មានបុណ្យបានកើតមកជាមនុស្សទាន់ព្រះពុទ្ធសាសនាគឺជារឿងសំណាងណាស់ គួរខិតខំធ្វើអំពើល្អមានការបរិច្ចាគទាន រក្សាសីល ព្យាយាមចម្រើនផ្លូវចិត្តឱ្យស្ងប់រម្ងាប់ចាកគ្រឿងសៅហ្មងផងទាំងឡាយ មិនត្រូវគិតតែពីសប្បាយក្អាក់ក្អាយ ភ្លើតភ្លើនភ្លេចទុក្ខលំបាក ហើយបណ្តោយខ្លួនឱ្យនៅតែល្ងង់អាប់ឥតប្រាជ្ញានោះឡើយ វានាំឱ្យជីវិតប្រឈមនឹងទុក្ខលំបាកក្នុងពេលបច្ចុប្បន្ន លុះស្លាប់ទៅធ្លាក់ទៅកាន់អបាយភូមិទៀត ។
ប៉ុន្តែកាលបើបុគ្គលធ្វើអ្វីៗទៅតាមតែចិត្តចង់ តាមតែចំណង់តណ្ហារបស់ខ្លួនឯងដែលមិនបានសិក្សាអប់រំផ្លូវចិត្តនោះ គឺជាមូលហេតុដ៏ចម្បងនៃការគ្រោះថ្នាក់ដោយសារតែការចាញ់បោកខ្លួនឯងបម្រើតណ្ហាងើបមុខលែងរួច ។
ដូចនេះដើម្បីយកឈ្នះខ្លួនឯងឱ្យបានពិតប្រាកដ បុគ្គលគប្បីព្យាយាមអប់រំចិត្ត ចម្រើនមេត្តាភាវនាឲ្យដំណើរជីវិតឋិតនៅក្នុងផ្លូវព្រះធម៌ដែលមានទ្រឹស្តីអប់រំច្បាស់លាស់ និងមានទិសដៅជាក់លាក់សម្រាប់កសាងជីវិតដើរតាមគន្លងដ៏ត្រឹមត្រូវ ។
នេះឯងជាមូលហេតុដ៏សំខាន់នៃការឈ្នះខ្លួនឯង ដែលជាជម្នះដ៏ធំធេងនាំដំណើរជីវិតទៅរកសេចក្តីសុខយូរអង្វែង ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ