​ចំនួន​៦​គ្រឿង ដែល​ម្ចាស់​ចត​ចោល​តាម​ចិញ្ចើម​ផ្លូវជាតិ​ម្តុំ​មុខ​បរិវេណ​ស្ថានីយ​រថ​ភ្លើ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចង​សណ្តោង​បន្តកន្ទុយ​គ្នា​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រក​ម្ចាស់​អប់រំ ដោយ​អាជ្ញាធរ និង​សមត្ថកិច្ច​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​និង​កែ​លម្អ​សោភ័ណ​ភាព​ក្រុង​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ។

អ្នកស្រុក​សម្តែង​ការ​ត្រេកអរ​ចំពោះ​វិធានការ​នេះ ប៉ុន្តែ​សំណូមពរ​ផង​ដែរ សូម​ឲ្យ​កើត​មាន​ជា​បន្តបន្ទាប់ និង​កុំ​ឲ្យ​ក្លាយជា​វិធានការ​វែក​ចក ព្រោះ​នា​ពេល​កន្លង​មក និង​បច្ចុប្បន្ន​ពួក​គាត់​ថា ដងផ្លូវ​ជាតិ​លេខ​៥ ក្ន​ង​ក្រុង​មួយ​នេះ ស្ទើរ​ក្លាយជា​ចំណត​យានយន្ត និង​រទេះ​ឈប់​ចត​លើកដាក់​ទំនិញ​ទៅ​ហើយ ។

ម្យ៉ាង​ជុំវិញ​បរិវេណ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ពេល​ខ្លះ រថយន្ត​ដឹក​ទំនិញ​ថៃ​ចូល​មក​កម្ពុជា​ក៏​ដូច​ជា ការ​ធ្វើ​ចរាចរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​ស្ទើរ​មិន​ចង់ទៅ​មុខ ដោយសារ​គេ​ចត​យានយន្ត​ត្រៀបត្រា​ប្រៀប​ដូច​ទីនោះ​គ្មាន​សមត្ថកិច្ច​ធ្វើការ​ចឹ​ង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់



Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ